ក្រសួងទេសចរណ៍ស្នើឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធរួមគ្នាបង្កើតផលិតផលទេសចរណ៍ថ្មី ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកទេសចរចិន និងកូរ៉េ

AKP សៀមរាប ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩​ — មន្ត្រីជំនាញនៃក្រសួងទេសចរណ៍ស្នើឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធរួមគ្នាបង្កើតផលិតផលទេសចរណ៍ថ្មី និងធ្វើអ្វីដែលជាត្រូវការ និងការចូលចិត្តរបស់អ្នកទេសចរចិន និងកូរ៉េ ដែលជាទីផ្សារទេស​ចរណ៍ធំៗនៅក្នុងតំបន់។

ក្នុងកិច្ចប្រជុំពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍គោលដៅទេសចរណ៍សៀមរាប-អង្គរ នៅ សាលាខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ លោក ឈុន មករា ប្រធាន នាយកដ្ឋានគ្រប់គ្រងទីភ្នាក់ងារទេសចរណ៍ ដឹកជញ្ជូន និងមគ្គុទ្ទេសក៍ទេសចរណ៍ នៃក្រសួង​ទេសចរណ៍បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ឃើញថា ភ្ញៀវទេសចរមកកម្សាន្ត​នៅខេត្តសៀម​រាប​​​មានការថយចុះជាងមុន ជាពិសេសទេសចរជនជាតិកូរ៉េ។ ដូច្នេះគ្រប់ស្ថាប័នពាក់ព័ន្ធ​ទាំងអស់​​គួរតែរួមគ្នាបង្កើតផលិតផលទេសចរណ៍ថ្មី និងរៀបចំអ្វីដែលជាតម្រូវការ ព្រមទាំង​ការ​ចូលចិត្ត​របស់អ្នកទេសចរ ជាពិសេសអ្នកទេសចរចិននិងកូរ៉េដែលជាទីផ្សារទេសចរណ៍ធំៗ នៅក្នុង តំបន់។ លោកបានស្នើឱ្យអាជ្ញាធរខេត្តសៀមរាបគួររៀបចំការតុបតែងលម្អ តាមរយៈ​​ការដាំផ្កាលម្អតាមដងផ្លូវសំខាន់ៗនៅក្នុងក្រុងសៀមរាប ផ្លូវចេញពីអាកាសយានដ្ឋានមក​ទីក្រុងសៀមរាបពីអាកាសយានដ្ឋានមកតំបន់អង្គរក៏ដូចជាផ្លូវនៅក្នុងទីក្រុងសៀមរាប​ទាំងមូល ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរឱ្យទស្សនាគោលដៅទេសចរណ៍នេះកាន់តែច្រើន។លោកបានលើកឡើងថា ការរៀបចំកែលម្អនេះ ព្រោះអ្នកទេសចរជនជាតិកូរ៉េតាមការ​អង្កេតមើលភាគច្រើនគឺចូលចិត្តតំបន់ទេសចរណ៍ដែលមានតុបតែងផ្កាស្អាតៗ។ ជាមួយគ្នា​នេះ អាជ្ញាធរក៏ត្រូវរៀបចំកន្លែងកម្សាន្តនាពេលរាត្រីឱ្យបានសម្បូរបែប និងកន្លែងលក់ផលិត​ផលប្រណីតៗសម្រាប់ទេសចរចិន ពីព្រោះភ្ញៀវទេសចរចិន​ភាគច្រើនចូលចិត្តកន្លែងស៊ីវិល័យ​ខណៈនៅខេត្តសៀមរាបមិនទាន់មានកន្លែងទាំងនេះច្រើននៅឡើយ។

ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ក្នុងអំឡុង​ពេលនេះ​គឺចាំបាច់បំផុតគឺត្រូវបង្កើនផលិតផលទេសចរណ៍ថ្មីៗឱ្យបានច្រើន ហើយរាជរដ្ឋាភិ​បាលក៏បាននិងកំពុងតែសិក្សាពីគម្រោងរៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តសៀមរាប ក្នុងនោះគេបានសម្លឹងឃើញពីសក្ដានុពលផលិតផលទេសចរណ៍ថ្មីៗ ដូចជា តំបន់​គូលែន តំបន់ជុំវិញតំបន់អង្គរ និងតំបន់បឹងទន្លេសាប។ ឯកឧត្ដមក៏បានស្នើឱ្យត្រូវបញ្ឈប់រាល់​ការលក់វត្ថុអនុស្សាវរីយ៍គុណភាពអន់ ឬក្លែងក្លាយជូនភ្ញៀវទេសចរ ដែលនាំទៅដល់អាប់​ឱន​កិត្តិយសជាតិ និងបាត់បង់គោលដៅទីផ្សារទេសចរណ៍។ ទន្ទឹមនេះ ត្រូវពង្រឹងសេវាអនាម័យ​ម្ហូប​​អាហារនៅតាមអាហារដ្ឋាន ភោជនីយដ្ឋានក្នុងខេត្ត និងទីក្រុងសៀមរាប ពិសេសត្រូវរៀប​ចំ​នូវវិថីម្ហូបអាហារ «Food Street» នៅក្រុងសៀមរាបឱ្យបានឆាប់រហ័ស។

ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប​ក៏បានណែនាំបន្ថែមដល់​មន្ត្រី​អនុវត្តន៍កិច្ចការតាមផ្នែកទាំងអស់ត្រូវអនុវត្តន៍ដំណោះស្រាយទាំងឡាយប្រកប ដោយប្រសិទ្ធ​ភាព ពីព្រោះបញ្ហាមួយចំនួន ដូចជាបញ្ហាសំរាម ការតុបតែងលម្អ ការលក់វត្ថុអនុស្សាវរីយ៍​គុណភាពអន់ជូនភ្ញៀវទេសចរនេះឯកឧត្តមនៅតែលឺជាដដែលៗ ពោលមិនអាចឱ្យបញ្ហា​ដដែលៗនេះកើតឡើងអូសបន្លាយយូរបានឡើយ៕

ដោយ ឃុត សៅ