អាជ្ញាធរស្រុកអូររាំង បានតភ្ជាប់ផ្លូវ១ខ្សែ បង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋចំនួន២ឃុំ ដើម្បីប្រើប្រាស់

AKP មណ្ឌលគិរី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ -នៅថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ កំណាត់ផ្លូវ១ខ្សែមានប្រវែងជាង ១០គីឡូម៉ែត្រ តភ្ជាប់ពីឃុំដាក់ដាំ ទៅឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ត្រូវបានអាជ្ញាធរស្រុកបើកការដ្ឋានឈូសឆាយពង្រីក និងកែសម្រួលឱ្យប្រជាពលរដ្ឋធ្វើដំណើរ ខណៈផ្លូវ១ខ្សែនេះមានស្ថានភាពលំបាក មិនអាចធ្វើដំណើរបានតែម្ដង ដែលការស្ថាបនាផ្លូវខាងលើបានធ្វើឱ្យប្រជាពលរដ្ឋ ជាពិសេសជនជាតិដើមភាគតិច រីករាយក្នុងការទទួលយកសមទ្ធិផលថ្មីមួយនេះ ។

ប្រជាពលរដ្ឋបានឱ្យនិយាយថា ការតភ្ជាប់ផ្លូវថ្មីនេះនឹងធ្វើឱ្យប្រជាពលរដ្ឋក្នុងតំបន់ងាយស្រួលជាងមុនក្នុងការធ្វើដំណើរទៅរកសេវាសាធារណៈផ្សេងៗ នៅសាលាស្រុកអូររាំង មណ្ឌលសុខភាព និងទីប្រជុំជនជាដើម ។ ព្រោះសព្វថ្ងៃប្រជាពលរដ្ឋក្នុងឃុំដាក់ដាំ ដែលមានភារកិច្ចទៅទីតាំងរដ្ឋបាលសាលាស្រុកអូររាំង ក្នុងឃុំសែនមនោរម្យ ត្រូវចំណាយពេលច្រើន ម៉ោងដោយត្រូវធ្វើដំណើរវាងឆ្ងាយតាមផ្លូវផ្សេង ហើយប្រសិនផ្លូវមួយខ្សែនេះស្ថាបនារួចរាល់ពួកគាត់នឹងងាយធ្វើដំណើរទៅមកជាងមុន ។

លោក សៀក មុន្នី អភិបាលស្រុកអូររាំងបានឱ្យដឹងថា ប្រជាពលរដ្ឋទាំង២ឃុំ ដែលអាស្រ័យផ្លូវខាងលើនេះ មានដល់ទៅជាង ១.០០០គ្រួសារ និង ប្រជាពលរដ្ឋដែលចាំបាច់ត្រូវធ្វើដំណើរឆ្លងកាត់មានជាង ២០០គ្រួសារ។ លោកបន្តថា ក្រោយធ្វើផ្លូវថ្មីនេះរួច នឹងជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ព្រោះកន្លងមកពួកគាត់ត្រូវធ្វើដំណើរតាមផ្លូវមួយផ្សេងទៀត ដែលឆ្ងាយជាងផ្លូវកំពុងស្ថាបនា រហូតដល់ទៅជាង ៣០គីឡូម៉ែត្រ ។ លោកអភិបាល ស្រុកអូររាំង ក៏បានបញ្ជាក់ថា ផ្លូវថ្មីនេះគឺធ្វើឡើងដើម្បីសម្រាប់តែបម្រើប្រជាពលរដ្ឋប៉ុណ្ណោះ មិនដូចមតិមួយចំនួនយល់ច្រឡំថាផ្លូវនេះស្ថាបនាព្រោះតម្រូវការបុគ្គលនោះទេ។ លោក បញ្ជាក់ទៀតថា ផ្លូវដែលកំពុងជួសជុលពង្រីកនេះ មានប្រវែងជាង ១០គីឡូម៉ែត្រ ទទឹង ៣០ម៉ែត្រ ជាប្រភេទផ្លូវក្រួសក្រហម ហើយជាកញ្ចប់ថវិកា ដែលលោកប្រមូលបានពីសប្បុរសជននានា មានខ្លះឧបត្ថម្ភជាសាច់ប្រាក់បានជាង១ម៉ឺនដុល្លារងាម៉េរិក សប្បុរសជនខ្លះទៀត ឧបត្ថម្ភគ្រឿងចក្រសម្រាប់ស្ថាបនា និងឧបត្ថម្ភជាប្រេងម៉ាស៊ូតជាដើម។

លោក សៀក មុន្នី បានបន្តថា មិនយូរទេផ្លូវខាងលើនឹងកែសម្រួលរួចរាល់ អាចឱ្យប្រជាពលរដ្ឋធ្វើដំណើរបានយ៉ាងងាយស្រួល។ ក្នុងឱកាសនោះ លោក អភិបាលស្រុក ក៏បាននាំយកអាវភ្លៀងរបស់ប្បុរសជនពីភ្នំពេញ ដើម្បីចែកជូនដល់បងប្អូនជនជាតិដើមភាគតិចចំនួន ១០០នាក់ផងដែរ ៕

ដោយ ណយ នឿន (ប្រភព មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី)