ឯកឧត្តម ស៊ុន ចាន់ថុល បើកការដ្ឋានជួសជុលផ្លូវ ២ខ្សែក្នុងស្រុកព្រៃនប់

AKP ព្រះសីហនុ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ — ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹក ជញ្ជូន បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវក្នុងស្រុកព្រៃនប់ចំនួនពីរខ្សែ គឺផ្លូវ លេខ១៤៦B ប្រវែង៣.៥៨០ម៉ែត្រ និងផ្លូវលេខ១៤៨ ប្រវែង២.៣២០ម៉ែត្រ ដោយក្រាលកៅស៊ូ DBST នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។   

ពិធីបើកការដ្ឋានជួលជុលផ្លូវ២ខ្សែនៅស្រុកព្រៃនប់នាថ្ងៃនេះ មានការចូលរួមពី ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ព្រមទាំង ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ តំណាងមន្ទីរជំនាញ និងបងប្អូនប្រជាពលរដ្ឋ មូលដ្ឋាន។

ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថា ផ្លូវ០២ខ្សែនេះតភ្ជាប់មកក្រុងព្រះសីហនុ ឆ្លងកាត់ស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ បម្រើឱ្យការដឹកជញ្ជូន និងការធ្វើដំណើររបស់ ប្រជាពលរដ្ឋ។ ខេត្តព្រះសីហនុ មានសក្តានុពលផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងផ្លូវអាកាស អ្វីជា ការចាប់អារម្មណ៍ គឺផ្លូវជាតិលេខ៤ បម្រើការដឹកជញ្ជូនសម្ភារ និងទេសចរណ៍ យ៉ាងមមាញឹក ម្យ៉ាងដោយសារមធ្យោបាយយានយន្តមានការកើនឡើង ការប្រើប្រាស់ ដងផ្លូវតែមួយ ធ្វើឱ្យមានការកកស្ទះចរាចរណ៍ និងប្រឈមកើតឡើងធ្វើឱ្យផ្លូវថ្នល់ខូចខាត។ គឺយើងដោះ ស្រាយបញ្ហាប្រឈម ដោយបង្វែរផ្លូវដឹកជញ្ជូនចេញពីទំនប់រលក ក្រុងព្រះសីហនុ ឆ្លងកាត់ ស្រុកស្ទឹងហាវ មកកាន់ស្រុកព្រៃនប់ សម្រាប់រថយន្តដឹកជញ្ជូនធុនធ្ងន់។

ឯកឧត្តមអភិបាលខេត្តបន្តថា ការជួសជុលផ្លូវមិនសំដៅបម្រើ ឱ្យទេសចរណ៍ាទេ គឺបម្រើឱ្យវិស័យពាណិជ្ជកម្ម និងការដឹកជញ្ជូន។ សម្រាប់ខេត្តព្រះសីហនុការ សាងសង់ផ្លូវ ត្រូវធ្វើផ្លូវបេតុងកម្រាស់យ៉ាងតិច ០.២០ម៉ែត្រ សសៃដែក ដើម្បីធានាការដឹកជញ្ជូនរបស់បង ប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រើប្រាស់ផ្លូវក្នុងខេត្តព្រះសីហនុជាគោលការណ៍របស់ខេត្ត ការកសាងផ្លូវ ជាផ្លូវបេតុងធានាភាពរឹងមាំ ហើយមន្ត្រីបច្ចេកទេសកំពុងចុះសិក្សា នៅតាមផ្លូវមួយចំនួនចាំបាច់ ដើម្បីប្រើប្រាស់កញ្ចប់ថវិកាខេត្តសាងសង់នាពេលខាងមុខ។

ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា ការសាងសង់យើងយកកញ្ចប់ថវិកាពីប្រភព ផ្សេងមកធ្វើការជួសជុលដោះស្រាយ បញ្ចៀសការកកស្ទះចរាចរណ៍នាពេលបច្ចុប្បន្នសម្រាប់ ឡានដឹកទំនិញធុនធ្ងន់ចូលកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រសួងបានធ្វើការសិក្សាជាមួយ ក្រុមហ៊ុនបរទេស ស្តីពីគុណភាពផ្លូវនេះ និងពង្រីកបន្ថែម ក្នុងការដឹកជញ្ជូនដោយសារ ការរីកចម្រើន នៃសេដ្ឋកិច្ច ធ្វើឱ្យការដឹកជញ្ជូនធ្ងន់ៗមានការកើនឡើង។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានអំពាវនាវ ឱ្យបងប្អនប្រជាពលរដ្ឋចូលរួមជាមួយរាជ រដ្ឋាភិបាល ដើម្បីការពារសុខសន្តិភាព មានឱកាសកសាងប្រទេសជាតិ។ ក្រសួងបានសិក្សា ចរចាពង្រីក និងជួសជុលផ្លូវជាច្រើនខ្សែ តាមលក្ខណៈបច្ចេកទេសរឹងមាំ ប្រើប្រាស់បានយូរ អង្វែង និងបន្តជួសជុលផ្លូវជាតិលេខ៣ ពីវាលរេញ ទៅខេត្តកំពត យើងក៏ត្រូវពង្រីកផ្លូវជាតិ លេខ៤ ដើម្បីសម្រួលការកកស្ទះចរាចរណ៍ផងដែរ។

សូមបញ្ជាក់ថា ផ្លូវជួសជុលនេះគឺផ្លូវលេខ១៤៦B (វិថីសុវត្ថិភាពសម្តេចព្រះសង្ឃរាជ ទេព វង្ស) មានប្រវែងសរុប ២៤,៥០km  ចាប់ពីផ្លូវបំបែកផ្លូវជាតិ លេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨+ ១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ មកដល់រង្វង់មូលស្ទឹងហាវ ស្ថិតនៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ផ្លូវមួយខ្សែទៀត គឺផ្លូវលេខ ១៤៨ (វិថីសម្តេចតេជោ ហ៊ុន សែន) មានប្រវែងសរុប ២៣គីឡូ ម៉ែត្រ ចាប់ពីបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូ ម៉ែត្រ ២២៥+៥០០ (មុខកំពង់ផែក្រុងព្រះសីហនុ) ភូមិ៣ សង្កាត់៣  ក្រុងព្រះសីហនុ មកដល់ភូមិ១ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ៕

ដោយ ងូ សុមុនី