សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ចែកអំណោយជូនប្រជាពលរដ្ឋនៅស្រុកកោះញែក

AKP មណ្ឌលគិរី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ -ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់​ប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិកន្លងមក នៅរសៀលថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩  ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅភូមិណងបួរ ឃុំណងឃិលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ចំនួន ១៩៦គ្រួសារ ។

ឯកឧត្តម ស្វាយ សំអ៊ាង មានប្រសាសន៍ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរសុខទុក្ខដល់ប្រជាពលរដ្ឋដែលជាជនងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។ ឯកឧត្តម បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ដោយរក្សាអនាម័យ ពិសាទឹកឆ្អិន និងដេកក្នុងមុងជានិច្ច ចៀសវាងកើតជំងឺគ្រុនឈាម-គ្រុនចាញ់ ជំងឺរាករួស និងជំងឺផ្សេងៗទៀត។

ឯកឧត្តមអភិបាលខេត្តបានណែនាំដល់ប្រជាពលរដ្ឋ ត្រូវខិតខំបង្កបង្កើនផលដំណាំរួមផ្សំផ្សេងៗ និងចិញ្ចឹមសត្វបន្ថែមទៀត ហើយក៏សូមឱ្យមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវសហការគ្នា យកចិត្តទុកដាក់ជួសជុលលើបញ្ហាហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីធ្វើយ៉ាងណាជួយសម្រួលការធ្វើដំណើរទៅមកមានលក្ខណៈងាយស្រួល។ ចំពោះអំណោយមនុស្សធម៌ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនាពេលនេះ ក្នុងការជួយសម្រាលនូវការខ្វះខាតមួយរយៈពេលខ្លី ដើម្បីឱ្យពួកគាត់មានលទ្ធភាពប្រកបមុខរបរផ្សេងៗ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង បាននាំយកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១៩៦គ្រួសារ រស់នៅក្រុមស្រែជ្រៃ ភូមិណងបួរ ឃុំណងឃិលឹក ស្រុកកោះញែក ដោយក្នុងមួយគ្រួសារៗ ទទួលបានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផងដែរ ៕

ដោយ ណយ នឿន (ប្រភព មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី)