វិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី រំពឹងពីការទទួលបាននិន្ទេស A របស់សិស្ស ក្នុងការ  ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០១៨-២០១៩

AKP មណ្ឌលគិរី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ — វិទ្យាល័យហ៊ុន សែន មណ្ឌលគិរី ដែលមានទីតាំងស្ថិតនៅក្រុងសែនមនោរម្យ ខេត្តម​ណ្ឌ​​​​លគិរី បានសម្ដែងនូវការសង្ឃឹមទុកពីការទទួលបាននិន្ទេស A របស់សិស្សក្នុងការប្រឡង​ស​ញ្ញា​បត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៨-២០១៩ បន្ទាប់ពីការការប្រឡង​សញ្ញាបត្រមធ្យម​សិក្សា​ទុតិយភូមិ ឆ្នាំ២០១៧-២០១៨កន្លមក មានសិស្សប្រឡងជាប់ពីនិន្ទេស E ដល់ B មាន​រហូ​ត​ដល់ចំនួន ៩៦ភាគរយ ក្នុងចំណោមសិស្សចំនួន១៧៣នាក់នោះ។ នេះបើយោងតាមលោក   កឹ​ម​ ចាន់ណារ៉ា នាយករងវិទ្យាល័យហ៊ុន សែន មណ្ឌលគិរី ថ្លែងប្រាប់អ្នកយកព័ត៌មានរបស់​ទីភ្នាក់​ងារ​សារព័ត៌មានកម្ពុជា AKP កាលពីពេលថ្មីៗនេះ ក្នុងដំណើរបេសកកម្មទៅកាន់​ខេត្តមណ្ឌល​គិ​រី។ លោក   កឹ​ម​ ចាន់ណារ៉ា បានគូសបញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រ​មធ្យម​សិក្សា​​ទុតិយ​ភូមិឆ្នាំសិក្សា២០១៨-២០១៩នេះ ទូ​ទាំ​​​ង​​ខេត្តមណ្ឌលគិរី មានបេក្ខជនប្រឡង​សរុបចំនួន៤០១នាក់ មានមណ្ឌល​ប្រឡង​ចំ​នួ​​​ន២ ចែកចេញជា១៧បន្ទប់។ លោកបានបន្ដថា វិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ក្នុងឆ្នាំសិក្សា២០១៨-២០១៩ មាន​សិ​ស្ស​សរុបចំនួន ១.១៦៣នាក់ ក្នុងនោះ ស្រីមានចំនួន៦១៥នាក់ គ្រូបង្រៀនមានចំនួន៥៨នាក់ ក្នុ​ង​​នោះស្រី ២៨នាក់ មានអគារសិក្សាចំនួន៥ខ្នង ស្មើនឹង៣៦បន្ទប់។ ចំពោះបេក្ខជន​សម្រាប់​ប្រ​ឡង​សញ្ញាបត្រមធ្យសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨-២០១៩នេះ មានចំនួន១៦០នាក់ ក្នុង​នោះ​ស្រីមានចំនួន៩១នាក់ ហើយលោកសង្ឃឹមថាសិស្សវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី នឹ​ង​​អាចប្រឡងជាប់ក្នុងចំនួន៩០ភាគរយ នាពេលខាងមុខ ដោយសារការប្រឡងឆ្នាំមុនសិស្ស  ជា​ប់​មា​ន​ចំនួនដល់៩៦ភាគរយ ក្នុងចំនួនសិស្សប្រហាក់ប្រហែលគ្នានេះ។ លោកនាយករង​បានឱ្យដឹងទៀត​ថា ស​ម្រា​​ប់ឆ្នាំសិក្សាក្រោយ គឺវិទ្យាល័មានគម្រោងមួយប្រើ​ប្រាស់ទៅលើ​កម្មវិធី​រៀនរហូត​ដល់​ទៅ៤០ម៉ោងក្នុងមួយសប្ដាហ៍ ដែលយើងបង្រៀនទាំងពេលព្រឹក និង​ពេលល្ងាច រហូត​ដល់​ថ្ងៃ​សៅ​រ៍ ដែ​ល​កាលពីមុនយើងបង្រៀន​ក្នុងមួយសប្ដាហ៍​​ត្រឹមតែថ្ងៃសុក្រ​តែប៉ណ្ណោះ។ ជាមួយ​គ្នា​នេះ​​​ដែរ​ សា​​​លាក៏មានការខ្វះខាតនូវសម្ភារឧបន្ទេសសិក្សាមួយចំនួន ដូចជាកុំព្យូទ័រ ជាដើម។​ល​។ ដែ​ល​​សាលាក៏សំណូមពរចង់បានកុំព្យូទ័របន្ថែម សម្រាប់បម្រើ​ដល់ការសិក្សា​រប​ស់​សិ​ស្សា​នុ​សិ​ស្ស​​​ផងដែរ។ ក្នុងឆ្នាំសិក្សា២០១៨-២០១៩នេះ ខេត្តមណ្ឌលគិរី មាន​សា​លា​មត្តេ​យ្យ​រដ្ឋ ២៣ សា​​លា សិស្សសរុប១.០៧៩នាក់ មត្តេយ្យសហគមន៍៣០កន្លែង សិស្សសរុប ៦២​០​​នា​ក់​ និង​ម​ត្តេ​យ្យឯកជន០៣កន្លែង សិស្សសរុប ១៣៦នាក់ សាលាបឋមសិក្សារដ្ឋមានចំនួន ៨៩​សា​លា    សិ​​ស្សសរុប១៤.៥៥៥នាក់ សាលាបឋមសិក្សាឯកជនមាន ២កន្លែង សិស្សសរុប ១​៨​​៩​នា​ក់ អ​នុ​​វិទ្យាល័យចំនួន១៤សាលា មានសិស្សសរុប ៣.២១៤នាក់ វិទ្យាល័យមានចំនួន​០៥​សា​​លា សិ​​​ស្សសរុប១.៣៨៦នាក់ និងមានបុគ្គលិកអប់រំទូទាំងខេត្តមានចំនួន៩៣០នាក់ ក្នុ​ង​​​នោះ​​មា​ន​គ្រូ​ជនជាតិដើមភាគតិចចំនួន២៨៨នាក់។ ខេត្តមណ្ឌលគិរីជាខេត្តមួយដែលសិ្ថតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលមាន​ព្រំ​​ប្រទល់ខាងកើតជាប់នឹងប្រទេសវៀតណាម ខាងជើងជាប់នឹង ខេត្តរតនគិរី ខាងជើង​ឈា​ង​​ខាងលិចជាប់នឹង ខេត្ដស្ទឹងត្រែងខាងលិចជាប់នឹងខេត្ដក្រចេះ ហើយមានចម្ងាយ ៣៨០​គីឡូ​ម៉ែ​ត្រ​ ពីរាជធានីភ្នំពេញ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៨ លេខ៧ និងលេខ៧៦ដោយឆ្លង​កាត់​តាម​ខេ​ត្ត​ក​ណ្ដា​ល ព្រៃវែង ត្បូងឃ្មុំ កំពង់ចាម និងក្រចេះ។ ផ្លូវដែលអាចធ្វើដំណើរទៅ​ដល់​ខេត្ត​ម​ណ្ឌ​​លគិ​រី បា​ន​មានផ្លូវគោក និងផ្លូវអាកាស។ បើយើងធ្វើដំណើរតាមផ្លូវ​គោកយើង​នឹងឃើញ​ថាកំ​ណា​ត់​ផ្លូ​វពី ភ្នំពេញទៅមណ្ឌលគិរី ជាផ្លូវកៅស៊ូដែលផ្តល់នូវលក្ខណៈ​ងាយ​ស្រួលក្នុងការ​ធ្វើ​​ដំណើរ។ ទន្ទឹមនេះ ខេត្តមណ្ឌលគិរីជាតំបន់ទេសចរណ៍ធម្មជាតិ ធំមួយនៃព្រះ​រាជាណាចក្រកម្ពុជា ដែ​ល​មាន​តំ​បន់​ទេសចរណ៍ធម្មជាតិជាច្រើនដូចជា ទឹកជ្រោះប្រកប​ដោយហ្វូងមច្ឆា ជា​ច្រើន​ប្រ​ភេ​ទ​​ព្រម​ទាំ​ង រុក្ខជាតិ សត្វព្រៃ ព្រៃឈើ និងភ្នំតូច ធំ ជាច្រើន។

គួរបញ្ជាក់ផងដែរថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ នឹងប្រព្រឹត្ដ​ទៅ​នៅថ្ងៃទី១៩-២០ ខែ​សី​ហា ​ឆ្នាំ២០១៩នេះ ដែលនៅទូទាំងប្រទេស​មានមណ្ឌលប្រឡង​សរុប​​២០២មណ្ឌល ក្នុងនោះថ្នាក់​វិ​ទ្យា​​​​​សាស្ត្រ៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម១២៧​មណ្ឌល ចែកចេញជា៤.៧២៥បន្ទប់ ដោ​​យ​មាន​បេក្ខជនប្រឡងសរុបចំនួន ១១៧.០២៤នាក់ ស្រី៦០.​៤២១នាក់ ក្នុងនោះ​ថ្នាក់វិទ្យា​សា​​​ស្ត្រមានចំនួន៤៤.៦៨៣នាក់ ស្រី២៥.២៨៥នាក់ មាន១.៨១០​បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រ​សង្គ​ម​​​មានចំនួន៧២.៣៤១នាក់ ស្រី៣៥.១៣៦ នាក់ មាន២.៩១៥ បន្ទប់៕

ដោយ ជឹម ណារី