មន្ទីរកសិកម្ម រុក្ខាប្រមាញ់ ខេត្តស្វាយរៀងបើកកិច្ចប្រជុំកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី

AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ -នៅថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំស្តីពី ”ការតម្រង់ទិសការងារទីប្រឹក្សាបច្ចេកទេស” នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ASPIRE ក្រោមអធិបតីភាព ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ជានាយកកម្មវិធី។

ឯកឧត្តម មាស ពិសិដ្ឋ បានរម្លឹកអំពីសារបាននៃកម្មវិធីនេះថា កម្មវិធីផ្សព្វផ្សាយបច្ចេក ទេសកសិកម្មថ្មី ដែលធន់ទ្រាំទៅនឹងការប្រែប្រួលអាកាសធាតុ ASPIRE មានគោលបំណងសំខាន់ធ្វើយ៉ាងណា ជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈការផ្តល់គំរូសេវាកម្មធ្វើកសិកម្មដែលមានប្រសិទ្ធភាព ដល់កសិករដែលមានដីតិច និងមានភាពងាយរងគ្រោះដោយការប្រែប្រួលអាកាសធាតុ ថែមទាំងបង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងសេដ្ឋកិច្ចជាតិតាមរយៈធុរកិច្ចកសិកម្ម។

ឯកឧត្តម បានបន្ថែមទៀតថា ដើម្បីសម្រេចបានគោលដៅដែលកម្មវិធីបានគ្រោងទុក និងទទួលបានការគាំទ្របន្តទៀតពីម្ចាស់ជំនួយ និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមយើងជាសហការី ទីប្រឹក្សាទាំងអស់នៃកម្មវិធី ត្រូវមានគោលការណ៍សហការគ្នា យោគយល់គ្នា ចាត់ទុកគ្នាជាបងប្អូន ក្រុមតែមួយដែលអាចជួយ និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងធ្វើឱ្យសម្រេចបានលទ្ធផលប្រកបដោយប្រសិទ្ធភាព ស័ក្កិសិទ្ធភាព។ ជាពិសេសជួយដល់កសិករ ឱ្យមានបច្ចេកទេសក្នុងការធ្វើកសិកម្មមិនត្រឹមតែសម្រាប់ការហូបចុកក្នុងគ្រួសារ ថែមទាំងអាចធ្វើធុរកិច្ចកសិកម្ម ដែលមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ មានសុវត្ថិភាពចំណីអាហារ បង្កើនប្រាក់ចំណូល ពង្រឹងសេដ្ឋកិច្ចគ្រួសារ និង សង្គមជាតិ។ ឯកឧត្តម ក៏បានស្នើឱ្យទីប្រឹក្សាថ្នាក់ជាតិនៃលេខាធិការដ្ឋានកម្មវិធី ASPIRE ដែលជាគ្រូបង្គោលសម្រាប់ធ្វើបទបង្ហាញនាពេលនេះ មេត្តាផ្តោតការយកចិត្តទុក ដាក់ខ្ពស់ បកស្រាយ ពន្យល់ និងធ្វើបទបង្ហាញឱ្យមានភាពសាមញ្ញ ងាយយល់ មានអត្ថប្រយោជន៍ដល់សិក្ខាកាមដែលនឹងត្រៀមខ្លួនចូលទៅបម្រើការងារនៅតាមផ្នែកនីមួយៗនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តគោលដៅកម្មវិធីទាំង២០ខេត្ត នៅពេលខាងមុខ ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល៕

ដោយ ណយ នឿន (ប្រភពៈក្រសួងកសិកម្ម)