ឯកអគ្គរាជទូតជប៉ុនវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជានិងជប៉ុន លើវិស័យបរិស្ថាន

AKP ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ -នៅក្នុងជំនួបជាមួយឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម Hidehisa Hironouchi ឯកអគ្គរាជទូតជប៉ុនចប់អាណត្តិប្រចាំព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រត្តិការល្អ រវាងប្រទេសកម្ពុជា និងជប៉ុន ជាពិសេសក្នុង  វិស័យគ្រប់គ្រងបរិស្ថាន។

ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងបន្ថែមថា នៅក្នុងជំនួបនោះ ឯកឧត្តមឯកអគ្គរាជទូត បានសម្ដែងការរីករាយដោយឃើញកម្ពុជារីកចម្រើនលើគ្រប់វិស័យ ទាំងស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច ព្រមទាំងបានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានដែលផ្តល់ កិច្ចសហការល្អជាមួយ ទាំងស្ថាប័នរដ្ឋ និងវិស័យឯកជនជប៉ុន លើវិស័យបរិស្ថាន។

ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ បានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន លើវិស័យបរិស្ថាននាពេលកន្លងមក ជាពិសេសតាមរយៈឯកឧត្តម ឯកអគ្គរាជទូត ដែលខិតខំប្រឹងប្រែងពង្រឹងនិងពង្រីក ទាំងវិស័យសេដ្ឋកិច្ច និងនយោបាយ រវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ប្រទេសជប៉ុនបានចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាន ជាពិសេសក្រុមហ៊ុន Minebea ដែលមានមូលដ្ឋាននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រាជធានីភ្នំពេញ ផលិតចេញជាផលិតផលជួយដល់បរិស្ថាន ផលិតផលបញ្ចេញកាបូនតិច ដូចជា អំពូលភ្លើង LED កំពុងប្រើប្រាស់នៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាបផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់ក្រុមហ៊ុនជប៉ុន ដែលគិតគូរពីបរិស្ថាន ចូលរួមវិនិយោគនៅខេត្តព្រះសីហនុ ដែលជាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញពីការពង្រឹងសហប្រតិបត្តិការផ្សេងទៀតរវាងកម្ពុជា ជាមួយប្រទេសជប៉ុន ដូចជា ការរៀបចំក្រុងនិងផ្នែកផ្សេងទៀត រួមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការល្អលើវិស័យបរិស្ថាន នៅក្នុងតំបន់ផងដែរ។ ព្រោះឆ្នាំនេះកម្ពុជាជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ាន ដែលគ្រោងរៀបចំនាខែតុលា ឆ្នាំ២០១៩ខាងមុខ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា៕

ដោយ ពេជ្រ ណារិទ្ធ