រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើឱ្យសិក្ខាកាមដែលចេញទៅចូលរួមវគ្គ បណ្តុះបណ្តាលនៅវៀតណាមខិតខំរៀនយកបទពិសោធន៍ថ្មីៗលើវិស័យព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ — ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាន​ស្នើ​ឱ្យ​សិ​​ក្ខាកាម​ដែលចេញ​ទៅ ចូល​រួមវគ្គ​បណ្តុះប​ណ្តាលជំនាញសរសេរព័ត៌មានបែបស៊ើបអង្កេត នៅ​ទី​ក្រុ​ង​ហូ​ជី​មិ​ញ សាធារណរដ្ឋសង្គមនិយមវៀតណាម ​ខិតខំរៀនយកបទពិសោធន៍ថ្មីៗលើវិស័យព័ត៌មានដើ​ម្បី​អ​ភិ​វ​ឌ្ឍ​ន៍​​សមត្ថភាពខ្លួនឱ្យកាន់តែប្រសើរ។

ការស្នើនេះធ្វើឡើង ខណៈសិក្ខាកាមចំនួន ៣០រូប ដែលត្រូវចេញដំណើរទៅចូលរួមវគ្គ​បណ្ដុះបណ្ដា​ល​ជំ​នា​ញ​សរសេរព័ត៌មានបែបស៊ើបអង្កេត នៅទីក្រុងហូជីម៉ិញ សាធារណរដ្ឋ សង្គមនិយម​វៀតណាម​ចូល​ជួប ​និងទទួលអនុសាសន៍មុនចេញដំណើរ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅ​ទី​ស្តី​កា​រ​ក្រ​សួ​ង​ព័​ត៌​មា​ន​។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា ទោះបីសង្គម វៀតណាមប្រកាន់​របបដឹកនាំមានគណបក្សតែមួយខុសពីកម្ពុជាមែន ប៉ុន្តែការសិក្សាលើ វិស័យព័ត៌មានដើម្បីសរសេរចាប់មុំ ឱ្យល្អប្រកបដោយវិជ្ជាជីវៈនោះគឺមិនខុសពីកម្ពុជាទេ។

ឯកឧត្តមរដ្ឋមន្ត្រី បានក្រើនរម្លឹកឱ្យសិក្ខាកាមទាំងអស់ធ្វើយ៉ាងណារៀន យល់នៅខ្លឹម សារជាពាក្យបច្ចេ​ក​ទេ​​​ស សរសេរមកជាសម្រាយដើម្បីឱ្យអ្នកអានទាំងបញ្ញវន្ត និងប្រជាពលរដ្ឋសាមញ្ញអាចយល់បានទាំងអស់​គ្នា​លើ​​​​អត្ថ​ន័យ​របស់​អត្ថបទ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ការចេញទៅសិក្សានេះ​ ក៏ជាការ ដូរភ្នែក ដូរទស្សនៈតាម​រយៈ​ការ​មើល​ឃើញពីស្រុករបស់គេ និង​ការ​អភិ​វឌ្ឍវិស័យសារ ព័ត៌មានរបស់គេជាពិសេស​ការប្រើ​ប្រាស់​បច្ចេ​ក​វិទ្យាទំនើបៗជាដើម។

សូមបញ្ជាក់ថា សាធារណរដ្ឋសង្គមនិយមវៀតណាមបានផ្តល់វគ្គបណ្តុះបណ្តាលដល់ មន្ត្រីព័ត៌មានកម្ពុជា ជំនាញសរសេរព័ត៌មាន និងជំនាញបច្ចេកទេសប្រើប្រាស់ម៉ាស៊ីន ក្នុងប្រព័ន្ធផ្សព្វផ្សាយ​ជារៀង​រាល់​ឆ្នាំ​។ ​សម្រាប់ឆ្នាំ២០១៩នេះ មានពីរវគ្គគឺ វគ្គប​ណ្ដុះប​ណ្ដា​​ល​​​ជំ​​​នា​ញ​​សរសេរព័ត៌មានបែបស៊ើបអង្កេតចា​ប់ផ្តើ​ម​នៅ​ខែសីហានេះ និងវគ្គបណ្តុះបណ្តាលប​ច្ចេកទេ​ស​នឹ​ង​ចាប់ផ្តើមនៅក្នុងខែកញ្ញាខាងមុខនេះ៕ ដោយ គង់ សិរីរ័ត្ន

(រូបថត៖ ខឹម សុវណ្ណារ៉ា)