ឯកឧត្តម ហោ សារុន អញ្ជើញជាអធិបតីក្នុងពិធីបើក សិក្ខាសាលា ស្តីពីការពង្រឹងសន្តិសុខ និងសុវត្ថិភាពទេសចរនៅខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ — ឯកឧត្ដម ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានអញ្ជើញជាអធិបតីក្នុង ពិធីបើកសិក្ខាសាលា ស្តីពីការពង្រឹងសន្តិសុខ និងសុវត្ថិភាពទេសចរ នៅខេត្តក្រចេះ កាលពីព្រឹកថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។

សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួម  លោកស្រី ខាំ សុភាព អភិបាលរង នៃគណៈអភិបាលខេត្តក្រចេះ ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ មេឃុំ ចៅសង្កាត់ មន្រ្ដីនគរបាលទេសចរណ៍ ប៉ុស្តិ៍នគរបាលច្រកព្រំដែនអន្តរជាតិ សមាគមដឹកជញ្ជូនទេចរណ៍ និងម្ចាស់អាជីវកម្មទេសចរណ៍ក្នុងខេត្តក្រចេះប្រមាណជាង៩០នាក់។ សិក្ខាសាលានេះមាន គោលបំណង ដើម្បីពង្រឹងការយកចិត្តទុកដាក់លើការងារបដិសណ្ឋារកិច្ច ស្វាគមន៍ភ្ញៀវទេសចរ រួសរាយរាក់ទាក់ បង្កើនការផ្សព្វផ្សាយ ដោយមានការចូលរួម សហការពីផ្នែកឯកជន អាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាពទេស ចរតាមមូលដ្ឋានអាជីវកម្ម សេវាកម្មទេចរណ៍ និងគោលដៅទេសចរណ៍នានាក្នុងខេត្តក្រចេះ ។

ឯកឧត្ដម ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានឱ្យដឹងថា នៅឆ្នាំ២០១៩ នេះ កម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦,៧ លាននាក់  និងឆ្នាំ ២០២០ ទទួលបានប្រមាណ ៧លាននាក់ ដែលនាំមកនូវប្រាក់ចំណូលប្រមាណជាង ៥ ប៊ីលានដុល្លារអាម៉េរិក និងបង្កើតឱកាសការងារបានប្រមាណជិត ១លាននាក់។

ឯកឧត្ដម បានឱ្យដឹងទៀតថា នៅឆ្នាំ២០៣០ កម្ពុជាអាចនឹងទទួលបានទេសចរ អន្តរជាតិប្រមាណ ១៥លាននាក់ នាំមកនូវចំណូលប្រមាណ ១០ប៊ីលានដុល្លារអាម៉េរិក បង្កើតឱកាសការងារបានប្រមាណជិត ២លាននាក់ទៀតផង ។  ឯកឧត្ដម ក៏បានបញ្ជាក់ដែរថា វិស័យទេចរណ៍ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាមាសបៃតង ក្នុងការបោះជំហានរីក ចម្រើនទៅមុខជាលំដាប់ ដោយរក្សាបានកំណើនវិជ្ជមានជារៀងរាល់ឆ្នាំ និងបានរួមចំណែក ប្រមាណ ១២,៧ភាគរយ នៃផលទុនសរុបក្នុងស្រុក ហើយនៅឆ្នាំ២០១៨ កន្លងទៅយើង សម្រេចបានកំណើនក្នុងអត្រាប្រមាណ ១១ភាគរយ ជាមួយនឹងការមកដល់នៃអ្នកទេស ចរអន្តរជាតិជាង ៦,២លាននាក់ និងនាំប្រាក់ចំណូលប្រមាណ ៤.៣៥៦ លានដុល្លារអាម៉េរិក ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ។

ឯកឧត្ដម ហោ សារុន បានសង្កត់ធ្ងន់ថា ដើម្បីត្រៀមទទួល ស្វាគមន៍ភ្ញៀវទេសចរអ ន្តរជាតិដ៏ច្រើនសន្ធឹកសន្ធាប់នាឆ្នាំខាងមុខ ជាយុទ្ធសាស្រ្តគឺត្រូវធ្វើឱ្យកម្ពុជាក្លាយជាគោដៅ ទេសចរណ៍ប្រកបដោយភាពទាក់ទាញ និងផ្តល់ភាពកក់ក្តៅដល់អ្នកទេសចរ តាមរយៈការ បង្កើតឱ្យមានផលិតផលទេសចរណ៍ថ្មីៗ និងប្រកបដោយភាពវ័យឆ្លាត ស្អាត បៃតង និងរក្សាសុវត្ថិភាពទេសចរឱ្យបាលល្អប្រសើរ ដើម្បីលើកស្ទួយកម្រិតជីវភាពរស់នៅ កាត់បន្ថយភាពក្រីក្រ បង្កើតការងារដល់កម្លាំងពលកម្មកម្ពុជា។

លើសពីនេះទៀត យើងត្រូវចូលរួមថែរក្សាអភិរក្សបរិស្ថានធម្មជាតិ វប្បធម៌ប្រពៃណី ជាតិ និងលើកតម្កើងកិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិផងដែរ៕

ដោយ  ជួន សុជាតិ