លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចុះសួរសុខទុក្ខកុមារកំព្រា នៅមណ្ឌលថែទាំកុមារកំព្រា ខេត្តស្វាយរៀង

AKP ស្វាយរៀង ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ -លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចុះសួរសុខទុក្ខកុមារកំព្រា ដែលកំពុងស្នាក់នៅក្នុងមណ្ឌលថែទាំកុមារកំព្រាខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពី តំណាងរបស់ធនាគារ MGN Emperor Bank Plc. ផងដែរ កាលពីរសៀលថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែនឹករលឹកដល់កុមារកំព្រា ដែលបាននិងកំពុងស្នាក់នៅគ្រប់មណ្ឌលថែទាំ កុមារកំព្រានៅខេត្ដស្វាយរៀងនេះ និងក៏ដូចនៅទូទាំងប្រទេសផងដែរ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានធ្វើការផ្តាំផ្ញើដល់កុមារកំព្រាទាំងអស់ត្រូវចេះថែរក្សាសុខភាព និងចេះថែរក្សា អនាម័យក្នុងការរស់នៅ ដូចជា រស់នៅស្អាត ហូបស្អាត ត្រូវចៀសឱ្យផុតពីគ្រឿងញៀន និងត្រូវប្រឹងប្រែងខិតខំរៀនសូត្រ ។ ចំណែកលោកគ្រូ អ្នកគ្រូវិញត្រូវបន្ថែមការយកចិត្តិទុកដាក់ក្នុងការថែទាំ និង ធ្វើការអប់រំកុមារដែលបានរស់នៅក្នុងមណ្ឌលស្វាយរៀងនេះឱ្យដូចជាកូនបង្កើតរបស់ខ្លួនផងដែរ។

លោកជំទាវ ឧបនាយករដ្ឋមន្រ្តី ក៏បានឧបត្ថម្ភដល់កុមារកំព្រាចំនួន ៣៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៣ម៉ឺនរៀល មី ១កេស ទឹកក្រូច ៦កំប៉ុង នំ ៤កញ្ចប់ ទឹកបរិសុទ្ធ ៤ដប។ ដោយឡែកសម្រាប់លោកគ្រូ អ្នកគ្រូ ចំនួន ៩នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០ម៉ឺនរៀល មី ១កេស នំ ៦ដុំ ។ សម្រាប់មណ្ឌលក៏ទទួលបានអង្ករ ២០បាវ ទឹកត្រី ៦០ដប ទឹកស៊ីអ៊ីវ ៦០ដប ត្រីខ ២កេស ទឹកដោះគោ ២កេស ស្ករស ៥០គីឡូក្រាម និងថវិកា ២ពាន់ដុល្លារអាម៉េរិក ដែលជាថវិការសប្បុរសជន នៃធនាគារ MGN Emperor Bank Plc ទុកសម្រាប់ផ្គត់ផ្គង់អារហារប្រចាំថ្ងៃជូនដល់កុមការកំព្រានោះផងដែរ៕

ដោយសួស សំរិត