អភិបាលខេត្តព្រះសីហនុចុះពិនិត្យទីតាំងអាជីវករលក់មាសនៅផ្សារលើក្រុងព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ -ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំសមត្ថកិច្ចនគរបាល និងអាវុធហត្ថ ចុះពិនិត្យទីតាំងអាជីវករលក់មាសនៅផ្សារលើ ក្រុងព្រះសីហនុ នារសៀលថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ។

ការចុះមកពិនិត្យទីតាំងអាជីវករលក់មាសនៅផ្សារលើនេះ តបតាមបណ្ដឹងរបស់អាជីវករមានករណីចោរគាស់តូបចំនួន ០៣ ក្នុងនោះមានតូបលេខ ១១-១២ និងតូបលេខ ១៤ កាលពីវេលាម៉ោងប្រហែលជាង ៨យប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ កន្លងមកនេះ ធ្វើឱ្យបាត់បង់សម្ភារមួយចំនួន ក្នុងនោះតូបលេខ១១  បានបាត់បង់ប្លាទីនមានដូចជា កងឈុតប្លាទីន ៤២កង, ចិញ្ចៀនប្លាទីន ៩៨វង់, កងឈុត ៦៧ឈុត, ខ្សែជើងប្លាទីន ៣៨ខ្សែ, បន្តោងខ្សែកប្លាទីន ១៨ បន្តោង។ ដោយឡែកតូបពីរផ្សេងទៀត ក៏បាត់បង់ទ្រព្យសម្បត្តិមួយចំនួនផងដែរ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំឱ្យបងប្អូនអាជីវករ បន្តសកម្មភាពលក់ដូរបន្តទៀត ទុកភារកិច្ចនេះឱ្យមន្ត្រីសមត្តកិច្ចជំនាញចុះធ្វើការស្រាវជ្រាវរកជនដៃដល់យក មកផ្តន្ទាទោសតាមផ្លូវច្បាប់ ដើម្បីធានាការពារសុវត្ថិភាពដល់អាជីវករ មានទំនុកចិត្តក្នុងការទុកដាក់សម្ភាររបស់ខ្លួន ជាពិសេសសន្តិសុខផ្សារ ត្រូវតែរឹតបន្តឹងអំពីសន្តិសុខ សុវត្ថិភាពកាន់តែទ្វេដងបន្ថែមទៀត ៕

ដោយ ងូ សុមុនី