កម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ម្ហូបអាហារដ៏ធំលើកដំបូង នៅថ្ងៃ២១ ខែសីហាស្អែកនេះ

AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ — ក្រសួងទេសចរណ៍ បានសហការជាមួយអង្គការទេសចរណ៍ពិភពលោក (UNWTO) នឹងរៀបចំ​សន្និសីទអន្តរជាតិលើកទី១ ស្តីពីទេសចរណ៍ម្ហូបអាហារកម្ពុជា (The First International Conference on Cambodia Gastronomy and Food Tourism) នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ នៅសណ្ឋាគារសុខាភ្នំពេញ ដើម្បីបង្ហាញដល់ភ្ញៀវជាតិ និងអន្ដរជាតិ ហើយក៏ជាព្រឹត្តិការណ៍ទេសចរណ៍ម្ហូបអាហារអន្តរជាតិដ៏ធំលើកដំបូងនៅកម្ពុជា។ នេះបើ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ក្នុងសេចក្ដីប្រកាសបានឱ្យដឹងថា សន្និសីទអន្តរជាតិលើកទី១ ស្តីពី «ទេសចរណ៍ម្ហូប​អាហារកម្ពុជា៖ លើកកម្ពស់គុណតម្លៃប្រពៃណី និងបេតិកភណ្ឌសម្រាប់ការអភិវឌ្ឍទេសចរណ៍​ប្រកបដោយចីរភាព» មានគោលដៅផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ម្ហូបអាហារ និង​ផលិតផលខ្មែរ ឱ្យក្លាយជាផលិតផលទេសចរណ៍ប្រកបដោយភាពទាក់ទាញថែមទៀត។ ព្រឹត្ដិការណ៍នេះ គឺដើម្បីចូលរួមលើកកម្ពស់ម្ហូបអាហារ និងផលិតផលខ្មែរ ដែលបង្ហាញ​ពី​វប្បធម៌ និងអត្តសញ្ញាណជាតិ ទៅកាន់ពិភពលោកឱ្យបានទូលំទូលាយ ស្របតាមបរិបទ​អាស៊ាន និងពិភពលោក ក៏ដូចជាស្របតាមការដាក់ចុះយុទ្ធនាការ «នំបញ្ចុកសន្តិភាព» ដោយ​សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងសន្និសីទអន្តរជាតិនេះ ក៏នឹងមានការចូលរួមពីវាគ្មិនជាតិ-អន្តរជាតិ តំណាងអង្គការ​ទេសចរណ៍ពិភពលោក(UNWTO) ប្រទេសសមាជិកអាស៊ាន ព្រមទាំងមានការចូលរួមពី​ស្ថាប័នរដ្ឋ ឯកជន សិស្ស និស្សិត និងមានការតាំងបង្ហាញផលិតផលខ្មែរមកពីបណ្តារាជធានី-ខេត្តនានាផងដែរ។ ជាមួយគ្នានេះ ក្រសួងទេសចរណ៍ក៏បានអញ្ជើញប្រតិបត្តិករទេសចរណ៍ ដៃគូអភិវឌ្ឍន៍ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ផ្នែករដ្ឋ ឯកជន និងស្ថានប័ន​ពាក់​ព័ន្ធនានា សហការចូលរួមក្នុងព្រឹត្តិការណ៍នេះឱ្យបានកាន់តែទូលំទូលាយថែមទៀត៕

ដោយ ឡុង ស៊ីវ៉ាន់