កម្ពុជា នឹងរៀបចំមហោស្រពអូពេរ៉ាអន្តរជាតិលើកដំបូង នៅខែកុម្ភៈ ឆ្នាំ២០២០ខាងមុខ ក្នុងតំបន់អង្គរ ដើម្បីអបអរខួប២៥ឆ្នាំ នៃការបង្កើតអាជ្ញាធរជាតិអប្សរា

AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ — កម្ពុជានឹងរៀបចំមហោស្រពអូពេរ៉ាអន្តរជាតិលើកដំបូង ក្នុងតំបន់អង្គរ ក្នុងខេត្ដសៀមរាប នៅ​ថ្ងៃទី១៩-២៣ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខ ដើម្បីអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើត អាជ្ញាធរ​ជាតិអប្សរា ក្រោមការសហការរៀបចំរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួង​ទេសចរណ៍ អាជ្ញាធរជាតិអប្សរា ជាមួយមហោស្រពអូពេរ៉ា Mozard at Angkor។ នេះបើយោងតាមការ ផ្សាយ​របស់ក្រសួងទេសចរណ៍។

ក្នុងព្រឹត្តិការណ៍មហោស្រពអន្តរជាតិនេះ នឹងត្រូវបើកជាផ្លូវការក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ក្នុងនោះ ក៏គ្រោងនឹងមានការចូលរួមដោយសិល្បករ-សិល្បការិនីមកពីជុំវិញពិភពលោក និង ការចូលរួមរបស់ក្រុមសិល្បៈកម្ពុជាសរុបប្រមាណជាង៧០នាក់ ដែលរៀបចំនៅក្នុងទម្រង់ជា ការសម្ដែងទស្សនីយភាព Mozart។ នេះបើតាមការលើកឡើងរបស់លោក Aaron Carpene ប្រធានដឹកនាំរៀបចំការសម្ដែងមហោស្រពអូពេរ៉ា Mozard at Angkor ក្នុងឱកាសចូលជួប​សម្ដែងការគួរសមជាមួយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅទីស្ដីការក្រសួង​ទេសចរណ៍ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ដើម្បីរាយការណ៍នូវ​គម្រោងរៀបចំ​ព្រឹត្តិ​ការណ៍សម្តែងទស្សនីយភាពមហោស្រពអូពេរ៉ាអន្តរជាតិនេះ និងស្នើសុំការគាំទ្រពីរាជរដ្ឋាភិ បាល​កម្ពុជា ។

ឯកឧត្តម ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍បានបង្ហាញការគាំទ្រយ៉ាងពេញ​ទំហឹង​ចំពោះការរៀបចំ​ព្រឹត្តិការណ៍​នេះ ពីព្រោះវាក៏ស្របពេលដែលក្រសួងទេសចរណ៍កំពុងជំរុញការ​ផ្សព្វផ្សាយគោលដៅទេសចរណ៍តំបន់ខេត្តសៀមរាប-អង្គរ ទៅកាន់ពិភពលោកបន្ថែមទៀត។ ឯកឧត្តមរដ្ឋមន្ត្រីជឿជាក់ថា ព្រឹត្តិការណ៍នេះ នឹងក្លាយជាផលិតផលទេសចរណ៍វប្បធម៌ ជួយ ផ្សព្វផ្សាយដល់សម្បត្តិវប្បធម៌ អរិយធម៌ និងសិល្បៈដ៏សម្បូរបែប អច្ឆរិយភាពនៃអង្គរ និង គោលដៅទេសចរណ៍សៀមរាប-អង្គរដល់ទេសចរអន្តរជាតិ ពិសេសទេសចរអឺរ៉ុប បន្ទាប់ពី ព្រឹត្តិការណ៍ទេសចរណ៍កីឡា រួមមាន៖ Angkor Full Marathon, International Half Marathon, Raid Amazon ជាដើម។

ជាមួយគ្នានេះដែរ ទស្សនីយភាពមហោស្រពអូពេរ៉ាអន្តរជាតិ Mozard at Angkor ជាបុរេព្រឹត្តិការណ៍ដ៏សំខាន់ដើម្បីរឹតចំណងមិត្តភាព និងការផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជា និង​អឺរ៉ុប ដែលនៅក្នុងឆ្នាំ២០២០ ខាងមុខនេះ កម្ពុជាមានមោទនភាពធ្វើជាម្ចាស់​ផ្ទះនៃកិច្ចប្រជុំ​កំពូលអាស៊ី-អឺរ៉ុប (ASEM 2020)។ ឯកឧត្តមបានបន្ថែមថា កន្លងមក ក្រសួងទេសចរណ៍​ធ្លាប់​សហការរៀបចំកម្មវិធីសម្តែងសិល្បៈអន្តរជាតិជាច្រើនមកហើយដែរ ដូចជា José Carera នៅឆ្នាំ២០០២ Ramayana, Trail of Civilization និងព្រឹត្តិការណ៍សម្តែងសិល្បៈអន្តរជាតិ​រួមគ្នា​ជាមួយឥណ្ឌា ចិន កូរ៉េ អាស៊ាន។ ឯកឧត្ដមបានបន្ថែមទៀតថា ក្រសួងទេសចរណ៍ នឹងស្នើសុំ ទៅរាជរដ្ឋាភិបាល សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា និង អាជ្ញាធរដែនដី រៀបចំក្រុមការងារអន្តរក្រសួងដើម្បីជួយសម្រមសម្រួល សហការរៀបចំកម្មវិធី ខាងលើឱ្យបានរលូន និងទទួលបានជោគជ័យ។

លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឱ្យមានការរៀបចំព្រឹត្តិការណ៍នេះ ជារៀង រាល់ឆ្នាំ ដែលនឹងក្លាយជាផលិតផលទេសចរណ៍វប្បធម៌ថ្មីមួយ បង្កើនភាពទាក់ទាញភ្ញៀវ ទេសចរអន្តរជាតិ ពិសេសអឺរ៉ុបបន្ថែមទៀត។

លោក Aaron Carpene ប្រធានដឹកនាំរៀបចំការសម្ដែងមហោស្រពអូពេរ៉ា Mozard at Angkor បានស្នើសុំកិច្ចសហការ និងការគាំទ្រពីក្រសួងទេសចរណ៍ក្នុងការជួយរៀបចំ និងផ្សព្វ ផ្សាយកម្មវិធីខាងលើទៅកាន់ទេសចរជាតិ និងអន្តរជាតិឱ្យចូលរួមទស្សនាការសម្ដែងនៅថ្ងៃ បន្តបន្ទាប់ និងធ្វើឱ្យព្រឹត្ដិការណ៍នេះទទួលបានជោគជ័យ៕

ដោយ អ៊ុន រិទ្ធី