ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកភាពចុះបញ្ជីឱ្យក្រុមហ៊ុនឯកជនចំនួន៥ វិនិយោគនៅកម្ពុជាក្នុងទំហំទឹកប្រាក់ជាង ២០លានដុល្លារ

AKP ភ្នំពេញ ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០១៩ — តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុននោះ គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេស​កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចឯកភាព ចុះបញ្ជីឱ្យក្រុមហ៊ុនឯកជនចំនួន៥ វិនិ​យោគនៅកម្ពុជាក្នុងទំហំទឹកប្រាក់ជាង២០លានដុល្លារ ជាមួយឱកាសការងារ​ជាច្រើនរាប់ ពាន់កន្លែង។

យោងតាមការប្រកាសពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ​ថា គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា បានសម្រេចចេញវិញ្ញាបន​បត្រ​​ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន ១) “ZHEJIANG CHISHUN FOAM CO.,LTD.”: គម្រោងបង្កើតរោងចក្រផលិតអេប៉ុងគ្រប់ប្រភេទ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់​សេដ្ឋ​កិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី មានទុនវិនិយោគចំនួន ២.១ លាន ដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៤១កន្លែង។ ២) ក្រុមហ៊ុន “XIN CHI XING PACKAGING CO., LTD.”: គម្រោងបង្កើតរោងចក្រផលិតកេសកាតុង មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់​សេដ្ឋកិច្ចពិសេសតាយសេង ក្នុងក្រុងបាវិត ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ២.៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២១០នាក់។ ៣) ក្រុមហ៊ុន “CHIANG CU WIRE & CABLE CO.,LTD.”: គម្រោងបង្កើតរោងចក្រផលិតខ្សែភ្លើង និងខ្សែកាប មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ៣.២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ បានចំនួន ២៤៣កន្លែង។ ៤) ក្រុមហ៊ុន “GORGEOUS STEEL STRUCTURE (CAMBODIA) CO.,LTD.”: គម្រោងបង្កើតរោងចក្រកែច្នៃដែក មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច​ពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ​បានចំនួន ៨៤កន្លែង។ ៥) ក្រុមហ៊ុន “WING ART LIGHTING AND GIFTWARE CO., LTD.”: គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង អំពូលលម្អ និងគ្រឿងបង្គុំអំពូលភ្លើងគ្រប់ប្រភេទ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង ក្នុងក្រុងបាវិត ខេត្តស្វាយ​រៀង, មានទុនវិនិយោគប្រមាណ ៧.៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៩៤នាក់៕

ដោយ ម៉ៅ ចរិយា