សហភាពសហព័ន្ធយុវជនខេត្តស្វាយរៀងនាំយកអំណោយប្រគល់ជូនរដ្ឋបាលខេត្តរតនគិរី ដើម្បីទុកចែកបន្ដដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់

AKP រតនគិរី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ -លោកស្រី ទ្រី ដាណា តំណាងឯកឧត្តម ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជន​កម្ពុជា​ខេត្តស្វាយរៀង បាននាំយកអំណោយរបស់សហភាព​សហព័ន្ធយុវជនកម្ពុជាខេត្ដ​ស្វាយ​រៀង ប្រគល់ជូនឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ដើម្បីចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់​នៅស្រុកលំផាត់ និង ស្រុក​កូនមុំ ខេត្តរតនគិរី ។ ពិធីប្រគល់ និងទទួលនេះ ធ្វើឡើងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ។

ឯកឧត្តម ថង សាវុន ក្នុងនាមគណៈកម្មាធិការសាខាកាកបាទ​ក្រហមកម្ពុជាខេត្ត​រតនគិរី និងជាអភិបាលខេត្ត ក៏ដូចជាជំនួសមុខឱ្យប្រជាពលរដ្ឋរងគ្រោះដោយ​​ទឹក​ជំនន់ក្នុង ស្រុកលំផាត់ និងស្រុកកូនមុំ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ​សប្បុរស​ជន​នានាដែលអំឡុងពេលស្រុកទាំងពីរ  រងគ្រោះដោយទឹកជំនន់បាន បរិច្ចាគធនធាន​ផ្ទាល់​ខ្លួន ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ជាបន្តបន្ទាប់​ដើម្បីរួមចំណែកជួយ​ដល់ប្រជាពលរដ្ឋរងគ្រោះទាំងពីរស្រុក។ ឯកឧត្ដមបានបន្ដថា​ ជាក់ស្តែងថ្ងៃនេះ សហភាព​សហព័ន្ធ​យុវជនកម្ពុជាខេត្តស្វាយរៀង ដែលមានឯកឧត្តម ឌី វិជ្ជា ជាប្រធានបានចាត់​តំណាង នាំយកអំណោយជាគ្រឿងឧបភោគបរិភោគមកផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្ត រតនគិរី  យកទៅធ្វើការចែកជូនបន្តដល់ប្រជាពលរដ្ឋរងគ្រោះទាំងពីរស្រុក។

 

ឯកឧត្តមអភិបាលខេត្ដបានចាត់ទុកកាយវិការប្រកបដោយមនុស្សធម៌នេះ​ពិតជា បង្ហាញ​ពីសិល្បៈក្នុងការចែករំលែករបស់ប្រជាជនកម្ពុជា ក្នុងការជួយគ្នាក្នុងគ្រាលំបាក ហើយឯកឧត្តមសន្យាថា អំណោយមនុស្សធម៌ទាំងអស់នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី នឹងនាំយកទៅចែកជូនដល់ដៃជនរងគ្រោះពិតប្រាកដក្នុងស្រុកលំផាត់ និង ស្រុកកូនមុំ នាពេលឆាប់ៗខាងមុននេះ។

សូមបញ្ជាក់ថា អំណោយជាគ្រឿងឧបភោគបរិភោគ របស់សហភាពសហព័ន្ធយុវ​ជន​កម្ពុជាខេត្ត​ស្វាយរៀង រួមមាន អង្ករចំនួន១០តោន ទឹកស៊ីអ៊ីវ១២៥កេសធំ មីយើង៨៤ កេសធំ ត្រីខ ៥០កេសធំ    និងមុងចំនួន៣០០ ត្រូវបាននាំយកមកប្រគល់ជូនកាកបាទក្រហមកម្ពុជា​ខេត្តរតនគិរី ដើម្បីសាខាយកទៅចែកជូនប្រជាពលរដ្ឋនៅ ស្រុកលំផាត់ និង ស្រុកកូនមុំ ដែលទទួលរងគ្រោះដោយទឹកជំនន់កាលពីកន្លងមកថ្មីៗនេះ។

ដោយ ណយ នឿន (ប្រភព៖ មន្ទីរព័ត៌មាន ខេត្តមរតនគិរី)