មន្ទីរកសិកម្មខេត្តព្រះវិហារ នាំយកពូជស្រូវចំនួន២០តោន ចែកជូនប្រជាកសិករចំនួន៤៤០ គ្រួសារ ក្នុងស្រុកជ័យសែន

​AKP ព្រះវិហារ ថ្ងៃទី​១៩​ ខែ​សីហា​ ឆ្នាំ២០១៩ -មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនសាទខេត្តព្រះវិហារ​ បានសហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ ការិយាល័យ​កសិកម្ម​ស្រុក​ និងរដ្ឋបាលស្រុកជ័យសែន​ បានរៀបចំ​ចែកជូនពូជស្រូវចំនួន​២០តោន​(ប្រភេទពូជ​ សែនក្រអូប)​ ដល់ប្រជាកសិករដែលរងគ្រោះដោយគ្រោះរាំងស្ងួត​ ចំនួន​៤៤០គ្រួសារ មកពីឃុំចំនួន២ គឺឃុំពុទ្រា និងឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ។ ពិធីនេះ ធ្វើឡើងកាលពីថ្ងៃអាទិត្យ​ ៣រោច​ ខែស្រាពណ៍​ ឆ្នាំកុរ​ ព.ស២៥៦៣​ ត្រូវនឹង​ថ្ងៃទី​១៨​ ខែ​សីហា​ ឆ្នាំ២០១៩ ​នៅបរិវេណឃុំពុទ្រា ស្រុកជ័យសែន ខេត្ដព្រះវិហារ។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ពូជស្រូវ​ដែល​យកមកចែកជូនបងប្អូនប្រជាកសិករនៅពេលនេះ បានមកពីមានការគាំទ្រដោយ​កម្មវិធី​ប្រព័ន្ឋស្បៀងបម្រុងកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រួមជាមួយនឹង​គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត ដើម្បីយកមកចែកជូនបងប្អូនរងគ្រោះ ដោយគ្រោះរាំងស្ងួតនៅរដូវវស្សារឆ្នាំ២០១៩នេះ។ លោកបន្ដថា ពូជស្រូវទាំងនេះជាប្រភេទ​ពូជ​​សែនក្រអូប ​ ហើយសូមបងប្អូនរៀបចំបន្តធ្វើការងារ​សាបព្រោះឱ្យទាន់រដូវភ្លៀងធ្លាក់​ កុំយកពូជនេះទៅកិនហូប ហើយសូមបងប្អូនថែរក្សាសុខភាព ដោយរស់នៅស្អាត ហូបស្អាត អនាម័យល្អ។

សូមបញ្ជាក់ថា ឃុំពុទ្ធ្រា​ ទទួលបានពូជស្រូវ១៨តោន​ ស្មើរនឹង៣៦០គ្រួសារ​ ដោយ​ក្នុង១គ្រួសារ​ ទទួលបានស្រូវពូជចំនួន​៥០គីឡូក្រាម​ (២បេ) ឃុំ​តស៊ូ​ ទទួលបានពូជ​ស្រូវ​ចំនួន២តោន​ សម្រាប់​ចែកជូនកសិករ​ចំនួន៨០គ្រួសារ​ ដោយក្នុង១គ្រួសារ​ ទទួល​បានពូជស្រូវ​ចំនួន២៥គីឡូក្រាម(១បេ)​ ៕

ដោយ ទិត ស្រ៊