វគ្គបណ្ដុះបណ្ដាលស្តីពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅទីប្រជុំជន ឆ្នាំ២០១៩

AKP កំពង់ឆ្នាំង ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ -កាលពីថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០  ខែ សីហា ឆ្នាំ២០១៩ នៅមន្ទីរផែនការខេត្តកំពង់ឆ្នាំង មានបើកវគ្គបណ្ដុះបណ្ដាលថ្នាក់ខេត្ត ស្ដីពី នីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅទីប្រជុំជន ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពរបស់ ឯកឧត្តម សុខ សុយ៉ុន អនុរដ្ឋលេខាធិការក្រសួងផែនការ ដោយមានការអញ្ជើញចូលរួមពីប្រធានអនុប្រធាននាយកដ្ឋាន នាយករងរដ្ឋបាលខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ មន្ដ្រីរាជការមន្ទីរផែនការខេត្ត មន្ដ្រីទទួលបន្ទុកការងារមូលនិធិសមធម៌ នៃមន្ទីរសុខាភិបាលខេត្ត និងអង្គការសង្គមស៊ីវិលជាច្រើនរូបទៀត។

លោក ឌឹម ឌន ប្រធានមន្ទីរផែនការខេត្ត បានធ្វើរបាយការណ៍ស្ដីពី គោលបំណងនៃ ការផ្សព្វផ្សាយអនុវត្តន៍អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម កិច្ច លើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋឱ្យមានភាពប្រសើរឡើង សំដៅឆ្ពោះទៅរកការ កាត់បន្ថយភាពក្រីក្រតាមរយៈការផ្តល់សេវាសាធារណៈ ការយកចិត្តទុកដាក់ជាអាទិភាព បង្កើនសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រ ជនងាយរងគ្រោះ ដើម្បីឱ្យអ្នកក្រីក្រទាំងនោះងើបផុតពីភាពក្រីក្រ ហើយគាំពារប្រជាពលរដ្ឋក្រីក្ររួចផុតពីវិបត្តិចៃដន្យដែលអាច​ធ្វើឱ្យភាពក្រីក្ររបស់ពួកគាត់កាន់តែធ្ងន់ធ្ងរ នៅឆ្នាំ២០១៩នេះ ។

ឯកឧត្តម សុខ សុយ៉ុន មានប្រសាសន៍ថា ​ការរៀបចំ​វគ្គបណ្ដុះបណ្ដាលនេះ​ធ្វើឡើងគឺ ទី​១-ផ្តល់ឱកាស​ឱ្យភាគីពាក់ព័ន្ធ អ្នកផ្តល់​សេវា ជូនស្រុក និងឃុំ-សង្កាត់​នានា បាន​ទទួល​ព័ត៌មានស្តីពី​ប្រភព​ទិន្នន័យ និង​ការ​ចែកចាយ​ទិន្នន័យ​គ្រួសារ​ក្រីក្រ ព្រមទាំង​អត្រា​ភាពក្រីក្រ​នៅតាម​តំបន់។ ទី​២-ជំរុញឱ្យមានការផ្សព្វផ្សាយបន្ត ដើម្បីឱ្យភាគីពាក់ព័ន្ធ អង្គការ​នានា និង  ​បណ្តា​ឃុំ-សង្កាត់ប្រើប្រាស់​សេវាក្រសួងផែនការផ្សព្វផ្សាយស្តីពីការចាប់ផ្តើម ដំណើរការអនុវត្តន៍អត្តសញ្ញាណកម្មគ្រួសារក្រីក្រ សេវា​ទិន្នន័យ​គ្រួសារ​ក្រីក្រ និង​តារាង​ប្រៀបធៀប​ផែន​អត្រា​ក្រីក្រ ដើម្បី​រៀបចំ​ផែនការអភិវឌ្ឍន៍​មូលដ្ឋាន ផ្តល់​សេវា​ដល់​គ្រួសារ​ក្រីក្រ​ឱ្យចំគោលដៅ។ ទី​៣-​ការ​លើកទឹកចិត្តដល់​អ្នក​ពាក់ព័ន្ធ អង្គការ​នានា អ្នក​ផ្តល់​សេវា ជូនស្រុក និងឃុំ-សង្កាត់ ប្រើប្រាស់​បញ្ជី​​គ្រួសារ​ក្រីក្រ ​ដើម្បី​ផ្តល់​សេវា និង​អនុវត្តន៍​សហគមន៍​ក្រីក្រ គ្រួសារ​ក្រីក្រ​ឱ្យមានប្រសិទ្ធភាព និង​ចំ​គោលដៅ។

ឯកឧត្តមបានបន្តទៀតថា ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព និង​ពន្លឿន​ការកាត់បន្ថយ​ភាព​ក្រីក្រ​ឱ្យបានកាន់តែឆាប់រហ័សនោះ ក្រសួងផែនការ​បាន​រៀបចំបង្កើន​សំណុំ​អន្តរាគមន៍​សេវា​ចំនួន​២​ទៀត គឺ សំណុំ​អន្តរាគមន៍​សេវា​ដើម្បី​បង្កើន​ចំណូល និង​សំណុំ​អន្តរាគមន៍​សេវា​ដើម្បី​កាត់បន្ថយ​ចំណាយ។ ដោយ​ផ្តោត​ឱ្យចំគ្រួសារក្រីក្រ និង​ជន​ងាយ​រងគ្រោះ​បំផុត ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ និង​អភិវឌ្ឍន៍​ធនធានមនុស្ស រួម​នឹង​ការការពារ​ជនក្រីក្រ​ពី​វិបត្តិ​ដែល​អាច​បណ្តាលឱ្យធ្លាក់ទៅក្នុងភាពក្រីក្រ។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានមានប្រសាសន៍បន្តទៀតថា ដើម្បីឱ្យដំណើរការ​ខាង​លើ​នេះ​មានប្រសិទ្ធភាព ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ត្រូវចុះដល់មូលដ្ឋាន និងអញ្ជើញឱ្យមាន​ការ​ចូល​រួម​របស់​អ្នកភូមិ ​និងធ្វើ​ការ​ពិគ្រោះ​យោបល់​ជាមួយ​ពួក​គាត់​ ​ដើម្បីឱ្យពួកគាត់​បាន​ជ្រើសរើស​ក្រុម​តំណាង​ភូមិ​ ហើយ​អ្នកភូមិ​មួយ​ចំនួន​បាន​ក្លាយ​ជា​សមាជិកក្រុម​តំណាងភូមិ។​ អ្នកភូមិ​ក៏​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ក្នុង​ភូមិ​ផងដែរ ​ដើម្បី​ពិនិត្យ​មើល​ឡើងវិញ​ និង​ផ្តល់​យោបល់​លើ​បញ្ជីព្រាង​គ្រួសារ​ក្រីក្រ​លើក​ដំបូង​ហើយ​ពួក​គេ​ក៏​ អាច​ដាក់​ជូន​នូវ​មតិ​ជំទាស់ ​និង​សំណូមពរ​នានា​របស់​ខ្លួន​ទៅ​កាន់​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ដោយ​ផ្ទាល់​បាន​ផង​ដែរ។​

ឯកឧត្តមបានបញ្ជាក់ទៀតថា លទ្ធផល​សំខាន់ៗ​នៃ​ដំណើរការ​នៅ​ថ្នាក់​ឃុំ-សង្កាត់​ និង​ភូមិ ​គឺ​ជា​បញ្ជី​គ្រួសារ​ក្រីក្រ​ចុង​ក្រោយ​ មួយ​សម្រាប់​ភូមិ​នីមួយៗ​ជួយ​ផ្តល់​នូវ​ទំនុកចិត្ត​ដល់​គ្រួសារ​ក្រីក្រ​ថា​ខ្លួន​អាច​ទទួល​បាន​សេវាកម្ម ​និង​ជំនួយ​ ហើយ​​ក៏​ជួយ​ដល់​អ្នក​ផ្តល់​សេវាកម្ម​ក្នុង​ការ​ផ្ទៀងផ្ទាត់​ អត្តសញ្ញាណ​របស់​សមាជិក​គ្រួសារ​ក្រីក្រ​ដើម្បី​ផ្តល់​សេវា​កម្ម​ដល់​ពួក​គេ ​ឱ្យ​បាន​ឆាប់​រហ័ស។​

ឯកឧត្តមក៏បានជំរុញឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ ​កំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ​ ​ត្រូវ​តែ​ប្រើប្រាស់​បញ្ជី​សំណួរ​សម្រាប់​ការ​កំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ​តាមស្តង់ដារ​របស់​ក្រសួង​ផែនការ។​ ការ​ប្រើប្រាស់​បញ្ជី​សំណួរ​នេះ​ជួយ​ធានា​ថា​ដំណើរ​ការ​កំណត់​អត្តសញ្ញាណ​ នេះ​ត្រូវ​បាន​អនុវត្ត​ន៍តាម​វិធីសាស្ត្រ​ដូច​គ្នា​ និង​មាន​ស្តង់ដារ​ដូច​គ្នា ​នៅ​ក្នុង​តំបន់​គ្របដណ្តប់​ទាំងអស់ និងមាន​សំណុំ​នៃ​សូចនាករ​តំណាង​ឱ្យ​ភាព​ក្រីក្រ​ដែល​ផ្អែក​ជា​សំខាន់​ទៅ​លើ ​ទ្រព្យសម្បត្តិ​ដែល​អាច​មើល​ឃើញ​ និង​ផ្ទៀងផ្ទាត់​បាន​ងាយ​ស្រួល​ ហើយ​ក៏​រួម​បញ្ចូល​នូវ​ស្ថានភាព​ពិសេស​មួយ​ចំនួន​ផ្សេងទៀត​ផងដែរ។​

ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា ការ​សម្ភាសន៍​គ្រួសារ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សមាជិក​ក្រុម​តំណាងភូមិ​​ខ្លួនឯង ​ដែល​ស្គាល់​ស្ថានភាព​មូលដ្ឋាន​ច្បាស់លាស់​ធ្វើ​ឱ្យ​កាន់​តែ​ងាយ​ស្រួល​នូវ​ការ​ផ្ទៀងផ្ទាត់​ថា ​តើ​អ្នក​ផ្តល់​ចម្លើយ​បាន​រាយការណ៍​ពី​ស្ថាន​ភាព​របស់​ខ្លួន​យ៉ាង​ត្រឹមត្រូវ​ ហើយ​ក៏​សម្រួល​ដល់​ការ​វាយតម្លៃ​ពី​ស្ថានភាព ​ពិសេស​នៃ​គ្រួសារ​ផ្សេងៗទៀត​ផងដែរ ៕

ដោយ បៃ ស៊ីថុន