សម្តេចប្រធានព្រឹទ្ធសភា ទទួលជួបសវនាការជាមួយលេខាធិការមជ្ឈិមបក្សកុម្មុយនីស្ត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ -កាលពីរសៀលថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងទី១៩ខែសីហា ឆ្នាំ២០១៩ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយឯកឧត្តម ង្វៀន វ៉ាន់ណេន (NGUYEN VAN NEN)លេខាធិការមជ្ឈិមបក្សកុម្មុយនីស្ត និងជាប្រធានខុទ្ទការល័យមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ។

ក្នុងនាមព្រឹទ្ធសភា និងប្រជាជនកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវមនោ សញ្ចេតនាសប្បាយ និងស្វាគមន៍ដ៏កក់ក្តៅបំផុតចំពោះឯកឧត្តម និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ។ សម្តេចប្រធានព្រឹទ្ធ សភា មានសង្ឃឹមយ៉ាងមុតមាំថា តាមរយៈដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាឱកាសនេះ គឺពិតជាបានរួមចំណែកយ៉ាងធំធេងក្នុងការពង្រឹង និងពង្រីកនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ដែលមានតាំងពីយូរលង់ណាស់មកហើយ។

          ឯកឧត្តម ង្វៀន វ៉ាន់ណេន បានថ្លែងអំណរគុណចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលដ៏មានតម្លៃអនុញ្ញាតឱ្យគណៈប្រតិភូ បានចូលជួបសម្តែងការគួរសមនាពេលនេះ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមក៏បានពាំនាំនូវការសួរសុខទុក្ខពីលោកជំទាវប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំនៃប្រទេសវៀតណាម ជូនចំពោះសម្តេចប្រធានព្រឹទ្ធសភាក៏ដូចជាថ្នាក់ដឹកនាំ សមាជិកសមាជិកាព្រឹទ្ធសភា។ ឯកឧត្តមបានសម្តែងនូវការអបអរសាទរចំពោះការរីកចម្រើន និងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស លើគ្រប់វិស័យរបស់ប្រទេសកម្ពុជាក្រោមការដឹក នាំរបស់រាជរដ្ឋាភិបាល និងរបស់ព្រឹទ្ធសភា រដ្ឋសភាកម្ពុជាផងដែរ។

ឯកឧត្តម ង្វៀន វ៉ាន់ណេន បានសម្ដែងនូវសេចក្តីរីករាយដោយមើលឃើញប្រទេសទាំងពីរ មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ប្រកបដោយចីរភាព និងស្ថិរភាព។ ឯកឧត្តមក៏បានសម្ដែងនូវសេចក្តីរីករាយ ផងដែរចំពោះរដ្ឋសភាវៀតណាម និងព្រឹទ្ធ សភាកម្ពុជា ដែលមានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី និងការចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិនានា ដូចជា APU AIPA ។ល។

ឯកឧត្តម ង្វៀន វ៉ាន់ណេន បានកោតសរសើរ នូវការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និង ស្ថាប័នពាក់ព័ន្ធ ចំពោះការងារបោះបង្គោលព្រំដែន បង្គោលខណ្ឌសីមារវាងប្រទេសទាំងពីរ ។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ដែលបានជួយជំរុញដល់ស្ថាប័នពាក់ព័ន្ធ ឈានដល់ការចុះហត្ថលេខាលើឯកសារទទួលស្គាល់ការបោះបង្គោលព្រំដែន និងបង្គោលខណ្ឌសីមា ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ នាខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ។

ឯកឧត្តម ង្វៀន វ៉ាន់ណេន បានថ្លែងអំណរគុណចំពោះប្រជាជនកម្ពុជា ដែលបានជួយប្រជាជនវៀតណាម ក្នុងពេលដែលប្រទេសវៀតណាមជួបការលំបាក។ ជាមួយគ្នានេះឯកឧត្ត ម សង្ឃឹមជឿជាក់ថា ក្រោមការដឹកនាំរបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងកាន់តែរឹងមាំថែមទៀត។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងអំណរគុណចំពោះប្រសាសន៍ដ៏ថ្លៃថ្លារបស់ឯកឧត្តម ង្វៀន វ៉ាន់ ណេន ដែលបានថ្លែងសរសើរអំពីទំនាក់ទំនងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាការរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវសេចក្តីរីករាយដែលបានមើលឃើញនូវទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ មានការរីកចម្រើនជាបន្តបន្ទាប់។ ការរីកចម្រើននេះបានស្តែងឡើងតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមករវាងថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំជាន់ខ្ពស់ ថា្នក់ដឹកនាំតាមក្រសួង ស្ថាប័ន អង្គការមហាជន ក៏ដូចជាការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ ក៏ដូចជាការគាំទ្រគ្នាក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការ វេទិកាអន្តរជាតិនានា។

ក្នុងនាមព្រឹទ្ធសភា និងប្រជាជនកម្ពុជា សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណនិងដឹងគុណជានិច្ចចំពោះបក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាម ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់បុព្វហេតុដ៏ត្រឹមត្រូវរបស់ប្រជាជនកម្ពុជាក្នុងគ្រប់ដំណាក់កាល។ ប្រទេសកម្ពុជាសូមប្តេជ្ញារក្សាគោលជំហរឥតងាករេនូវការពង្រឹង និងពង្រីកនូវចំណងសាមគ្គីភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្រោមពាក្យស្លោកអ្នកភូមិផងល្អ មិត្តភាពជាប្រពៃណីកិច្ចសហប្រតិបត្តិការគ្រប់វិស័យ និងយូរអង្វែង។

សម្តេចប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា ព្រឹទ្ធសភាកម្ពុជាសូមគាំទ្រទាំងស្រុងនូវរាល់កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងចាត់ទុកលទ្ធផលដ៏ធំធេងទាំងនេះគឺជាមូលដ្ឋានគ្រឹះ ដែលធានាដល់ការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅកម្ពុជាទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ ក្នុងនោះព្រឹទ្ធសភាសូមគាំទ្រទាំងស្រុងនូវការពិភាក្សា និងបោះបង្គោលព្រំដែន និងបង្គោលខណ្ឌសីមា រវាងប្រទេសទាំងពីរ និងបន្តលើកទឹកចិត្តឱ្យរដ្ឋាភិបាល នៃប្រទេសទាំងពីរ ដោះស្រាយបញ្ហាព្រំដែនឱ្យបានឆាប់ទៅតាមលទ្ធភាពដែលអាចធ្វើបានដើម្បីកសាងតំបន់ព្រំដែន នៃប្រទេសទាំងពីរនេះឱ្យក្លាយទៅជាព្រំដែនសន្តិភាព ស្ថិរភាពមិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ដើម្បីទុកជាមរតកសម្រាប់កូនចៅទាំងជំនាន់នេះនិងជំនាន់ក្រោយ។

ក្នុងនាមព្រឹទ្ធសភាកម្ពុជា សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋសភាវៀតណាម ដែលតែងតែផ្តល់ជំនួយឧបត្ថម្ភជាសម្ភារដល់ព្រឹទ្ធសភាកម្ពុជាឆ្លើយតាមទៅតាមសំណូមពររបស់ព្រឹទ្ធសភាកម្ពុជា។ តាមរយៈជំនួយឧបត្ថម្ភទាំងនោះ ពិតជាបានរួមចំណែកដល់ការជួយលើកកម្ពស់សមត្ថភាពស្ថាប័ន និងលើកកម្ពស់សមត្ថភាពមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។ ព្រឹទ្ធសភាបាននិងកំពុងប្រើប្រាស់នូវជំនួយឧបត្ថម្ភទាំងអស់នោះប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ។

តាមរយៈគណៈប្រតិភូ សម្តេចប្រធានព្រឹទ្ធសភាបានផ្តាំផ្ញើនូវការសួរសុខទុក្ខចំពោះលោកជំទាវប្រធានរដ្ឋសភាវៀតណាម ដោយសេចក្តីគោរពនឹករលឹក  និងរាប់អានដ៏ខ្ពង់ខ្ពស់ ។ ជាមួយគ្នានេះសម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេងដែលប្រជាជនវៀតណាមសម្រេចបាន ក្រោមការដឹកនាំដ៏ភ្លឺស្វាងរបស់បក្សកុម្មុយនីស្តវៀតណាមដែលមានឯកឧត្តម ង្វៀន ភូត្រុង ជាអគ្គលេខាធិការ និងសូមប្រសិទ្ធពរជូនបក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម សម្រេចបានជ័យជម្នះក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី ដើម្បីកសាងប្រទេសវៀតណាម ទៅជាប្រទេសឧស្សាហកម្មជឿនលឿនស្របតាមទិសដៅដែលមហាសន្និបាតលើកទី១២ របស់បក្សកុម្មុយនីស្តវៀតណាមបានកំណត់៕

ដោយ ប៉ាល់ សុង