រដ្ឋមន្ត្រីក្រសួងព័ត៌មានជំរុញឱ្យមន្ត្រីជំនាញជួយពង្រឹងការផលិត​ភាពយន្តគំនូរជីវចលរបស់​ក្មួយៗសិស្ស និស្សិតកម្ពុជាឱ្យបានកាន់តែល្អថែមទៀត

AKP ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ — រដ្ឋមន្ត្រីក្រសួងព័ត៌មានបានជំរុញឱ្យទូរទស្សន៍ជាតិកម្ពុជា និងមន្រ្ដីជំនាញ​សហការ​ជាមួយ​គណៈកម្ម​ការ​ផ្តល់ពិន្ទុ ដើម្បីជួយពង្រឹងការផលិតភាពយន្តគំនូរ​ជីវចលរបស់ក្មួយៗ​និស្សិត​កម្ពុជាយើងឱ្យបានកាន់តែល្អថែមទៀត។

ក្នុងកម្មវីធីប្រកួតប្រជែងគំនូរជីវចលនៅកម្ពុជា កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩​នេះ នៅអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ក្រសួងព័ត៌មាន ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍សម្តែងនូវការពេញចិត្ត ដែលក្មួយៗ​សិស្ស និស្សិតកម្ពុជាបានខិតខំបង្កើតស្នាដៃជាខ្សែភាពយន្តរឿងគំនូរជីវចលខ្លីៗ សម្រាប់ការ​ប្រកួតប្រជែងពាន្តរង្វាន់ឆ្នាំ២០១៩នេះ។ ឯកឧត្ដមបានបញ្ជាក់ថា តាមរយៈការបង្ហាញ​ស្នាដៃ ភាពយន្តគំនូរជីវចលនេះ បើទោះបី​នៅមានចំណុច​ខ្វះខាតច្រើន  ប៉ុន្តែនេះជាចំណុចចាប់ផ្តើម​មួយ​គួរឱ្យកោតសរសើរ។ ឯកឧត្ដម​រដ្ឋមន្ត្រីបានរម្លឹកដូចពាក្យមួយថា កាលណាយើងធ្វើទ័ព “សុខចិត្តចំណាយញើស តែកុំចំណាយឈាម”។ នៅក្នុងសិល្បៈក៏ដូច្នេះដែរ សំខាន់កុំស្តាយ​ពេលវេលា ហើយបញ្ចប់សាច់រឿងរបស់យើង ត្រូវធ្វើឱ្យអ្នកមើលគេយល់ ហើយឱ្យអ្នកមើល គេបានស្អីពីយើងទៅវិញ។ នេះជាចំណុចសំខាន់ដែលក្មួយៗត្រូវចាំ សង្ឃឹមថាពីមួយជំហាន ទៅមួយជំហាន​ក្មួយៗ​នឹង​មានបទ​ពិសោ​ធន៍។ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានលើកឡើងថា ក្រសួង​កំពុងពិចារណាជាមួយមន្ត្រីរបស់ក្រសួងថានឹងដាក់ប្រធានបទមួយ ឬពីរ ដើម្បីឱ្យធ្វើការប្រកួត​ដណ្តើមប្រាក់រង្វាន់ធំ​របស់​ក្រសួងព័ត៌មាន ដោយក្រសួងជាអ្នកផ្តល់មូលបទអ្វីមួយឱ្យធ្វើ សម្រាប់ការប្រឡងប្រកួតប្រជែងផ្នែកគំនូរជីវចលនេះ។

ជាមួយគ្នានេះ ឯកឧត្ដមក៏បានថ្លែងអំណរគុណដល់គណៈកម្មការផ្តល់ពិន្ទុ ដែលបាន​ខិតខំជួយរៀបចំធ្វើឱ្យការប្រឡងប្រជែងគំនូរជីវចលថ្ងៃនេះ ទទួលបានលទ្ធផលល្អ ហើយ សង្ឃឹម​ថា មន្ត្រីក្រសួង និងគណៈកម្មការផ្តល់ពិន្ទុ នឹងសហការគ្នាកែលម្អ ដើម្បីឱ្យវិស័យគំនូរ​ជីវចលនៅកម្ពុជាមានការរីកចម្រើនថែមទៀត ដែលអាចដាក់ផ្សាយក្នុងទូរទស្សន៍បាន ព្រោះ ភាព​យន្ត​គំនូរជីវចលនេះងាយអប់រំជាងអ្វីទាំងអស់និងឆាប់ចាប់ចូលអារម្មណ៍របស់អ្នក​មើល​។

បើតាមរបាយការណ៍របស់ឯកឧត្ដម ឃឹម វុឌ្ឍី អគ្គនាយកទូរទស្សន៍​ជាតិកម្ពុជា​បានឱ្យដឹងថា បេក្ខជន បេក្ខនារីជាសិស្ស និស្សិត ដែលបានមកចូលរួមក្នុងកម្មវិធីប្រកួតគំនូរ​ជីវចល​នៅ​កម្ពុជា​​លើក​ទី៦​ ​ឆ្នាំ២០១៩ នាពេលនេះ​ មានចំនួន១៣ក្រុម ស្មើនឹង២១នាក់ ក្នុងនោះ​ បេក្ខនារីចំនួន ៦នាក់ មកពីសាលា វិទ្យាស្ថាន និងសាកលវិទ្យាល័យក្នុងរាជ​ធានី​ភ្នំពេញ និង​ខេត្តមួយចំនួន៕

ដោយ ប៉ាល់ សុង