រាជរដ្ឋាភិបាល​ជប៉ុន​ នឹងបន្ត​ពង្រឹង ពង្រីកទំនាក់ទំនងការទូត និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់វិស័យអាទិភាពជាមួយ​កម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ — ឯកឧត្តម Hidehisa HORINOUCHI ឯកអគ្គរាជទូត​វិសា​មញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា រាជរដ្ឋាភិបាល​ជប៉ុន ​នឹងបន្ត​ពង្រឹង ពង្រីកទំនាក់ ទំនងការទូត និង​កិច្ចសហប្រតិបត្តិការ​​លើ​គ្រប់វិស័យអាទិភាព ជាមួយ​កម្ពុជា រួមទាំងបន្ត គាំទ្រ​​ផ្នែកហិរញ្ញវត្ថុ និង​ផ្នែកបច្ចេកទេស ដើម្បីចូលរួមចំណែកដល់​ការអភិវឌ្ឍ ការវិនិ​យោគ​សាធារណៈ និងឯកជននៅកម្ពុជា។

ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលារបស់ឯកឧត្តម Hidehisa HORINOUCHI ឯក​អគ្គ​រាជ​ទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯក​ឧត្ត​ម​អគ្គ​ប​ណ្ឌិត​សភា​ចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ឯកអគ្គរាជទូតបាន​​សម្តែង​នូវ​សេច​ក្តី​សោម​នស្សរីករាយ ដែលបានមកបំពេញបេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា និង​កោតសរសើរ​ដល់​កិច្ច​ខិត​ខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងរីក​ចម្រើន​ស្ទើរ​គ្រ​ប់​​​វិស័យ។

ក្នុងអាណត្តិបីឆ្នាំនៃការបំពេញ​បេសកកម្ម​ការទូតនៅកម្ពុជា​នេះ ​កម្ពុជា-ជប៉ុន បានចុះ​ហត្ថលេខាលើកិច្ច​ព្រម​ព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ (Japan ODA)​​ មាន​ទឹក​ប្រាក់​សរុប​ប្រមាណជាង៥៥០លាន​​ដុល្លារអាម៉េរិក ក្នុងនោះ ហិរញ្ញប្បទាន​ឥតសំណង​មាន​ទឹកប្រាក់​ប្រមាណជិត  ១៥០លាន​ដុល្លា​រ​អាម៉េ​រិក ស​ម្រា​​ប់គាំទ្រ​លើ​វិស័យជាច្រើនរួមមាន៖ ផ្លូវ, ស្ពាន ,ការផ្គត់ផ្គង់​ទឹកស្អាត, ថាមពលអគ្គិសនី, អប់រំ, សុខា​ភិ​បាល និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា​ ​ និងទឹកប្រាក់ប្រមាណជាង ៤០០លានដុល្លារ​អាម៉េ រិក ជា​ឥណទានសម្បទានសម្រាប់​ហិរញ្ញប្បទាន​​បន្ថែម ដល់គម្រោងធ្វើឱ្យប្រសើរ​ឡើងនូវកំណាត់​ផ្លូវជាតិ​លេខ៥ (ស្ពានព្រែក​ក្តាម-ក្រុងបោយប៉ែត)  គម្រោង​អភិវឌ្ឍន៍​​​​ចំណតកុងតឺន័រកំពង់ផែស្វយ័តក្រុងព្រះសីហនុ, គម្រោងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រ និងគម្រោងពង្រីក​ប្រព័ន្ធ​ខ្សែ​បញ្ជូន និងចែកចាយអគ្គិសនី។ល។ វិភាគទានរបស់ប្រជាជនជប៉ុន សុទ្ធសឹងតែគាំទ្រដល់យុទ្ធសាស្ត្រនៃការអភិវឌ្ឍជាតិរបស់កម្ពុជា។ 

ជាមួយគ្នានេះ សម្រាប់ឆ្នាំ២០១៨ ទំហំ​នៃការវិនិយោគ​ឯកជន​ពីប្រទេសជប៉ុន មាន​ទឹកប្រាក់ប្រមាណ ៤៤០ លាន​ដុល្លារ​អាម៉េរិក។ រីឯការ​នាំចេញទៅប្រទេសជប៉ុន មានទំហំ​ទឹកប្រាក់​ប្រមាណ​ ១ ៦០០​លាន​ដុល្លារ​អាម៉េរិក។

គិតត្រឹម​ឆមាសទី១ ឆ្នាំ២០១៩ ទំហំនៃការវិនិយោគ និង​ពាណិជ្ជកម្ម​​ជប៉ុន មានទឹកប្រាក់​កើន​ឡើង​ប្រមាណជិត ៥០០លានដុល្លារអាម៉េរិក រីឯការនាំចេញទៅ​ប្រទេស​ជប៉ុន មាន​ទំហំទឹកប្រាក់ ប្រមាណ​ជាង ១.៧០០​លានដុល្លារអាម៉េរិក៕

ដោយ គង់ សិរីរ័ត្ន