លោកជំទាវ ពុំ ចន្ទីនី អញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែង នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ — ប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញបានបេ្តជ្ញាចិត្តថា ពង្រីកសកម្ម ភាពមនុស្សធម៌របស់ខ្លួនឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីធានាប្រសិទ្ធភាពនៃការផ្តល់ កិច្ចអន្តរាគមន៍ជួយសង្គ្រោះជនរងគ្រោះ និងជនងាយរងគ្រោះនានា ឱ្យបានទាន់ពេលវេលា។     ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជារាជធានីភ្នំពេញ ថ្លែងដូច្នេះនៅក្នុងពិធីប្រកាសចូលកាន់តំណែងរបស់លោក ជិន ប៊ុនធឿន ជានាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩។

ឯកឧត្ដម ឃួង ស្រេង បានបន្ដថា  សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បាន និងកំពុងរៀបចំផែនការយុទ្ធសាស្រ្តរបស់ខ្លួន ដោយខិតខំប្រឹងប្រែងបំពេញបេសកកម្ម មនុស្សធម៌ឱ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត ក្នុងបុព្វហេតុរួមចំណែកក្នុងវិស័យមនុស្ស ធម៌តាមរយៈការជួយសង្គ្រោះជីវិតមនុស្សការដោះ ស្រាយភាពខ្វះខាត និងទុក្ខលំបាករបស់ ជនរងគ្រោះនិងជនងាយរងគ្រោះ។  កិច្ចខំប្រឹងប្រែង ក្នុងសកម្មភាពមនុស្សធម៌នេះ ក្នុងន័យ ជួយពន្លឿនការកាត់បន្ថយអត្រាភាព ក្រីក្រការអភិវឌ្ឍសហគមន៍ និងការលើកកម្ពស់ កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ឱ្យកាន់តែមាន ភាពប្រសើរឡើង។

ឯកឧត្ដមបន្តថា ក្នុងតួនាទីជាជំនួយការឱ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌ សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានប្រើប្រាស់ធនធានរបស់ខ្លួនដើម្បីឆ្លើយតប ចែករំលែកការលំបាករបស់បងប្អូនប្រជាពលរដ្ឋ និងបានបំពេញនូវបេសកកម្ម មនុស្សធម៌ជាច្រើន ក្នុងការជួយសង្គ្រោះដល់ជនរងគ្រោះ និងជនងាយរងគ្រោះរួមមាន៖ ចាស់ជរាជនគ្មានទីពឹង ស្ត្រីមេម៉ាយ ស្ត្រីសម្រាលកូនកុមារគថ្លង់ យុវជនញៀនថ្នាំ ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ ជាពិសេសបានអន្តរាគមន៍បានទាន់ពេលវេលា ចំពោះគ្រោះ មហន្តរាយផ្សេងៗដែលបានកើតមានក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដូចជាគ្រោះអគ្គិភ័យ ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត បាក់ច្រាំងទន្លេ និងគ្រោះថ្នាក់ចរាចរណ៍ជាដើម ស្របតាមទិសស្លោកទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជាបានមានប្រសាសន៍ នៅក្នុងពិធីប្រកាសចូលកាន់តំណែងនាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញថា សូមសម្តែងនូវការកោតសរសើរដល់កាកបាទក្រហមកម្ពុជាសាខារាជធានីភ្នំពេញ ដែល បានបំពេញបេសកកម្មភាពមនុស្ស ក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសើរ និងមាន ប្រសិទ្ធភាពខ្ពស់ក្នុងការជួយសង្គ្រោះដល់ជនរងគ្រោះ និងជនងាយរងគ្រោះ។

លោកជំទាវបានអះអាងថា ការរៀបចំរចនាសម្ព័ន្ធរបស់សាខាថ្នាក់រាជធានីរហូតដល់ សហគមន៍ដ៏រឹងមាំនេះបានផ្តល់សេវាត្រៀមបង្ការ និងឆ្លើយតបគ្រោះមហន្តរាយនឹងជួយ សម្រាលទុក្ខលំបាករបស់ជនរងគ្រោះ និងជនងាយរងគ្រោះប្រកបដោយប្រសិទ្ធភាព ហើយទាន់ពេលវេលា។

លោកជំទាវបានសង្កត់ធ្ងន់ថា ការងារមនុស្សធម៌ជាការងារដ៏ធំធេងធ្ងន់ធ្ងរតែវា ឧត្តុង្គឧត្តមណាស់មិនអាចតួរអង្គណាម្នាក់ស្ថាប័នណាមួយឬប្រទេសណាមួយអាចសម្រេចកិច្ចការនេះតែឯកឯងបានឡើយ។ ដូច្នេះចាំបាច់ឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងការ ជួយឧបត្ថម្ភគាំទ្រពីសម្បុរជនជាតិអន្តរជាតិនានាបន្ថែមទៀត ដើម្បីឱ្យស្ថាប័នមនុស្ស មួយនេះ កាន់តែបំពេញបាននូវតួនាទីរបស់ខ្លួនជួយដល់ជនរងគ្រោះ និងងាយរងគ្រោះនានា នៅក្នុងសង្គម។

លោក ជិន ប៊ុនធឿន  ក្នុងនាមជានាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា សាខារាជធានីភ្នំពេញថ្មីបានប្តេជ្ញាចិត្តថា អនុវត្តន៍ការងារឱ្យបានល្អ ដោយប្រកាន់ខ្ជាប់ នូវគោលការណ៍គ្រឹះទាំង៧ នៃចលនាអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម ដើម្បីឆ្លើយតបចំពោះទំនុកចិត្តរបស់ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា៕

ដោយ សួស សំរិត