ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ពីការជំរុញកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសវៀតណាមឱ្យកាន់តែប្រសើរឡើងថែមទៀត

AKP ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជា​ក់​ពី​កា​រ​ជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសវៀតណាមឱ្យកាន់តែប្រសើរឡើងថែមទៀត​ លើ​គ្រ​ប់វិស័យ ដូចជាការពង្រីកទំហំពាណិជ្ជកម្ម និងខិតខំរួមគ្នាដោះស្រាយបញ្ហាព្រំដែន​ដែលនៅ​សេ​​សសល់ជាដើមនោះ។

នេះបើយោងតាមឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឱ្យដឹងប​ន្ទា​​ប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បា​​នអនុញ្ញាតឱ្យឯកឧត្ដម  ង្វៀន វ៉ាន់ណេន (Nguyen Van Nen) លេខាធិការ​មជ្ឈិម​ប​ក្ស​ និង​ជា​ប្រធានខុទ្ទកាល័យមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្ដែងការគួរសម​នា​ព្រឹ​​ក​ថ្ងៃ​ចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០​១​៩​ នៅ​វិមា​ន​សន្តិភាព។

ឯកឧត្ដម កៅ គឹមហួន បានឱ្យដឹងថា នៅក្នុងជំនួបនេះ អ្វីដែល​សំខា​ន់​គឺការ​ពង្រឹ​ង​នូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ព្រមទាំងបានផ្លាស់ប្ដូរមតិជុំវិញ​អំ​ពីស​ភា​ពការណ៍នៅប្រទេសវៀតណាម និងក្នុងប្រទេសកម្ពុជាផងដែរ។ ក្នុងជំនួបនោះ ឯក​ឧត្ត​មលេ​ខា​មជ្ឈិមបក្សបានមានប្រសាសន៍ថា ឯកឧត្ដមពិតជារីករាយ ដែលបានឃើញ​ពីការ​រីក​​ចម្រើន​រប​ស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ឯ​ក​​ឧត្តម​ពិ​ត​ជារីករាយនូវអ្វីដែលកម្ពុជាទទួលបាន ហើយវៀតណាម នឹងបន្តការពង្រឹងទំនាក់​ទំ​នង​​ក្នុង​ន័​យ​បន្តរក្សាស្ថិរភាព សន្តិភាព និងការអភិវឌ្ឍ ហើយជាពិសេសទៀតគឺការអភិវឌ្ឍ​ព្រំ​ដែន​នៃ​ប្រ​ទេសទាំងពីរ។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អំពីការរីកចម្រើន​រវាង​ទំ​នា​​ក់​ទំនងនៃប្រទេសទាំងពីរ ដែលមិនត្រឹមតែវិស័យការទូតប៉ុណ្ណោះទេ គឺគ្រប់វិស័យ​ទាំង​អ​ស់​សុទ្ធ​តែមានការរីកចម្រើន។ សម្ដេចតេជោក៏បានមានប្រសាសន៍ អំពីស្ថានភាពសេដ្ឋកិច្ចនៅ​ក្នុ​ង​​ប្រទេសកម្ពុជាគឺស្ថិតនៅក្នុងភាពរឹងមាំ ដោយក្នុងរយៈពេលប៉ុន្មានឆ្នាំនេះគឺស្ថិតនៅក្នុងរង្វង់ ៧ភាគរយ ហើយសម្តេចតេជោក៏បានមានប្រសាសន៍លើកឡើង ពីការធ្វើកំណែទម្រង់ ក្នុងពេលនេះ និង​​ពេលខាងមុខ ហើយកម្ពុជានឹងខិតខំធ្វើយ៉ាងណាពង្រីកទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រ​តិ​បត្តិ​​ការនៃប្រទេសទាំងពីរ ជាពិសេសលើការបង្កើនទំហំ ពាណិជ្ជកម្មនៃប្រទេសទាំងពីរនេះ ដែ​ល​មានប្រមាណជាង៥ពាន់លានដុល្លារអាម៉េរិកនោះ ឱ្យមានការកើនឡើងបន្តទៀត និង​ខិ​ត​ខំធ្វើ​យ៉ាងណាធ្វើការរួមគ្នាបន្តទៀត ជាពិសេ​ស​ការខិតខំដោះស្រាយបញ្ហាព្រំដែន​នៃប្រ​ទេ​ស​​ទាំងពីរដែលនៅសេសសល់ផងដែរ៕

ដោយ ជឹម ណារី