អាជ្ញាធរខេត្តបន្ទាយមានជ័យ ជំរុញដល់គ្រប់ភាគីពាក់ព័ន្ធចូលរួមដាំកូនឈើ​ឱ្យបានច្រើននៅក្នុងសហគមន៍គ្រប់ទីកន្លែង

AKP បន្ទាយមានជ័យ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ -អាជ្ញាធរខេត្តបន្ទាយមានជ័យ បាននិងកំពុងជំរុញគ្រប់ ភាគីពាក់ព័ន្ធឱ្យបន្តរួមគ្នាក្នុងការ​បំផុស​ចលនាដាំកូនឈើឱ្យបានច្រើននៅក្នុងសហគមន៍គ្រប់ទីកន្លែងដើម្បីថែរក្សាការពារនិង​បណ្តុះគំនិតស្រឡាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិសំដៅធ្វើឱ្យកាន់តែមានភាពប្រសើរឡើង ថែមទៀតដល់ជីវភាពរស់នៅ​របស់ប្រជាពលរដ្ឋនៅក្នុង​​មូលដ្ឋាននោះ​។ នេះជាការលើកឡើង របស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យថ្លែងក្នុងពិធីដាំ​ដើមឈើចម្រុះចំនួន​ ១២.០០០ដើម​ នៅក្នុងសហគមន៍ឃុំភូមិថ្មី ស្រុកថ្មពួក កាលពីថ្ងៃអាទិត្យ​ ៣រោច​ ខែស្រាពណ៍​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨​ ខែសីហា​ ឆ្នាំ​២០១៩។

ឯកឧត្តម អ៊ុំ រាត្រី បានថ្លែងអំណរគុណដល់ការខិតខំប្រឹងប្រែងពី មន្ទីរអង្គភាព ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរ និងសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ព្រមទាំងសមាគម អង្គការជាតិ និងអន្តរជាតិ ​ដៃគូអភិវឌ្ឍន៍ ព្រមទាំង បងប្អូន ប្រជាពលរដ្ឋ ដែលកន្លងមកនេះបានចូលរួមថែរក្សាការពារ និងដាំដុះដើមឈើកាន់តែបានច្រើនឡើងវិញនៅ​គ្រប់ទីកន្លែងនោះ។ ឯកឧត្តមអភិបាលខេត្ត បានធ្វើការអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និស្សិត សិស្ស និង​ប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមបណ្តុះ​គំនិតនៃការស្រឡាញ់ដើមឈើចូលរួមដាំដុះ​ថែរក្សា​ការពារ​ព្រៃឈើ និងបរិស្ថានធម្មជាតិឱ្យ​ឱ្យបានគ្រប់ៗគ្នាដើម្បីជាប្រយោជន៍ដល់ការរស់នៅ​របស់ខ្លូនយើងផងសហគមន៍យើងផង និង​ជីវិតសត្វព្រៃគ្រប់ប្រភេទព្រមទាំងប្រព័ន្ធជីវចម្រុះ ផងដែរ។

​​ឯកឧត្តមអ៊ុំរាត្រីបានគូសបញ្ជាក់ថារាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់​សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាននិងកំពុងយកចិត្តទុក​ដាក់ក្នុងការដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្រនិងបទបញ្ជាសំខាន់ៗលើការគ្រប់គ្រងធនធានធម្មជាតិ និងកិច្ចការពារបរិស្ថាន មានជាអាទិ៍ យុទ្ធសាស្ត្រគ្រប់គ្រងព្រៃឈើ ទប់ស្កាត់ការកាប់រានព្រៃឈើ ការបំផុសឱ្យគ្រប់ស្ថាប័នរដ្ឋ និងឯកជនចូលរួមការពារថែរក្សា​ដាំស្តារឡើងវិញនូវផ្ទៃដីរេចរិល​។ ​ ​

ជាមួយគ្នានេះ គ្រប់មន្ទីរ អង្គភាព និងអាជ្ញាធរដែនដីត្រូវបន្តការយកចិត្តទុកដាក់ធ្វើការ​អប់រំផ្សព្វផ្សាយបំផុសទៅកាន់មហាជនគ្រប់មជ្ឈមដ្ឋានឱ្យបន្តចូលរួមទាំងអស់គ្នាក្នុងចលនាដាំដើមឈើនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិនៅតាមទីផ្លូវថ្នល់ សាលារៀន វត្តអារាម ទីសាធារណៈនានា និងត្រូវយកចិត្តទុកដាក់ថែទាំកូនឈើដែលបានដាំហើយនោះឱ្យមានការ​លូតលាស់។ ឯកឧត្ដមអភិបាលខេត្ដបាត់ទុកការចូលរួមការពារព្រៃឈើនៅតំបន់​ការពារ​ទេស​ភាពដែលមាននៅសេសសល់ឱ្យបាននៅគង់វង្ស ដើម្បីរួមចំណែកថែរក្សាបរិស្ថានធម្មជាតិ ឱ្យមាននិរន្តរភាព ដែលជាប្រយោជន៍យូរអង្វែង សម្រាប់មនុស្សគ្រប់សញ្ជាតិ និងគ្រប់ជំនាន់៕

ដោយ ឈុន សារ៉ាត