រដ្ឋបាលខេត្តព្រះសីហនុ ទទួលអំណោយជារថយន្តបែនដឹកដីចំនួន ០២គ្រឿង

AKP ព្រះសីហនុ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ -ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលអំណោយជារថយន្ត បែនដឹកដីចំណុះ ២.៥០តោន ចំនួន ០២គ្រឿង ជាការជួយឧបត្ថម្ភរបស់លោកឧកញ៉ា ចាប ហុងលី ០១គ្រឿង និងក្រុមហ៊ុន East land And Home ០១ គ្រឿង នារសៀលថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣  ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅសាលាខេត្តព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន បានថ្លែងអំណរគុណលោកឧកញ៉ា ចាប ហុងលី ដែលបានជួយឧបត្ថម្ភរថយន្តបែនដឹកដីចំនួន ០១គ្រឿង និងក្រុមហ៊ុន East land And Home ជួយឧបត្ថម្ភរថយន្តបែនដឹកដី ០១គ្រឿង ដើម្បីឱ្យរដ្ឋបាលខេត្តព្រះសីហនុ យកមកប្រើប្រាស់ដឹកដីធ្វើផ្លូវ និងសម្អាតនៅក្នុងទីក្រុងព្រះសីហនុ ស្របពេលដែលខេត្តព្រះសីហនុ កំពុងមានការអភិវឌ្ឍ ហើយ ការដឹកជញ្ជូនកំពុងមានតម្រូវការកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ រថយន្តទាំងពីរគ្រឿងនេះ នឹងយកមកបម្រើការងាក្នុងការដឹកជញ្ជូនក្នុងក្រុងព្រះសីហនុ ដែលជាការចូលរួមពីវិស័យឯកជន ក្នុងការងារសង្គម ជាមួយរដ្ឋបាលខេត្តព្រះសីហនុ  ។

នៅក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំឱ្យប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ យករថយន្តទាំងពីរគ្រឿងនេះ ទៅចុះបញ្ជីទុកជាទ្រព្យសម្បត្តិរដ្ឋ ។

សូមរម្លឹកថា កាលពីសប្តាហ៍មុនក៏មានសប្បុរសជន បាននាំយករថយន្តបែនដឹកដីចំណុះ ២.៥០តោន ចំនួន ០២គ្រឿង មកឧបត្ថម្ភដល់សាលាខេត្តព្រះសីហនុផងដែរ ៕

ដោយ ងូ សុមុនី