ក្រសួងអប់រំកំណត់៣០ប្រភេទកីឡាចូលរួមប្រជែងមេដាយស៊ីហ្គេម នៅប្រទេសហ្វីលីពីន ឆ្នាំ២០១៩

AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩- — ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជាទទួលបន្ទុកនាយ​បេសកកម្មស៊ីហ្គេម បានបញ្ជាក់ថា ពេលនេះក្រសួងអប់រំ យុវជន និងកីឡាបាន កំណត់យក​៣០ប្រភេទកីឡាជាផ្លូវការ ដើម្បីចូលរួមប្រជែងមេដាយ នៅក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី​៣០ នៅប្រទេសហ្វីលីពីន ដែលគ្រោងនឹងប្រកួតជាផ្លូវការពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។

ឯកឧត្ដមបានអះអាងថា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង​ អប់រំ យុវជន និងកីឡា បានចេញបញ្ជីប្រតិភូជាផ្លូវការហើយ ដោយប្រតិភូកីឡាកម្ពុជា​មាន​ចំនួន៤០០នាក់ ក្នុងនោះ មាន៣០ប្រភេទកីឡា និងប្រកួតលើវិញ្ញាសាសរុបចំនួន១៧៦ ប្រតិភូដឹកនាំ និងមន្ត្រីកីឡា ៤២នាក់, អ្នកដឹកនាំ ក្រុម២៩នាក់, គ្រូបង្វឹក-គ្រូជំនួយ ៦៣នាក់, កីឡាករ ១៨៨នាក់, កីឡាការិនី ៧១នាក់ និងអាជ្ញាកណ្តាល ៨នាក់។

ក្នុងបញ្ជីប្រភិភូនេះ បានកំណត់នូវចំណុច៤ផ្នែកធំៗ គឺមាន៩ប្រភេទកីឡាត្រូវបានចាត់ ទុកជាប្រភេទកីឡាសក្តានុពលក្នុងការដណ្តើមមេដាយ។ ប្រភេទកីឡាប្រជាប្រិយ៍ រួមមាន៖ បាល់ទះលើក្តារ បាល់ទះឆ្នេរ ខ្សាច់ បាលទាត់ U22 និងបាល់បោះ។  ប្រភេទកីឡាចំបាច់ មានចំនួន១៥ប្រភេទកីឡា ខណៈប្រភេទកីឡា ក្រៅ ការប្រមូលផ្តុំ មាន២ប្រភេទកីឡា គឺកីឡា​អេឡិចត្រូនិក (E-Sport) និងហុកគី។

សូមរម្លឹកថា កាលពីស៊ីហ្គេម លើកទី២៩ ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី គឺកម្ពុជា​បានឈ្នះ មេដាយ មាស៣វិញ្ញាសា (តេក្វាន់ដូ ប៉េតង់ និងប្រដាល់គុនខ្មែរ) មេដាយប្រាក់២ និងមេដាយសំរឹទ្ធ១២ សរុបមេដាយ ចំនួន១៧។ កម្ពុជាឈរនៅចំណាត់ថ្នាក់លេខ៨ ក្នុង​ចំណោម​១១ប្រទេស ហើយកម្ពុជាឈរលើ៣ប្រទេស គឺឡាវ មេដាយមាស២ ខណៈប្រ៊ុយណេ និងទីម័រខាងកើត គ្មានមេដាយមាសដូចគ្នា៕

ដោយ ហេង ណាលីន