ប្រធានមន្ទីរអប់រំខេត្តបន្ទាយមានជ័យ លើកឡើងថា ការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិថ្ងៃទី១ នៅទូទាំងខេត្ដបាន​ដំណើរការល្អ

AKP បន្ទាយមានជ័យ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ -លោក ឈូរ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានលើក​ឡើង ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅ​ថ្ងៃទី១ ត្រូវនឹងថ្ងៃទី១៩​ខែ សីហា ឆ្នាំ២០១៩ នៅតាមទីកន្លែងទាំងអស់នៃមណ្ឌលប្រឡង​ទាំង៧​ក្នុងខេត្តបន្ទាយមាន​ជ័យ ​បានដំណើរការទៅល្អ និងមានភាពរលូនដោយរក្សាបាននូវ​សុវត្ថិភាពសន្តិសុខសណ្តាប់​ធ្នាប់ រៀប​រយទាំងក្នុងនិងក្រៅមណ្ឌលប្រឡងគឺមានភាពស្ងប់ស្ងាត់។ លោកបន្ដថា បេក្ខជន​ប្រឡង គោរពតាមបទប្បញ្ញាត្តិដែលក្រសួងអប់រំបានដាក់ចេញ ហើយមន្ដ្រីអប់រំគ្រប់លំដាប់​ថ្នាក់​អនុវត្តន៍ការងារប្រកបរដោយការទទួលខុសត្រូវខ្ពស់ និងគោរព​តាមកម្រងភារកិច្ច និងសេចក្ដី ណែនាំបច្ចេកទេសរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមានកិច្ចសហការយ៉ាងជិតសិ្នទ្ធ​ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ពីអាជ្ញាធរគ្រប់លំ​ដាប់ថ្នាក់ ក្រសួង មន្ទីរ ស្ថាប័ន ពាក់​ព័ន្ធ។ លោកប្រធានមន្ទីរ​បញ្ជាក់ទៀតថា នៅតាមមណ្ឌលប្រឡងនីមួយៗ មានភាពស្ងប់​ស្ងាត់ របៀប រៀបរយ និងសណ្ដាប់ធ្នាប់ល្អ។ ជាមួយគ្នានេះ ដំណើរការសំណេរ នៅតាម​មណ្ឌល​នីមួយៗ ប្រព្រឹត្តទៅបានយ៉ាងល្អប្រសើរ ដោយសារមានការបំពេញការងារ ប្រកប​ដោយការយកចិត្ត ទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគ​ គណៈអប្បមាទ​ប្រចាំ​មណ្ឌល ជំនួយការ អប្បមាទ​ ប្រធាន អនុប្រធានមណ្ឌលប្រឡង គណៈកម្មការកណ្ដាល គណៈកម្មការត្រួត ពិនិត្យអគារ និងគណៈកម្មការអនុរក្ស។ សម្រាប់បេក្ខជនបាន​គោរពបទ​ប្បញ្ញត្តិនៃការប្រឡង បានយ៉ាងល្អនិងបាន​ខិតខំប្រឹងប្រែងធ្វើកិច្ចការទៅតាមសមត្ថភាពរបស់ ខ្លួនរៀងៗខ្លួនដោយ មិនយកសំណៅឯក​សារ ទូរសព្ទដៃ ឬឧបករណ៍អេឡិចត្រូនិកចូលក្នុង​មណ្ឌលប្រឡងឡើយ​។ ទន្ទឹមនេះ សម្រាប់ថ្ងៃទី១នេះ បេក្ខជនថ្នាក់វិទ្យាសាស្ដ្របានប្រឡង​មុខវិជ្ជាប្រវត្តិវិទ្យា គីមីវិទ្យា ជីវវិទ្យា និងភាសាបរទេស ចំណែកឯបេក្ខជនថ្នាក់វិទ្យា​សាស្ដ្រ​សង្គម បានប្រឡងមុខវិជ្ជា ផែនដី និងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា និងភាសាបរទេស។

​លោក ឈូរ ប៊ុនរឿង ​ បាន​បន្ថែមថា​ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​ ឆ្នាំ២០១៩នេះនៅខេត្តបន្ទាយមានជ័យគឺមានបេក្ខជនប្រឡងសរុប៤.៩១៧នាក់ ស្រី២.៥៨៧​នាក់ បើធៀបទៅនឹងឆ្នាំ២០១៨ កន្លងទៅ មានការកើនឡើង៣៩៧នាក់​។ ​មណ្ឌល ប្រឡងឆ្នាំនេះ មានចំនួន៧​ពោលគឺមានការកើនឡើង​១មណ្ឌល និង​មានបន្ទប់១៩៨បន្ទប់។ ​មណ្ឌលប្រឡងទាំង៧មណ្ឌល​រួមមាន វិទ្យាល័យ​សិរីសោភ័ណ​, វិទ្យាល័យ​សម្ដេច​ឪ​,​ សាលាបឋមសិក្សា​ ហ៊ុន​ សែន​ សូភី​,​ សាកលវិទ្យាល័យ​ UME,​ វិទ្យាល័យ​ ហ៊ុន​ សែន​ ខ្លាកូន​,​ វិទ្យាល័យ​ អូរអំបិល​ និងសាកលវិទ្យាល័យ​មានជ័យ។

​សូមរម្លឹកថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាលពីឆ្នាំ២០១៨ នៅទួទាំង​​ខេត្តបន្ទាយមានជ័យ​មាន​បេក្ខជន​​​ ​​ប្រឡង​ជាប់​ចំនួន​២.២៥១​នាក់ ​ស្រី ១.២០៣​នាក់ ត្រូវជា ៥៣.៣​ភាគរយ ​ក្នុងនោះ​និទ្ទេស A ចំនួន​១៣​នាក់ ស្រី ៣​នាក់ ។

ក្នុងឱកាសបើកវិញ្ញាសារប្រឡងកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានជូនពរក្មួយៗទាំងអស់មានសុខភាពល្អសុខសុវត្ថិភាពក្នុងការធ្វើដំណើរទាំងទៅទាំងមកប្រឡង និងសូមឱ្យប្រឡងធ្វើយ៉ាងណាឱ្យបាននិទ្ទេសAច្រើន​ដើម្បីលើកមុខមាត់ខេត្ត។ ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ថា សម្រាប់បេក្ខជនប្រឡង​ជាប់​​ទទួលបាននិទ្ទេស A ឯកឧត្ដម នឹងផ្តល់រង្វាន់លើកទឹកចិត្ត IPhone ថ្មី ១គ្រឿង ហើយ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ផ្តល់ម៉ូតូ ថ្មី១គ្រឿងផងដែរ៕

ដោយ ឈុន សារ៉ាត