ទីតាំងលក់ និងបញ្ចូលហ្គាសកំប៉ុងចំនួន០៣កន្លែងនៅខេត្តសៀមរាប ត្រូវបានអាជ្ញាធរផ្អាកសកម្មភាពជាបណ្តោះអាសន្ន 

AKP សៀមរាប ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ — កាលពីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ គណៈកម្មការចម្រុះខេត្តសៀមរាបបាន ចុះទៅធ្វើការពិនិត្យទីតាំងធ្វើអាជីវកម្មបញ្ចូលហ្គាសនៅក្នុងក្រុងសៀមរាប។

លោក មាស ជូរ៉ានី ប្រធានមន្ទីររ៉ែ និងថាមពលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញបានពិនិត្យ និងធ្វើការណែនាំដល់ម្ចាស់ទីតាំងប្រកបអាជីវកម្ម និងបញ្ចូលហ្គាសកំប៉ុងចំនួន០៣កន្លែង ស្ថិតនៅភូមិមណ្ឌល១  ភូមិស្ទឹងថ្មី និងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដោយផ្អាកនូវរាល់ សកម្មភាពបញ្ចូល ផ្ទេរ និងស្តុកទុកហ្គាសជាបណ្តោះអាសន្ន ដោយសារទីតាំងបញ្ចូលហ្គាស ទាំងនេះគ្មានច្បាប់ អនុញ្ញាតត្រឹមត្រូវពីអាជ្ញាធរ និងគ្មានបច្ចេកទេសក្នុងការគ្រប់គ្រងរក្សាទុកហ្គាស។

ជាមួយគ្នានោះដែរ ក្រុមការងារក៏បានតម្រូវឱ្យម្ចាស់ទីតាំងអាជីវកម្ម ត្រូវធ្វើការដាក់ ពាក្យស្នើសុំលិខិតអនុញ្ញាត និងត្រូវគោរពទៅតាមលក្ខខណ្ឌ និងបទដ្ឋានបច្ចេកទេស អនុលោមតាមច្បាប់ជាធរមានទៀតផង ។

លោកបានបញ្ជាក់ថា នាពេលកន្លងមកមន្រ្តីជំនាញ តែងតែចុះធ្វើការអប់រំ ណែនាំ ចំពោះបងប្អូនដែលប្រកបអាជីវកម្មបញ្ចូលហ្គាស និងស្តុកឱ្យបានត្រឹមត្រូវទៅតាមបច្ចេកទេស ក្នុងការបង្ការ និងចៀសវាងកុំឱ្យមានហានីភ័យអ្វីមួយកើតឡើង។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏នៅតែមានគ្រោះអគ្គិភ័យដោយសារផ្ទុះហ្គាសបានកើតឡើងនៅក្នុងក្រុងសៀមរាប គឺបណ្តា មកពីការធ្វេសប្រហែស​របស់ម្ចាស់អាជីវកម្ម ព្រមទាំងមិនគោរពទៅតាមការ ណែនាំរបស់មន្ត្រីជំនាញ ដោយមានទីតាំងមួយចំនួនបានធ្វើការលួចលាក់ ដោយពុំបានសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្មពីអាជ្ញាធរផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ហាងបញ្ចូលហ្គាសមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវលោកតាណឺយ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ត្រូវបានអគ្គិភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅ  ដោយសារផ្ទុះស៊ីទែនហ្គាស ពេលបូមហ្គាសចេញពីឡានទៅស៊ីទែន ដែលបណ្តាលឱ្យខូចខាតហាង បញ្ចូលហ្គាសទាំងស្រុង ម៉ូតូចំនួន០២គ្រឿង រថយន្តដឹកហ្គាសចំនួន០១គ្រឿង និងមាន មនុស្សរងរបួសធ្ងន់ និងស្រាលប្រមាណជាង១០នាក់៕

ដោយ ឃុត សៅ