ឯកឧត្ដម អូស្មាន ហាស្សាន់ ទទួលជួបប្រតិភូមូលនិធិ Turkiye Diyanet Foundation ប្រទេសតួកគី 

AKPភ្នំពេញថ្ងៃទី១៧ខែសីហាឆ្នាំ២០១៩–ប្រតិភូមូលនិធិក្រសួងសាសនា របស់ប្រទេសទួកគី Turkiye Diyanet Foundation (TDV) ដឹកនាំដោយ ឯកឧត្ដម IBRAHIM JAIHANN បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម ឧកញ៉ា បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍ មុស្លីមកម្ពុជា ក្នុងគោលបំណង ពង្រឹង ពង្រីកកិច្ចសហប្រតិបត្ដិការ ផ្នែកវប្បធម៌ ទេសចរណ៏ អប់រំ និងសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំថែមទៀត ។

ជំនួបនេះ នៅការិយាល័យ អង្គការមូលនិធិអភិវឌ្ឍន៏មុស្លីមកម្ពុជារាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ។ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ឯកឧត្ដមទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណ ចំពោះមូលនិធិ Turkiye Diyanet Foundation ដែល​ជារៀងរាល់ឆ្នាំតែងតែផ្ដល់ការយកចិត្តទុកដាក់ និងឧបត្ថម្ភដល់ប្រជាជនកម្ពុជា លើ​គ្រប់វិស័យ ។

នេះ​គឺជាការចូលរួមចំណែកដ៏សំខាន់មួយជាមួយរាជរដ្ឋាភិបាល ក្នុងការជួយដោះបន្ទុកខ្លះៗ​ដល់​បង​ប្អូន​ដែល​មានការលំបាក ហើយសកម្មភាពនេះទៀតសោត ក៏ជាសក្ខីភាពនៃការចែករំលែក ដែលបញ្ជាក់​ពីភាត​រភាព​ក្នុងនាមសាសនិកឥស្លាម និងក្នុងនាមមនុស្សជាតិនៅក្នុងពិភពលោក។

ឯកឧត្ដម បន្តថា ក្នុងនាមប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា លោកមានការគាំទ្រ និងសហការ​ជានិ​ច្ច ជាមួយមូលនិធិ Turkiye Diyanet Foundation បន្តទៀត លើការងារ​មនុស្ស​ធម៌ និងការងារផ្សេងៗទៀត ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ក្នុងការឆ្លើយតប និងការយកចិត្តទុកដា​ក់​រ​​បស់រាជរដ្ឋាភិបាល មកលើសហគមន៍ឥស្លាមនៅកម្ពុជាដែលមានចំនួនប្រមាណ ៥ភាគរយ។

ឯកឧត្ដម អូស្មាន ហាស្សាន់ បានរម្លឹកថា  ក្នុងរដូវបុណ្យហាជ្ជីឆ្នាំនេះ មូលនិធិ Turkiye Diyanet Foundation បានផ្ដល់សាច់គោចំនួន៣០០ ក្បាល ដល់ប្រជាសហគមន៍​ឥស្លាម​ចំនួន ១៩ រាជធានី-ខេត្តទូទាំងប្រទេស ដែលមានប្រជាជនជាង ១១០០០ គ្រួសារបាន​ទទួល​សាច់គោ​នេះ ហើយឆ្នាំនេះគឺជាឆ្នាំទី ៧ ហើយ ដែលអង្គការមូលនិធិអភិវឌ្ឍន៍មុស្លីមកម្ពុជា បានសហការជា​មួយ​មូល​និធិTurkiye Diyanet Foundation (TDV) ប្រទេសតួកគី លើការងារ​មនុស្សធម៌​នៅកម្ពុជា។ ក្រៅពីការងារមនុស្សធម៌ផ្នែកម្ហូបអាហារ អង្គការដៃគូទាំងពីរក៏បានចុះកិច្ច​ព្រមព្រៀង​អនុស្សារណៈយោគយល់គ្នាជាង ៥ ឆ្នាំមកហើយ ដែលសហការគ្នាលើវិស័យវប្បធម៌ អប់រំ ក្នុងនោះ​មាន​ការ​សាងសង់សាលារៀន និងការផ្តល់អារហារូបករណ៍ដល់សិស្ស-និស្សិតកម្ពុជា ទៅបន្តការសិក្សានៅ​ប្រទេស​តួកគី ទាំងថ្នាក់វិទ្យាល័យ និងសាកលវិទ្យាល័យដែលជាការផ្ដល់អាហារូបករណ៍ ១០០ ភាគរយ ទាំងការស្នាក់នៅ ហូបចុក និងបង់ថ្លៃសាលាដោយមូលនិធិ Turkiye Diyanet Founda tion ដែលកន្លងមកមាននិស្សិតកម្ពុជាចំនួន ៨១ នាក់ហើយ ដែលកំពុងបន្ត​ការសិក្សា​នៅប្រទេស​តួកគី​៕.

ដោយ៖សំរិត