ឯកឧត្តម អ៊ាង សុផល្លែត ចូលរួមសន្និសីទស្តីពីកម្មវិធីសកលនៃមូលនិធិអាកាសធាតុ បៃតង នៅសាធារណរដ្ឋកូរ៉េ

AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ -ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន កាលពីថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ បានដឹកនាំគណៈប្រតិភូ ចូលរួមសន្និសីទស្តីពីកម្មវិធីសកលនៃមូលនិធិអាកាសធាតុបៃតង នៅទីក្រុងសុងដូ សាធារណរដ្ឋកូរ៉េ។

ប្រភពព័ត៌មានពីក្រសួងបរិស្ថានឱ្យដឹងបន្តថា សន្និសីទស្តីពីកម្មវិធីសកលនៃមូលនិធិអាកាសធាតុបៃតងដំណើរការចាប់ពីថ្ងៃទី១៩ ដល់២៣ ខែសីហា ឆ្នាំ២០១៩។ សន្និសីទនេះមានគោលបំណងពិភាក្សាអំពីផែនការកម្មវិធីតម្រូវការធនធានរបស់ប្រទេស និងស្ថាប័នដៃគូជាមួយមូលនិធិអាកាសធាតុបៃតង ដើម្បីជំរុញមហិច្ឆតាឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ សំដៅកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ការបន្ស៊ាំ និងភាពធន់នឹងអាកាសធាតុ ស្រមតាមទិសដៅរបស់អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

ប្រភពខាងលើបន្តថា នៅក្នុងឱកាសបើកសន្និសីទ លោក Yannick Gemarec នាយកប្រតិបត្តនៃមូលនិធិអាកាសធាតុបៃតង បានបញ្ជាក់ថា មូលនិធិអាកាសធាតុបៃតង ជាស្ថាប័នអន្តរជាតិមួយ ដែលផ្តល់មូលនិធិសម្រាប់អនុវត្តន៍ផែនការស្តីពីការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ សន្និសីទស្តីពីកម្មវិធីសកលនៃមូលនិធិអាកាសធាតុបៃតង បានប្រមូលផ្តុំអ្នកចូលរួមពីតំណាងប្រទេស ក្រសួង ស្ថាប័ន ជាតិ ឬជនបង្គោលទទូលមូលនិធិអាកាសធាតុបៃតង ស្ថាប័នទទួលសិទ្ធិអនុវត្តន៍គម្រោង និងអ្នកពាក់ព័ន្ធផ្សេងៗទៀត សរុប ៦០០នាក់។

សូមបញ្ជាក់ថា ប្រទេសកម្ពុជាបានទទូលមូលនិធិពី GCF សម្រាប់អនុវត្តន៍គម្រោង ខ្សែសង្វាក់ផលិតកម្មកសិកម្ម ដែលកំពុងអនុវត្តន៍ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគម្រោងត្រៀម ស្តីពីការកសាងសមត្ថភាពស្ថាប័នជាតិទទួលបន្ទុកមូលនិធិអាកាសធាតុបៃតង និងការរៀបចំកម្មវិធីជាតិ ដែលកំពុងអនុវត្តន៍ដោយលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។

បច្ចុប្បន្ន ប្រទេសកម្ពុជាបាននិងកំពុងរៀបចំគម្រោង ជាច្រើនសម្រាប់ដាក់ស្នើទៅ GCF រួមមាន ៖ ១-គម្រោងត្រៀម ស្តីពីការរៀបចំផែនការជាតិបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ។ ២-គម្រោងត្រៀម ស្តីពីការលើកកម្ពស់ការទទួលបានហិរញ្ញវត្ថុបៃតងនៅកម្ពុជា។ ៣-គម្រោងត្រៀម ស្តីពីការលើកកម្ពស់ចរាចរបៃតង តាមរយៈការប្រើប្រាស់ម៉ូតូអគ្គិសនីនៅកម្ពុជា ។ ៤-គម្រោងភាពជាដៃគូ ជាមួយវិស័យឯកជន សម្រាប់វិស័យកសិកម្មបរិ ស្ថាន និងជីវភាពធន់នឹងអាកាសធាតុ នៅតំបន់ខាងជើងបឹងទន្លេសាប ។ ៥-គម្រោងប្រែប្រួលអាកាសធាតុ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ជាមួយគ្នានេះដើម្បីពង្រឹង និងជំរុញការទទួលបានមូលនិធិពី GCF កម្ពុជានឹងរៀបចំកម្មវិធីជាតិមួយ ដែលកំណត់ពីសកម្មភាព ជាអាទិភាពសម្រាប់ជាតិមួយ ៕

ដោយ ពេជ្រ ណារិទ្ធ