ឯកឧត្តម ជាម ហ៊ីម និងឯកឧត្តម គួច ចំរើន អញ្ជើញសួរសុខទុក្ខមន្ត្រីរាជការ ដែលសម្រាកព្យាបាលនៅផ្ទះ និងមន្ត្រីសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ — ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីសាលាខេត្តចុះសួរសុខទុក្ខ មន្ត្រីរាជការ សាលាខេត្តព្រះសីហនុ ដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន និងមន្ត្រី ដែលបាន សម្រាលកូននៅមន្ទីរពេទ្យបង្អែកក្រុងព្រះសហនុ កាលពីរសៀលថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩។

លោក ស៊ុត ចាន់ថន មន្ត្រីនាយករងរដ្ឋបាលសាលាខេត្តព្រះសីហនុ ដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ទទួលបាន ការឧបត្ថមថវិកាចំនួន ២លានរៀល ។ លោកស្រី សាលី មន្ត្រីការិយាល័យទំនាក់ទំនងអន្តរជាតិសាលាខេត្តព្រះសីហនុ ដែលកំពុងសម្រាកសម្រាលកូននៅមន្ទីរពេទ្យបង្អែកចំការចេក ក្រុងព្រះសីហនុ ទទួលបានទឹកដោះគោ ផ្លែឈើមួយកន្ត្រក និងថវិកា ២លានរៀល។ ចំណែកស្ត្រី ដែលសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្ត ឯកឧត្តមក៏បានឧបត្ថម្ភថវិការម្នាក់ ១០ម៉ឺនរៀលផងដែរ និងលោក ផុក ស៊ីផា អតីតប្រធានមន្ទីរផែនការចូល និវត្តន៍ទទួលបានការឧបត្ថមថវិកាចំនួន ២លានរៀល និងផ្លែឈើមួយកន្ត្រកផងដែរ។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើ លោក ស៊ុត ចាន់ថន លោកស្រី សាលី និងលោក ផុក ស៊ីផា ត្រូវថែទាំសុខភាពឱ្យបានល្អ ដើម្បីឆាប់ជាសះស្បើយ រដ្ឋបាលខេត្តតែងតែគិតគូសុខទុកមន្ត្រីក្រោមឱវាទ ក៏ដូចជាការផ្សាភ្ជាប់ រវាងមន្ត្រីក្រោមឱវាទគ្រប់ពេលវេលា ក៏ដូចជាប្រជាពលរដ្ឋ  ដោយការចែករំលែក និងការសាកសួរសុខទុក និងឧបត្ថម្ភថវិកាជូនដល់អ្នកជំងឺគ្រប់ៗគ្នា ដោយមិនមានការប្រកាន់ ការបែងចែកវណ្ណៈឡើយ៕

ដោយ ងូ សុមុនី