រដ្ឋបាលខេត្តបាត់ដំបងបើកយុទ្ធនាការផ្សព្វផ្សាយ សារសុវត្ថិភាពចរាចរណ៍

AKP បាត់ដំបង ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ -នៅថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ រដ្ឋបាលខេត្តបាត់ដំបង និង អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ដឹកនាំដោយ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង និង ជាអនុប្រធានគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយសាខាកាក បាទក្រហមកម្ពុជាខេត្ត ដឹកនាំដោយឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបាត់ដំបង និងមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរនានាជុំវិញខេត្ត មន្រ្តីរាជការ នគរបាលចរាចរណ៍ខេត្ត កងកម្លាំងប្រដាប់អាវុធ អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជាខេត្ត បានបើកយុទ្ធនាការផ្សព្វផ្សាយ សារសុវត្ថិភាពចរាចរណ៍ តាមផ្លូវជាតិលេខ៥ ខាងមុខរង្វង់មូលលោកតាដំបងគ្រញូង ។

លោក អភិបាលរងខេត្ត បានឱ្យដឹងថា ក្នុងយុទ្ធនាការនេះ មានការចែកជូននូវឯកសារពាក់ព័ន្ធ ខិតប័ណ្ណនានា និងច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក បិទចំណាំងប្លាត និង មានការរៀបចំជាកម្មវិធីសំណួរ-ចម្លើយ ស្តីពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក អ្នកដែលឆ្លើយត្រូវទទួលបានមួកសុវត្ថិភាពពីក្រុមការងារអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក។សារសុវត្ថិភាពចរាចរណ៍ក្នុងយុទ្ធនាការនេះ ស្របតាមខ្លឹមសារគោលរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មាន ១១ចំណុច ដែលមានខ្លឹមសារជាមូលដ្ឋាន ដូចជា ទី១- ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច ពិសេសត្រួតពិនិត្យកង់ ចង្កូត ហ្វ្រាំង ភ្លើងបំភ្លឺ។ ទី២-សូមកុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករមិនត្រូវផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល។ ទី៣-ត្រូវពាក់មួកសុវត្ថិភាពជានិច្ចក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្ត។ ទី៤-ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ចក្នុងពេលធ្វើដំណើរតាមរថយន្ត។ ទី៥-ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច ទី៦ មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត។ ទី៧-មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្រឿងញៀនជាដាច់ខាត។ ទី៨-មិនត្រូវបត់ ឬវ៉ាជែងក្នុងភាពប្រថុយប្រថាន ឬធ្វេសប្រហែស។ ទី៩-មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត និងត្រូវមានអ្នកបើកបរបម្រុងសម្រាប់ប្តូរវេន។ ទី១០-ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌យោគយល់អធ្យាស្រ័យ ។​ ទី១១-ការពារជីវិតអ្នក កុំបើកបរហួសល្បឿនកំណត់។

សូមជម្រាបជូនថា ច្បាប់ចរាចរណ៍ផ្លូវគោកបានកំណត់យ៉ាងច្បាស់អំពីល្បឿនបើកបរក្នុងទីប្រជុំជនសម្រាប់ម៉ូតូ ៣០គីឡូម៉ែត្រ ក្នុងមួយម៉ោង និង រថយន្ត ៤០គីឡូម៉ែតត្រ ក្នុងមួយម៉ោង ដោយឡែកនៅក្រៅទីប្រជុំជនសម្រាប់ម៉ូតូ និងរថយន្ត ៨០គីឡូម៉ែត្រ ក្នុងមួយម៉ោងផងដែរ៕

ដោយ ណយ នឿន (ប្រភព: រដ្ឋបាលខេត្តបាត់ដំបង)