អាជ្ញាធរខេត្តបន្ទាយមានជ័យបន្តជួយដោះស្រាយចំពោះស្រូវប្រជាកសិករ​ដែលកំពុង ប្រឈមខ្វះទឹក

AKP បន្ទាយមានជ័យ ថ្ងៃទី២១ ខែសីហា ​ឆ្នាំ២០១៩ -អាជ្ញាធរខេត្តបន្ទាយមានជ័យរួមជាមួយ​ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន និងភាគី ពាក់ព័ន្ធ បាននិងកំពុងបន្តសកម្មភាពប្រឹងប្រែង ក្នុងការចុះអន្តរាគមន៍ជួយបូមទឹកសង្គ្រោះ ដំណាំស្រូវប្រជាកសិករដែលកំពុងប្រឈមខ្វះខាតទឹកដោយគ្រោះធម្មជាតិនៅតំបន់មួយចំនួនរបស់ខេត្តនេះ។

ក្នុងឱកាសចុះពិនិត្យមើលសកម្មភាពមូមទឹកពីស្ទឹងមង្គលបូរី ត្រង់ចំណុចវត្តហ្លួងស៊ីសុ វត្ថិរតនារាម ដើម្បីទាញយកទឹកទៅជួយស្រោចស្រពដំណាំស្រូវបង្កើនរដូវប្រមាណជាង១០០​ហិកតានៅវាលល្បោះចារ ភូមិផាស៊ីស្រា ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ដែលកំពុងប្រឈម ការ​ខ្វះទឹក កាលពីថ្ងៃ​អង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ​ឯកឧត្ដម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ បានធ្វើការអះអាងថា នៅកន្លែងណាដែលមានប្រភពទឹកអាចជួយបានយើងនៅតែបន្តជួយដោះស្រាយជានិច្ចចំពោះស្រូវប្រជាកសិករដែលកំពុងប្រឈមខ្វះខាតទឹក ដោយសារកត្តាប្រែប្រួលអាកាសធាតុ​នេះ។ ក្នុងនោះ​ឯកឧត្តមអភិបាលខេត្តបានជួយប្រេងចំនួន ៤០០លីត្រ ដល់សហគមន៍បូមទឹក ក្នុង ភូមិផាស៊ីស្រា និង១០០លីត្រទៀតជួយដល់សហគមន៍​ភូមិសំរោង ​ដើម្បីបន្តបូមទឹកជួយដល់ ដំណាំប្រជាកសិករក្នុងតំបន់នេះ។

ជាមួយនេះដែរ ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ បានជំរុញដល់អាជ្ញាធរ​ដែនដី ក្រុមការងារមន្ទីរធនធានទឹក មន្ទីរកសិកម្មរួម និងកសិករម្ចាស់ស្រែ ត្រូវបង្កើនការយកចិត្តទុក ដាក់ថែមទៀត ដោយប្រឹងប្រែងឱ្យអស់លទ្ធភាពគ្រប់មធ្យោបាយដែលមាន ក្នុងការចុះ​ជួយ សង្គ្រោះដំណាំស្រូវនៅលើតំបន់ដែលកំពុងប្រឈមខ្វះទឹកស្រោចស្រពនោះ។

​ យោងតាមរបាយការណ៍មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានឱ្យដឹងដែរថា ការងារបង្កបង្កើនផលស្រូវវស្សាឆ្នាំ២០១៩នេះ មកដល់ពេលសប្តាហ៍ទី៣ ខែសីហានេះ ទូទាំងខេត្តអនុវត្តន៍បាន​​ជាង ២៤០.០០០ហិកតា ស្នើ៩៩ភាគរយ នៃផែនការ​២៥១.៣០០​​​ហិក​តា ។ ​ប៉ុន្តែដោយសារ​គ្រោះរាំងស្ងួត បាន​បង្ក​​ឱ្យ​ប៉ះពាល់លើផ្ទៃដី​ជាង​៤៧.​​០០០ហិក​តា ក្នុងនោះខូចខាត​​ជាង ​​១.០០០​ហិក​តា ​​តែ​បាននិងកំពុង​បូមទឹក​សង្គ្រោះបាន​​រាប់ពាន់ហិកតា ។

ឯកឧត្តម អ៊ុំ រាត្រី បានឱ្យដឹងទៀតថាដោយសារតែមានភ្លៀងធ្លាក់រាយប៉ាយប៉ុន្មានថ្ងៃ មកនេះបានធ្វើ​ឱ្យដំណាំស្រូវភាគច្រើននៅតំបន់​ខ្លះបានលូតលាស់ឡើងវិញជាបន្តបន្ទាប់៕​

ដោយ​ ឈុន សារ៉ាត