ឯកឧត្ដម ហង់ ជួនណារ៉ុន និងឯកឧត្ដម ឃួង ស្រេង អញ្ជើញចូលរួមបើកវិញ្ញាសាប្រឡងសញ្ញាបត្របាក់ឌុប នៅវិទ្យាល័យព្រះស៊ីសុវត្ថិ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ — ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំយុវជន និងកីឡា និងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមបើក​វិញ្ញាសា​​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា នៅ​មណ្ឌល​​ប្រឡង​វិទ្យាល័យ ព្រះស៊ីសុវត្ថិ ​នាថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩។

ឯកឧត្ដម ហង់ជួន ណារ៉ុន បានបញ្ជាក់ថា សម្រាប់សិស្សត្រូវប្រឡងយកសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ នាពេលនេះ បេក្ខជន និងមន្ត្រីគ្រប់គ្រងការប្រឡងត្រូវអនុវត្តន៍ឱ្យបាន ខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិទាំងឡាយ ដែលក្រសួងបានកំណត់ធ្វើយ៉ាងណាឱ្យការប្រឡងប្រព្រឹត្ត ទៅដោយជោគជ័យនិងត្រឹមត្រូវ និងមានគុណភាពបើចេះត្រូវតែជាប់ខ្លួនទីពឹងខ្លួនបើគ្មាន ចំណេះមិនរៀនគឺមិនទទួលបានលទ្ធផលឡើយ។

ឯកឧត្ដម ហង់ជួន ណារ៉ុន  បានបញ្ជាក់ទៀតថា លោកសូមអំពាវនាវទៅកាន់បេក្ខជន ប្រឡងទាំងអស់ត្រូវខិតខំឆ្លើយនូវសំណួរឱ្យបានត្រឹមត្រូវ និងខិតខំធ្វើសំណេរឱ្យបាន គ្រប់វិញ្ញាសា ជាពិសេស ត្រូវគោរពប្រកាន់ខ្ជាប់នូវប្បញ្ញត្តិដែលក្រសួងបានកំណត់ឱ្យ។ ទន្ទឹមនឹងនេះដែរ លោកគ្រូអនុរក្សត្រូវគ្រប់គ្រងការប្រឡងត្រូវប្រកាន់ភ្ជាប់ អនុវត្តន៍តួនាទីភារ កិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរសម្រេច ឱ្យបានជោគជ័យនូវការប្រឡងនេះ។

ឯកឧត្ដមរដ្ឋមន្ត្រី សូមឱ្យប្អូនៗទាំងអស់ ត្រូវគោរពទៅតាមបទប្បញ្ញត្ដិរបស់ក្រសួង ហើយ លោកគ្រូ អ្នកគ្រូ ដែលជាបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ប្រធានមណ្ឌលអនុ គណៈកម្មាធិការ ជាពិសេសសូមឱ្យអប្បមាទទាំងអស់ និងជំនួយការអប្បមាទ និងអនុរក្ស ទាំងអស់ ត្រូវបំពេញការងារទៅតាមកម្រងភារកិច្ចរៀងៗខ្លួនដើម្បីធានាឱ្យបានថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដំណើរការទៅដោយរលូនប្រកបដោយជោគជ័យហើយនិង អាចរក្សាបាននូវសមទ្ធិផលដែលក្រសួងអប់រំយុវជននិងកីឡាសម្រេចបានក្នុង រយៈពេល៥ឆ្នាំនេះ។  ឯកឧត្តមរដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ក៏បានជូនពរឱ្យបេក្ខជនដែល ត្រូវប្រឡងនៅថ្ងៃនេះទាំងអស់ត្រូវទទួលបាននូវជោគជ័យគ្រប់ៗគ្នាផងដែរ។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ដែរថា អាជ្ញាធររាជ ធានីភ្នំពេញ បានត្រៀមកម្លាំងការពារមណ្ឌលប្រឡងរួចរាល់ហើយអស់ដែរ ពិសេសអាជ្ញាធរ គ្រប់ជាន់ថ្នាក់ បានសហការជាមួយកម្លាំងសមត្ថកិច្ចគ្រប់បណ្ដាខណ្ឌនីមួយៗបានពង្រាយ កម្លាំងការពារតាមបណ្ដាផ្លូវនានានៅរាជធានីភ្នំពេញ កុំឱ្យមានការកកស្ទះចរាចរណ៍។ ដូច្នេះ កម្លាំងសមត្ថកិច្ចត្រូវជួយសម្រួលចរាចរណ៍ឱ្យបានល្អ ទាន់ពេលវេលាផង ពិសេសការពារ សុវត្ថិភាពតាមដងផ្លូវឱ្យល្អផង៕

ដោយ សួស សំរិត