រដ្ឋមន្រ្ដីក្រសួងព័ត៌មាន៖ ការយល់ពីបញ្ហាផ្លូវចិត្ត ធ្វើឱ្យយើងចៀសវាងបាននូវការប៉ះ​ទង្គិចផ្លូវចិត្ត និងបញ្ហាសង្គម

AKP ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ — រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានលើកឡើងថា ការយល់ពីបញ្ហាផ្លូវចិត្ត ធ្វើឱ្យយើងចៀសវាង​បាននូវ​ការប៉ះទង្គិចផ្លូវចិត្ត និងបញ្ហាសង្គម ហើយអ្វីដែលសំខាន់ដំបូងបំផុត ការផ្តល់សេចក្តីសុខ​ឱ្យខ្លួនឯង និងក្រុមគ្រួសារ។

ថ្លែងក្នុងសិក្ខាសាលាឈ្វេងយល់ស្ដីពីសុខភាពផ្លូវចិត្ត” ដែលរៀបចំឡើងដោយ Glob Action បានប្រារព្ធធ្វើកាលពីថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០១៩ នៅសាលប្រជុំ Rain tree ក្នុង​សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា បញ្ហាសុខភាពផ្លូវចិត្ត នៅលើពិភពលោក កំពុងមានការយកចិត្តទុក​ដាក់ណាស់​ ហើយបើនិយាយដល់ បញ្ហានេះ គឺជាការតាំងសមាធិ។ ឯកឧត្ដមបានគូស​បញ្ជាក់ថា កាលពីជំនាន់មុន គេតែងនិយាយថា ចិត្តកើតចេញពីបេះដូង និងថ្លើម ប៉ុន្តែ សម័យបច្ចុប្បន្ននេះ ចិត្តកើតចេញពីខួរក្បាល ហើយខួរក្បាលមាន ២ គឺខួរក្បាលក្នុងខ្លួន និង ខួរក្បាលក្នុងក្បាល។ ឯកឧត្ដមរដ្ឋមន្រ្ដីបន្ដថា តាមរយៈការធ្វើសមាធិ គឺជាផ្លូវមួយ​ដ៏សំខាន់​ក្នុងការកំណត់ខួរក្បាលទាំងពីរ គឺសុខភាពផ្លូវចិត្ត និងផ្លូវកាយ។ ឯកឧត្ដមបានចាត់ទុក ការធ្វើសមាធិ និងរៀននូវព្រះធម៌ ដែលនឹងធ្វើឱ្យមនុស្សយើងមានការចងចាំបានល្អណាស់ ហើយ​ធ្វើឱ្យមានអារម្មណ៍ល្អ ស្ងប់ក្នុងចិត្ត និងមានអាយុវែងថែមទៀតផង។ ឯកឧត្ដមរដ្ឋមន្រ្ដីក៏ បាន​កោតសរសើរចំពោះក្រុមការងារ និងវាគ្មិនទាំងអស់ ដែលបានរៀបចំកម្មវិធីនេះឡើង ដើម្បី​ផ្តល់​នូវបទពិសោធន៍ល្អៗជាច្រើនដល់អ្នកចូលរួម សម្រាប់ចែកបន្តនូវគំនិតល្អៗទាំងនេះ ជា​ប្រយោជន៍ដល់សង្គមជាតិ។ព្រះភិក្ខុវដិប្បញ្ញោ គូ សុភាព បានមានសង្ឃដីកាថា ការធ្វើសមាធិ គឺជាការ បើកទ្វារ​ស្វាគមន៍សេចក្តីសុខ ចិត្តដែលមានរោគ គឺអព្វមង្គលសម្រាប់ជីវិត។ ព្រះអង្គបន្ដថា សមាធិ​ដែលល្អ អាចកម្ចាត់រោគក្នុងចិត្តបាន ហើយបានផ្តលនូវសុភមង្គលដល់ជីវិត។ ជាមួយគ្នានេះ កំហឹងនាំទុក្ខ​ដល់ខ្លួនរបស់អ្នក ច្រើនជាងអ្នកដ៏ទៃ កំហឹងគឺជាច្រកទ្វារនៃកំហុសទាំងឡាយ។ ព្រះអង្គពន្យល់ថា មនុស្សខឹងច្រើន ជាមនុស្សល្ងង់ ព្រោះចូលចិត្តដុតខ្លួនឯង ហើយសមាធិ គឺជាឱសថដ៏ពូកែស័ក្តិសិទ្ធិ ជួយព្យាបាលសុខភាពផ្លូវចិត្ត ឱ្យមានភាពរឹងប៉ឹង អាចគ្រប់គ្រងចិត្ត មិនឱ្យអណ្តែតអណ្តូងទៅតាមសភាពខាងក្រៅ ។
បើតាមការបញ្ជាក់របស់ កញ្ញា អាជាណា ឡឺហ្គាស សុវណ្ណរស្មី ស្ថាបនិក Glob Action បានគូសបញ្ជាក់ថា គោលបំណងក្នុងសិក្ខាសាលានេះ គឺដើម្បីដាស់សតិអារម្មណ៍ប្រជាជនខ្មែរ ឱ្យរៀនទទួលយកអំពីខ្លួនឯង និងរៀនអំពីសមាធិ។ កញ្ញាក៏បានលើកឡើងពីប្រវត្តិផ្ទាល់ខ្លួន របស់នាង ដែលកើតជំងឺមហារីក ហើយត្រូវធ្វើការព្យាបាលរយៈពេលយ៉ាងយូរ ដោយ ពេលនោះ រូបនាងមិនមានសង្ឈឹមថាបានរស់ដល់ថ្ងៃនេះទេ។ ទន្ទឹមនេះ នៅក្នុងដំណាក់​កាល​នោះ រូបនាងរស់នៅក្នុងភាពឯកការបំផុត ប៉ុន្តែដោយការតាំងចិត្ត និងការរៀនធ្វើសមាធិ បាន ធ្វើឱ្យអារម្មណ៍របស់នាងអាចទទួលយកអ្វីៗ ដែលកើតមានលើរូបនាង ហើយទទួលយកការ​លំបាក និងរឿងរ៉ាវគ្រប់ប្រភេទ។

កញ្ញាបានចាត់ទុកថា ការតាំងសមាធិបានជួយឱ្យអារម្មណ៍ របស់នាងមានភាពស្ងប់​ស្ងាត់ និងជម្នះរាល់បញ្ហាដែលកើតមានឡើង រហូតដល់នាងបានរស់រានមានជីវិត មកដល់​ថ្ងៃនេះ។ លើពីនេះទៀត ការរៀនធ្វើសមាធិ និងការសមាធិ គឺដើម្បីថាមពលជីវិត ជាមាគ៌ា ឆ្ពោះទៅកាន់ ភាពជោគជ័យ និងសេចក្តីសុខ។ ការធ្វើសមាធិគឺមិនបានអ្វីមកនោះទេ តែអ្វី​ដែល​យើង​ទទួលបាន តាមរយៈការធ្វើសមាធិ គឺបាត់បង់កំហឹង ការថប់អារម្មណ៍ ការធ្លាក់ទឹក​ចិត្ដ និងចិត្តរវើរវាយ ការភ័យខ្លាច ជាដើម។

សូមបញ្ជាក់ថា ក្នុងដំណើរការនៃអង្គសិក្ខាសាលានេះដែរក៏មានការអញ្ជើញ ចូលរួម​ពីវាគ្មិនកិត្តិយស រួមមាន លោក នឹម ឈុន្នី ស្ថាបនិកក្រុមហ៊ុនបណ្តុះបណ្តាល VIPASSA ព្រះភិក្ខុវដិប្បញ្ញោ គូ សុភាព សាស្រ្តាចារ្យ នៅសាកលវិទ្យាល័យ បញ្ញាសាស្រ្តកម្ពុជា ឯកទេស​ផ្នែកគ្រប់គ្រង និងភាពជាអ្នកដឹកនាំ ចរិយាវិទ្យា និងបណ្តុះគុណធម៌ ហើយព្រះអង្គក៏ជាអ្នក​និពន្ធសៀវភៅ ដ៏ពេញនិយមមានឈ្មោះថា អាហារផ្លូវចិត្ត និង ជំនួយសុខភាពផ្លូវចិត្តផងដែរ៕

ដោយ រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា