រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញឱ្យប្រទេសឡាវ ពន្លឿនការអនុវត្តកិច្ចព្រមព្រៀងទិញ-លក់អគ្គីសនី ដើម្បីធានាស្ថិរភាពលើវិស័យថាមពលនៅកម្ពុជា

AKP ភ្នំពេញ ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ — រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានជំរុញឱ្យប្រទេសឡាវ ជួយសម្រប ​សម្រួល និងពន្លឿនការបញ្ជូនអគ្គិសនីមកកាន់ប្រទេសកម្ពុជា ដោយអនុលោមតាមកិច្ចព្រម​ព្រៀងទិញ-លក់អគ្គីសនី ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះហត្ថលេខា កាលពីអំឡុង​ខែមីនា ឆ្នាំ២០១៩ ដើម្បីធានាស្ថិរភាពនៃការប្រើប្រាស់វិស័យថាមពល នៅក្នុងប្រទេស​កម្ពុជា។ ការលើកសំណើនេះ ធ្វើឡើង ក្នុងឱកាសជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម អាំផាយ គីដាវង្ស (Amphay KIDAVONG) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃ​សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ប្រចាំព្រះរាជាណា​ចក្រកម្ពុជា កាលពីព្រឹក​ថ្ងៃអង្គារ ទី២០ ខែសីហា​ ឆ្នាំ២០១៩នេះ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ដើម្បីពង្រឹង និង​ពង្រីកកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ នេះបើយោងតាមការផ្សាយរបស់ក្រសួងពាណិជ្ជកម្ម។

ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណភាគីឡាវ ដែលបានឯកភាពជួយ​បំពេញតម្រូវការប្រើប្រាស់ថាមពលអគ្គីសនីនៅក្នុងប្រទេសកម្ពុជា ខណៈដែលកម្ពុជាកំពុង​សម្រុក​សាងសង់រោងចក្រអគ្គិសនី ដើរដោយធ្យូងថ្ម ៧០០មេហ្កាវ៉ាត់ នៅខេត្តព្រះសីហនុ និងរោងចក្រដើរដោយពន្លឺព្រះអាទិត្យ២៤០មេហ្កាវ៉ាត់ នៅខេត្តកំពង់ស្ពឺ, កំពង់ឆ្នាំង និងខេត្ដ​ពោធិ៍សាត់ ដើម្បីដាក់ឱ្យដំណើរការជាបន្តបន្ទាប់នៅក្នុងឆ្នាំនេះ និងឆ្នាំក្រោយ។ ឯកឧត្ដមរដ្ឋ​មន្រ្ដីបានគូសបញ្ជាក់ថា “ក្រៅពីគម្រោងខាងលើ កម្ពុជាក៏បានទិញម៉ាស៊ីនភ្លើងធំៗចំនួនពីរ ពីប្រទេសហ្វាំងឡង់ និងអាល្លឺម៉ង់ ដើម្បីបង្ការមិនឱ្យមានបញ្ហាកង្វះអគ្គិសនីកើតឡើង នៅឆ្នាំ​ក្រោយនេះ ហើយនៅថ្ងៃអនាគត បើសិនជាយើងមានថាមពលប្រើប្រាស់គ្រប់គ្រាន់ លើសពី​តម្រូវ​ការ យើងនឹងលក់ថាមពលអគ្គិសនី ដែលសល់ពីការប្រើប្រាស់ក្នុងស្រុក ទៅកាន់​ប្រទេស​សមាជិក​អាស៊ានផងដែរ”។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើភាគីឡាវ ពិចារណាបើកជើង​ហោះហើរត្រង់មកកាន់កម្ពុជា និងជំរុញការដោះដូរទំនិញ និងសេវាកម្មដ៏មានសក្តានុ​ពល​ផ្សេងៗទៀត តាមរយៈព្រឹត្តិការណ៍ធុរកិច្ច និងពិព័រណ៍ពាណិជ្ជកម្មនានា ដើម្បីបង្កើនទំហំ​ពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ជាការឆ្លើយតប ឯកឧត្តម អាំផាយ គីដាវង្ស បានកោតសរសើរកំណើនសេដ្ឋកិច្ច និង​វឌ្ឍនភាព​ដ៏ឆាប់រហ័សរបស់កម្ពុជា និងបានសន្យាជួយសម្របសម្រួលការបញ្ជូនថាមពល​អគ្គិសនី​ពីប្រទេសឡាវ មកកាន់ប្រទេសកម្ពុជា ឱ្យបានទាន់ពេលវេលានៅក្នុងឆ្នាំក្រោយ ដើម្បី​ចូលរួមអភិវឌ្ឍន៍​សង្គមសេដ្ឋកិច្ច ជាមួយរាជរដ្ឋាភិបាលកម្ពុជា៕

ដោយ អ៊ុន រិទ្ធី