គណៈប្រតិភូក្រសួងសន្តិសុខចិនចូល ជួបពិភាក្សាការងារជាមួយអភិបាលខេត្តព្រះសីហនុ

AKP ខេត្តព្រះសីហនុ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ — ឯកឧត្តម លីវ ជីនរុង(LIAO JINRONG) អគ្គ នាយកនៃអគ្គនាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិ នៃក្រសួងសន្តិសុខសាធារណ:ចិនបានចូលជួប សម្តែង ការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នារសៀល​ថ្ងៃសុក្រ ១​រោជ ខែស្រាពណ៍ ឆ្នាំកុរ​ ឯកស័ក​ ព.ស ២៥៦៣ ត្រូវនឹងទី១៦ ខែសីហា ឆ្នាំ២០១៩ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជម្រាបជូនពីស្ថានភាពភូមិសាស្រ្តខេត្តព្រះសីហនុ ក្រោម​ការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះជាណាចក្រ​កម្ពុ​ជាធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ ។

កិច្ចសហប្រតិបត្តិការកំពូលរវាងប្រទេសទាំងពីរធ្វើឱ្យមានការវិនិយោគមកពីបរទេសពិសេសវិនិយោគិនចិនបានផ្ដល់ការគាំទ្រទំនាក់ទំនងល្អ និងការអភិវឌ្ឍរបស់កម្ពុជា ។ក្រោមការដឹកនាំរបស់លោកប្រធានាធិប តីចិន ស៊ី ជីងពីង អនុវត្តនៅគោលនយោបាយ “ផ្លូវមួយ ខ្សែក្រវាត់មួយ ” និងការដឹកនាំ​របស់​សម្ដេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុវត្តនូវ គោលនយោបា​យ​ចតុកោណធ្វើឱ្យប្រទេសទាំងពីរមានទំនាក់ទំនងល្អ ទំហំពាណិជ្ជកម្ម វិនិយោគមានការកើន​ឡើងយ៉ាង​ខ្លាំងពីថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ មានការចាប់អារម្មណ៍ នៃលំហូរចូល នៃវិនិយោគិនចិន មកខេត្តព្រះ សីហនុ។

ផ្តើមចេញពីទំនាក់ទំនងនេះ ការរីកចម្រើនបានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា ជាពិសេសសេដ្ឋកិច្ចខេត្តព្រះសីហនុ មាន​ការកើនឡើងយ៉ាងខ្ពស់ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ម្យ៉ាងទៀតអ្នកដែលមិ​នបានឃើញ​ខេត្ត​ព្រះសីហនុ ពិតជាមានការភ្ញាក់ផ្អើល នៅពេលដែលខេត្តកំពុងមានការរីកលូតលាស់យ៉ាងឆាប់រហ័ស។

ក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមក ខេត្តព្រះសីហនុ ជាខេត្តទេសចរណ៍ល្អស្រស់របស់កម្ពុជា ដែលមាន ឆ្នេរសមុទ្រស ស្អាត ហើយរយៈពេលពីរឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុបានក្លាយ​ជាខេត្តមា​នការ​អភិ​វឌ្ឍ ជាទីក្រុងសេដ្ឋកិច្ចពិសេសពហុមុខងារ និងជាទីក្រុងមានសំណង់អគារខ្ពស់ៗ ពិសេសការដឹកជញ្ជូន​មាន​ការកើនឡើងនៅខេត្តព្រះសីហនុ ។

ដោយសារតែកំណើនការ ដឹកជញ្ជូនតាមផ្លូវទឹកដែលមានកំពង់ផែសមុទ្រទឹកជ្រៅរបស់កម្ពុជា បាន​ជំរុញ​ការ​ដឹក​ជញ្ជូនយ៉ាងគំហុកនៅកម្ពុជា។ កំពង់ផែមានការអភិវឌ្ឍប្រែប្រួលមុ​ខងារបង្កើន​ការដឹក​ជញ្ជូន​ទេសចរ សម្ភារៈ​សំណង់ និងទំនិញផ្សេងៗទៀត ទន្ទឹមនោះខេត្តព្រះសីហនុ ក៍មានបញ្ហាប្រឈម​ធ្វើឱ្យ​ខូចខាតផ្លូវថ្នល់។

ម្យ៉ាងកំណើនមនុស្សក្នុងស្រុក និងបរទេសមកកាន់ខេត្តព្រះសីហនុយ៉ាងគំហុក ហើយការ ប្រើប្រាស់​ផ្លូវ​ថ្នល់​​កាន់តែច្រើន សម្រាម ទឹកកខ្វក់ ក៏មានការកើនឡើង ដែលជាបញ្ហាប្រឈមដែល​រដ្ឋបាល​ខេត្ត​ត្រូវ​ដោះ​ស្រាយបញ្ហាទឹកកខ្វក់ ទឹកស្អាត ភ្លើង ដើម្បីឆ្លើយតបតាមតម្រូវការបំពេញ បន្ថែមនៃកំណើនវិនិ​យោគ​យ៉ាង​កំហុក ពិតជាបានចូលរួមចំណែកធ្វើឱ្យយើងមានលទ្ធភាព ក្នុងការកសាងតាមរយៈចំណូលពន្ធដារ ចំណូ​ល​​​ថវិកាជាតិ និងថ្នាក់ក្រោមជាតិមានការកើនឡើង។

ទន្ទឹមនោះការងារសន្តិសុខទាមទារឱ្យ កងកម្លាំងរបស់យើងមានសមត្ថភាព និងមានកម្លាំងគ្រប់គ្រាន់នៅ​តាម​ចំណុចគោលដៅ  ក្នុងការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធិភាព ។ ឯកឧត្តម  លីវ ជីនរុង អគ្គនាយក នៃអគ្គនាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិ នៃក្រសួងសន្តិសុខសាធា​រណ​:ចិន បានថ្លែងអំណរគុណរដ្ឋបាលខេត្តព្រះសីហនុ ដែលបានអនុញត្តិឱ្យគណៈប្រតិភូរបស់ឯកឧត្តម ចូលជួបពិភាក្សាការងារ ឈ្វេងយល់ពីស្ថានភាពទូទៅរបស់ខេត្តព្រះសីហនុ ។

ប្រទេសចិន និងកម្ពុជា មានកិច្ចសហប្រតិបត្តិការគ្នាល្អជាយូអង្វែង មកដល់បច្ចុប្បន្នចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ហើយកិច្ចសហប្រតិបត្តិការ​ល្អជាងគេ​នៅលើ​ពិភពលោកផងដែរ ។ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីងពីង បានជួបពិភាក្សាជាមួយសម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា ជារៀងរាល់ឆ្នាំពិសេសនៅខែកម្ភៈ សម្ដេចបានទៅទស្សនៈកិច្ចនៅប្រទេសចិន និងបានពិភាក្សារក្នុងការអនុវត្តច្បាប់សម្រាប់ឆ្នាំ២០១៩ រវាងចិន និងកម្ពុជា ។ តាមគោលការណ៍របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងកិច្ចសហប្រតិបត្តិការកសាងសេដ្ឋកិច្ចប្រទេ​ស​ទាំងពីរ ការកសាងមិត្តភាពប្រទេសទាំងពីរបង្កលក្ខណៈល្អ លើវិស័យទេសចរណ៍ សេដ្ឋកិច្ចជាដើម ។

ឯកឧត្តមក៏បានថ្លែងអំណរគុណភាគីកម្ពុជាក្នុងឆ្នាំ២០១៩នេះ បានចាប់បញ្ជូនខ្លួនជនសង្ស័យជ​នជាតិចិន​បាន​ជាង ៥០០នាក់ ត្រឡប់ទៅប្រទេសចិនវិញ ហើយម្សិលមិញក៏បានចាប់​ខ្លួនជនសង្ស័យជនជាតិ​ចិន​នៅ​ខេត្តព្រះសីហនុចំនួន ១២៧នាក់បន្ថែមទៀត ។ ក្នុងដំណើរការចាប់ខ្លួនជនសង្ស័យជនជាតិចិនជាង ៧០០នាក់នៅកម្ពុជា ខេត្តព្រះ សីហនុ ធ្វើការងារ​បានល្អបំផុត ក្រោមការដឹកនាំរបស់គណៈបញ្ជាការឯកភាពខេត្ត និងក្រសួងមហាផ្ទៃ បានចុះធ្វើការងា​របានល្អ ។ ភាគីចិនក៏បានស្នើសុំកិច្ចសហការជាមួយកម្ពុជា ដើម្បីពង្រឹងសមត្ថភាពការងារសង្គម តាមរយៈកិច្ច សហការគ្នាកាន់តែងាយស្រួលសម្រាប់ប្រជាពលរដ្ឋធ្វើដំណើររវាងប្រទេសទាំងពីរ ។

ក្នុងរយៈពេល ១០ឆ្នាំកន្លងមក ការរីកចម្រើនរបស់ខេត្តធ្វើឱ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល ព្រោះ​ខេត្ត​ព្រះសី​ហនុមានលក្ខខណ្ឌ ធនធានធម្មជាតិ ជាច្រើន និងមានក្រុមហ៊ុនចិនជាច្រើនមកវិនិ យោគ​នៅខេ​ត្ត​ព្រះ​សីហនុ ដោយសារតែមូលហេតុខេត្តមានធនធាន និងលក្ខខណ្ឌល្អជាច្រើនសម្រាប់ការវិនិយោគ។ ទន្ទឹមនោះ ក៏មានជួបបញ្ហាជាច្រើន  ភាគីចិននឹងបន្តការអប់រំ ផ្សព្វផ្សាយដល់ជនជាតិចិន មកវិនិយោគ​នៅ​ខេ​ត្ដព្រះសីហនុ ត្រូវតែចូលរួមអនុវត្តច្បាប់យ៉ាងតឹងរឹងបំផុត ។  ឯកឧត្តមសង្ឃឹមថា សេដ្ឋកិច្ចខេត្តព្រះ សីហនុ និងមានការអភិវឌ្ឍសេដ្ឋកិច្ចកើនឡើង ប្រជាពលរដ្ឋនិង​មាន​ជីវភាពកាន់ តែល្អថែមទៀតនៅពេលខាងមុខ ៕

ដោយ ងូ សុមុនី