អភិបាលខេត្តបន្ទាយមានជ័យរម្លឹកអាជ្ញាធរ សមត្ថកិច្ចត្រូវខិតខំ​ប្រឹងប្រែងពង្រឹងសន្តិ​សុខ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ

AKP បន្ទាយមានជ័យ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ -អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី បានជំរុញដល់អាជ្ញាធរដែនដី កង កម្លាំង​ប្រដាប់អាវុធ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តរួមគ្នាខិតខំថែរក្សាសន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត និងត្រូវបម្រើសេវារដ្ឋបាល សាធា​រណៈជូនដល់ប្រជាពលរដ្ឋឱ្យបាន​​លឿន ។

នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តកាលពីថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩​​​ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានជំរុញដល់គ្រប់បណ្តាកងឯកភាព មេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់ថ្នា​ក់ ត្រូវបន្ត យកចិត្តទុកដាក់ខ្ពស់ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាព នយោបាយទាំងក្នុងភូមិសាស្ត្រខេត្ត និងតាមបណ្តោយបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឱ្យកាន់តែល្អ រឹងមាំថែមទៀត ដើម្បីបន្តកិច្ចការអភិវឌ្ឍខេត្ត សំដៅធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលកាន់ តែ​សម្បូរសប្បាយ​ថែមទៀត ។

ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ថា ការងារសន្តិសុខ​ សណ្តាប់ធ្នាប់សង្គមទូ ទាំងខេត្តនៅប៉ុន្មានខែដើមឆ្នាំ២០១៩នេះ ​កងកម្លាំងគ្រប់ប្រភេទទាំងនៅក្នុងភូមិសាស្ត្រខេត្ត ក៏ដូចតាមតំបន់ព្រំដែន រក្សាបាននូវបូរណភាពទឹកដី សុវត្ថិភាពសាធារណៈជូនប្រជាពលរដ្ឋ បានល្អប្រសើរ។ ប្រជាពលរដ្ឋរស់នៅប្រកបដោយភាពកក់ក្តៅ គ្មានការភ័យខ្លាច និងខិតខំប្រ កបមុខរបរចិញ្ចឹមជីវិតដោយភាពសុខសាន្ត​។

ឯកឧត្តម អ៊ុំ រាត្រី បានបន្តទៀតថា ការពង្រឹងគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ការបង្ក្រាបនិងទប់​ស្កាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស ចោរប្លន់ ប្រដាប់អាវុធការផ្សព្វផ្សាយពីច្បាប់ចរាចរណ៍។ល។ជារួមយើងសម្រេចបានលទ្ធផលល្អច្រើនតែការងារនេះនៅតែ​ជាការងារសំខាន់ និងចាំបាច់សម្រាប់យើង និងសម្រាប់អនុវត្តន៍បន្ត​ខាង មុខ។ ដោយឡែកកងកម្លាំងឈរជើងតាមព្រំដែនបានបង្កើន និងបន្តកិច្ចសហប្រតិបត្តិការល្អ ជាមួយភាគីថៃក្នុងការរក្សាអធិបតេយ្យ​ភាព និងសន្តិសុខសណ្តាប់ធ្នាប់តាមខ្សែបន្ទាត់ព្រំដែន និងប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់សេដ្ឋកិច្ចនិងពាណិជ្ជកម្មដ៏មានសក្តានុពលក្នុងការផ្លាស់ប្តូរកសិផល ឱ្យមានភាពងាយស្រួលដល់ប្រជាពលរដ្ឋ​រស់នៅក្នុងតំបន់នោះ។

ជាមួយគ្នានេះដែរឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យបានថ្លែងការសរសើរដល់​​មន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក និងកងកម្លាំងប្រដាប់អាវុធដែលបានខិតខំបំពេញតួនាទី ភារកិច្ច ក្នុងកិច្ចការបម្រើសេវាសាធារណៈ និងដោះស្រាយបញ្ហាប្រឈមនានា នៅមូលដ្ឋាន ជូនប្រជាពលរដ្ឋ។ ឯកឧត្តម អ៊ុំ រាត្រី បន្តទៀតថា ការងារដែលត្រូវខិតខំប្រឹងប្រែងឱ្យសកម្ម​ ថែមទៀតនោះ​ បញ្ហាសំណូមពរនានាដែលប្រជាពលរដ្ឋជួបប្រឈម ដូចជា បញ្ហាគ្រោះរាំង ស្ងួតប្រឈមខ្វះខាតទឹកស្រោចស្រពស្រូវបញ្ហាទំនាស់ដីធ្លីគ្រឿងញៀនគ្រោះថ្នាក់ចរាចរណ៍ចោរ​កម្ម ល្បែងស៊ីសង ជាដើម ។ លើការងារផ្តល់សេវាជូនពលរដ្ឋសូមឱ្យអាជ្ញាធរ ក្រុង ស្រុក ត្រូវតែខិតខំប្រើសេវាឱ្យកាន់តែលឿនរហ័សនិងមានការជឿទុកចិត្តលុបបំបាត់នូវអំពើអសកម្មនានា ធ្វើឱ្យមានការថ្នាំងថ្នាក់ចិត្ត ឬទារប្រាក់ពីប្រជាពលរដ្ឋជាដើមនោះ ៕

ដោយឈុន សារ៉ាត