រដ្ឋមន្ត្រីក្រសួងបរិស្ថានទទួលជួបពិភាក្សាការងារជាមួយប្រធានក្រុមហ៊ុនមីនេបៀ (Minebea Mitsumi)

AKP ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ -ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅរសៀលថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ បានទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនមីនេបៀ (Minebea Mitsumi) ដឹកនាំដោយលោកប្រធាន Yoshihisa KAINUMA នៅទីស្តីការក្រសួង។

ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងបន្តថា គោលបំណងនៃជំនួបនេះដើម្បីពិភាក្សាការងារ និងស្តាប់របាយការណ៍វឌ្ឍនភាពរបស់ក្រុមហ៊ុនមីនេបៀ លើការងារផ្នែកទីក្រុងវ័យឆ្លាត ហើយតំណាងក្រុមហ៊ុនបានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានដែលបានគាំទ្រ និងសហប្រតិបត្តិការលើគម្រោង ទីក្រុងវៃឆ្លាត។ ក្រុមហ៊ុនបានដំឡើងអំពូលភ្លើង LED សម្រាប់ការបំភ្លឺផ្លូវពេលយប់ ហើយអំពូលភ្លើងនេះបានចូលរួមក្នុងការសន្សំសំចៃការប្រើប្រាស់ចរន្តអគ្គិសនី។ អំពូលភ្លើងទាំងនេះត្រូវបានផលិតឡើងដោយក្រុមហ៊ុនជប៉ុនដែលវិនិយោគនៅកម្ពុជា និងប្រើប្រាស់កម្លាំងពលរដ្ឋកម្ពុជា។ ក្រុមហ៊ុនមីនេបៀនេះបាននិងកំពុងផលិតនូវផលិតផលដែលមានបច្ចេកវិទ្យាខ្ពស់ផ្តល់គុណប្រយោជន៍ដល់បរិ ស្ថានស្របតាមអនុសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ   មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកYoshihisa KAINUMA បានរម្លឹកថា លោកបានទទួលកិត្តិយសដ៏ខ្ពង់ខ្ពស់បានជួបពិភាក្សាការងារជាមួយសម្តេចតេជោ នាយករដ្ឋមន្ត្រីនៅអំឡុងពេលធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន ដើម្បីជម្រាបជូនសម្តេចអំពីគម្រោង ទីក្រុងវៃឆ្លាត ហើយពេលនោះសម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យមានការដំឡើងអំពូលភ្លើងដែលសន្សំសំចៃចរន្តអគ្គិសនីនេះឱ្យបានច្រើននៅកម្ពុជា។

តាមលោកប្រធាន Yoshihisa KAINUMA គម្រោងនេះត្រូវបានអនុវត្តន៍នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ សរុបអំពូលភ្លើង LED ចំនួន ៧.៣៥៩បង្គោលដែលបម្រើឱ្យទម្រង់នៃទីក្រុងវៃឆ្លាត នឹងត្រូវដាក់ប្រតិបត្តិការនៅឆ្នាំនេះ។ បច្ចុប្បន្ននេះក្រុមហ៊ុនបានដំឡើងបានចំនួន ១.១៨៧បង្គោល នៅតាមមហាវិថីចំនួន ៣ ក្នុងរាជធានីភ្នំពេញ។ ចំណែកនៅខេត្តសៀមរាប ក្រុមហ៊ុនបានចុះអនុស្សរណៈនៃការយោគយល់ជាមួយរដ្ឋបាលសាលាខេត្តសៀមរាបរួចហើយ ដើម្បីដំឡើងអំពូលភ្លើង LED បន្ថែមចំនួន ៥០០ទៀត។ គម្រោងនេះក៏នឹងអាចបន្តអនុវត្តន៍នៅខេត្តព្រះសីហនុដែរ។

ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានស្វាគមន៍នូវវឌ្ឍនភាពការងាររបស់ក្រុមហ៊ុនមីនេបៀ លើគម្រោងទីក្រុងវៃឆ្លាត តាមរយៈការប្រើប្រាស់អំពូលភ្លើងដែលប្រើប្រាស់ចរន្តអគ្គិសនីតិចនេះ ដោយឯកឧត្តមបានគូសបញ្ជាក់ថា ការប្រើប្រាស់ចរន្តអគ្គិសនីជាមួយនឹងអំពូលភ្លើងដែលស៊ីភ្លើងតិច មិនត្រឹមតែជួយសន្សំសំចៃចរន្តអគ្គិសនីប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមកាត់បន្ថយការបំពុលដោយពន្លឺ ជួយសន្សំសំចៃថវិកា និងចូលរួមការពារបរិស្ថាន ហើយធ្វើឱ្យទីក្រុងមានផាសុកភាពក្នុងការរស់នៅ។

ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ ក៏បានផ្តួចផ្តើមគំនិតរៀបចំសិក្ខាសាលាដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនមីនេបៀ បង្ហាញនូវបច្ចេកវិទ្យាដែលជួយដល់បរិស្ថាននេះដល់ម្ចាស់ បុរី និងម្ចាស់សំណង់នានា។ ឯកឧត្តម សាយ សំអាល់ បានគូសបញជាក់ថា គោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា គឺនឹងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ពោលគឺមិនត្រឹមតែជាប្រទេសអ្នកមានទេ ប៉ុន្តែប្រជាពលរដ្ឋពោរពេញទៅដោយចំណេះដឹង ការទទួលខុសត្រូវ ប្រទេសកម្ពុជាប្រកបដោយផាសុកភាព ទីក្រុងគួរជាទីទាក់ទាញ និងមានសុខដុមរមនីយកម្មសង្គម៕

ដោយ ពេជ្រ ណារិទ្ធ