អភិបាលខេត្ដព្រះសីហនុ ចុះពិនិត្យកន្លែងស្នាក់នៅ និងកន្លែងញាំបាយរបស់បេក្ខជនប្រឡង​សញ្ញា​បត្រមធ្យមសិក្សាទុតិយភូមិ នៅក្នុងខេត្ដ

AKP ព្រះសីហនុ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ — ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញ​ចុះ​ពិនិត្យកន្លែងស្នាក់នៅ និងការពិសារអាហាររបស់បេក្ខជនប្រឡងសញ្ញាបត្រមធ្យម​សិក្សាទុ​តិ​យ​ភូមិ ឆ្នាំសិក្សា ២០១៨-២០១៩ សម័យប្រឡងថ្ងៃទី ១៩-២០ ខែសីហា ឆ្នាំ២០១៩ នៅផ្ទះសំ ណាក់គ្រូបង្រៀន និងផ្ទះសំណាក់កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ស្ថិតក្នុងសង្កាត់​លេខ៣ ក្រុងព្រះសីហនុ។ ការចុះពិនិត្យនេះ ធ្វើឡើងកាលពីថ្ងៃអាទិត្យ ៣រោជ ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ។ ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ណែនាំដល់ប្អូនៗ​ដែលជា​បេក្ខជនប្រឡង​សញ្ញា​បត្រមធ្យមសិក្សាទុតិយភូមិទាំងអស់ ត្រូវតែខិតខំថែរក្សាសុខភាព និងដេកឱ្យបានគ្រប់​គ្រាន់ ដើម្បីត្រៀមខ្លួនចូលប្រឡងតាមសមត្ថ ភាពដែលប្អូនៗបានខិតខំប្រឹងប្រែង​សិក្សារៀន​សូត្រក្នុងរយៈពេល ១០ឆ្នាំកន្លងមក។ ឯកឧត្តមបានបញ្ជាក់ថា ដើម្បីជួយសម្រាលដោះ​ស្រាយ​ការលំបាក និងបញ្ហាប្រឈមរបស់មាតា បិតា អាណាព្យាបាលសិស្ស និងប្អូនៗ ដែលជាបេក្ខ ជន​ដែលមកពីបណ្ដាវិទ្យាល័យឆ្ងាយៗ មានដូចជា វិទ្យាល័យស្រុកព្រៃនប់ ស្រុកកំពង់សិលា និងស្រុកស្ទឹងហាវ ដែលពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយការស្នាក់នៅ និងការ​ហូប​ចុកក្នុងកំឡុងពេលប្រឡង។  រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកន្លែងស្នាក់នៅ និង​ផ្ដល់​​​អាហារបីពេលក្នុងមួយថ្ងៃសម្រាប់បេក្ខជនដែលមកពីវិទ្យាល័យឆ្ងាយៗ រួមមានដូចជា វិទ្យាល័យ ហ៊ុន សែន កំពង់សិលា និងវិទ្យាល័យ ហ៊ុន សែន កែវផុស ក្នុងផ្ទះសំណាក់ ឡេង ទ្រី ស្ថិតនៅក្នុងស្រុកព្រៃនប់ ។

ចំពោះបេក្ខជនមកពីវិទ្យាល័យស្ទឹងហាវ និងវិទ្យាល័យ ហ៊ុន សែន ស្មាច់ដែង ត្រូវស្នាក់នៅ និងទទួលអាហារបីពេលក្នុងមួយថ្ងៃ នៅផ្ទះសំណាក់គ្រូ  បង្រៀន និងផ្ទះសំណាក់កាកបាទ ក្រហមខេត្ត ស្ថិតនៅក្នុងក្រុងព្រះសីហនុ។ ដោយឡែក​ចំពោះ​ការផ្ញើរយានជំនិះរបស់បេក្ខជនទាំងអស់ នៅគ្រប់មណ្ឌលប្រឡង រដ្ឋបាលខេត្តជាអ្នក ធានារ៉ាប់រងក្នុងការចំណាយទាំងស្រុង។ ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា ចំពោះ​បេក្ខជនដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលទទួលបាននិន្ទេស A នឹងទទួល​បានម៉ូតូ ១គ្រឿង ព្រមទាំងថវិកា១.០០០ដុល្លារ ដើម្បីជាការលើកទឹកចិត្ត។ ឯកឧត្ដម សង្ឃឹម​ថា ក្មួយៗទាំងអស់ នឹងខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីទទួលបានជោគ ជយ​នាពេល​ខាងមុខគ្រប់ៗគ្នាក្នុងការប្រឡងនេះ៕

ដោយ ងូ សុមុនី