អភិបាលខេត្ដព្រះសីហនុ អញ្ជើញបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលអនុវិទ្យាល័យតេជោ សែនកម្មករ

AKP ព្រះសីហនុ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ -ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គួច ចំរើន អភិបាល នៃ​គណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញបើកវិញ្ញាសាប្រឡងសញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិឆ្នាំសិក្សា២០១៨-២០១៩ នៅសាលាបឋមសិក្សា-អនុវិទ្យាល័យតេជោសែនកម្មករ កាលពីព្រឹកថ្ងៃចន្ទ ៤រោជ ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ដោយមានការចូលរួមពីគណៈមេប្រយោគ និងសិស្សានុសិស្សជាបេក្ខ​ជន​ប្រឡង។

លោកស្រី អ៊ុច សោភា ប្រធានស្តីទីមន្ទីអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានឱ្យ ដឹងថា សម្រាប់ឆ្នាំសិក្សា២០១៨-២០១៩ នៅខេត្ដព្រះសីហនុ មានបេក្ខជនចូលរួម​ប្រឡង​សញ្ញា​បត្រមធ្យមសិក្សាទុតិយភូមិចំនួន១.៥៨៥ នាក់ ស្រី៧៥៧នាក់  និងមានបេក្ខជន​ស្វ័យរិនចំនួន២៣៤នាក់ ស្រី១០៦នាក់ ក្នុងនោះបេក្ខជនស្វ័យរិន អវត្តមានប្រឡងចំនួន ១៥នាក់ ស្រី០៨នាក់។   លោកស្រីបានបន្ដថា ការប្រឡងនៅទូទាំងខេត្ដ មាន ០៥មណ្ឌល ស្មើនឹង៦៦បន្ទប់ ក្នុងនោះ មណ្ឌលក្រុងព្រះសីហនុ មាន០៣មណ្ឌល មណ្ឌលវិទ្យាល័យ​ក្រុងព្រះសីហនុ, មណ្ឌលអនុវិទ្យាល័យសម្តេចឪ ស្ថិតក្នុងសង្កាត់លេខ៣ និងមណ្ឌលបឋម សិក្សា-អនុវិទ្យាល័យ តេជោសែនកម្មករ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ និងចែកចេញជា​ផ្នែកវិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម។ ចំណែកស្រុកព្រៃនប់មាន ០២មណ្ឌល ស្ថិតនៅក្នុង​វិទ្យាល័យ វាលរេញ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ  ហើយការប្រឡងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិនាព្រឹកនេះ នៅតាមមណ្ឌលប្រឡងទាំង០៥ ក្នុងខេត្តព្រះសីហនុ មានលក្ខណៈល្អប្រសើរ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ផ្តាំផ្ញើដល់ដល់​បេក្ខជន​ប្រឡងទាំងអស់ ត្រូវខិតខំបញ្ចេញឱ្យអស់សមត្ថភាពក្នុងការប្រឡង ដើម្បីទទួលបាន​លទ្ធផលល្អគ្រប់ៗគ្នា បើយើងចេះ គឺជាប់ បើបាននិទ្ទេសល្អ នឹងទទួលបានរង្វាន់លើកទឹកចិត្ត ជាពិសេសត្រូវគោរពតាមការណែនាំរបស់គណៈមេប្រយោគឱ្យបានត្រឹមត្រូវក្នុងពេលប្រឡងក្នុងការទទួលបានលទ្ធផលល្អ  ។

សូមរម្លឹកថា ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសន្យាដល់​បេក្ខជន​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់ ប្រសិនបើបេក្ខជន ណាប្រឡងទទួលបាន​និទ្ទេស A  និងទទួលបានម៉ូតូ០១គ្រឿង និងថវិកា ១.០០០ដុល្លាអាម៉េរិក ហើយសម្រាប់​សាលា  ដែលមានសិស្សប្រឡងទទួលបាននិទ្ទេសល្អច្រើនជាងគេ និងមានការលើកទឹកចិត្ត​ផងដែរ ៕

ដោយ ងូ សុមុនី