លោកជំទាវ ពុំ ចន្ទីនី អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារស្នាក់ការកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ

AKP កំពង់ធំ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ — លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ កាលពីថ្ងៃព្រហស្បតិ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩។ ក្នុងឱកាសនោះដែរមានការអញ្ជើញចូលរួមពីឯកឧត្តម ឈុន ឈន់ ប្រធានកិត្តិយស សាខា ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបទក្រហមកម្ពុជាខេត្តកំពង់ធំ ព្រមទាំងឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី គណៈកិត្តិយស គណៈកម្មាធិការសាខា អនុសាខាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ យុវជនកាកបាទក្រហម ក្រុមកាយរឹទ្ធិលោកតាលោកយាយនិងប្រជាពលរដ្ឋ ប្រមាណ១៦០០នាក់។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានបញ្ជាក់ថា កាកបាទក្រហមកម្ពុជាដែល មានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានចាត់ទុកវិស័យស្នូលទាំង ៤គឺការអភិវឌ្ឍស្ថាប័ននិងអភិវឌ្ឍន៍ធនធាន “រាប់ទាំងធនធានមនុស្ស ធនធានសម្ភារ ថវិកា” ជាវិស័យអាទិភាពចម្បងក្នុងដំណើរការឈានទៅធ្វើឱ្យសម្រេចបានដោយជោគជ័យនូវវិស័យស្នូលទាំង៣គឺ៖១-ការគ្រប់គ្រងគ្រោះមហន្តរាយ, ២-សុខភាព និងការថែទាំសុខភាពក្នុង សហគមន៍,៣-ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌។ អគារស្នាក់ការ សាខានេះបានធ្វើពិធីក្រុងពលី និងបញ្ចុះបឋមសិលាចាប់ផ្តើមសាងសង់នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧។ អគារថ្មីនេះសាងសង់លើផ្ទៃដីទំហំ៥៩១៣ម៉ែត្រក្រឡា មានទំហំ២០គុណ និង១៨ម៉ែត្រ កម្ពស់២ជាន់ចែកជា៤ការិយាល័យធ្វើការ មានសាលប្រជុំធំ១ តូច១ ដោយចំណាយថវិកាសរុបទាំងថ្លៃដី ថ្លៃចាក់ដី ធ្វើរបងព័ទ្ធជុំវិញអគារ និងគ្រឿងសម្ភារបំពាក់មានតម្លៃប្រមាណ១៤០០០០០ដុល្លារ (មួយលានបួនសែនដុល្លារ)។
ឯកឧត្តម សុខ លូ បញ្ជាក់ថា ដើម្បីលើកកម្ពស់សោភណភាពទីតាំងអគារថ្មីនេះ គណៈកម្មាធិការសាខាបានរៀបចំដាំដើមគ្រញូងនៅទីធ្លាខាងមុខជាប់និងថ្នល់ជាតិនិងដាំដើម្បីឈើហូបផ្លែជាប់របងខាងក្នុង ចាក់សាបរៀបចំសួនច្បារទីធ្លាខាងក្នុង និងរោងដាក់យានយន្តចំណាយថវិកាអស់ចំនួន១៣៣៣៦៨ដុល្លារ ហើយចំពោះមុខនេះសាខា មានតម្រូវការអគារធំមួយសម្រាប់សន្និធិសម្ភារ។

លោកជំទាវ ពុំ ចន្ទីនី បានពាំនាំនូវអំណរសាទរនិងការកោតសរសើរពី សំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបទក្រហម កម្ពុជាជូន ចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោកលោកស្រីក្នុងពិធីសម្ពោធ អគារថ្មីនេះ។ លោកជំទាវបានបន្តថាកាកបទក្រហមកម្ពុជាជាសមាគមន៍ជាតិបំពេញការងារមនុស្សធម៌មានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាមគ្គុទ្ទេសក៍ដ៏ឧត្តុងឧត្តមប្រកបដោយភាព ជាអ្នកដឹកនាំឈ្លាសវៃនិងទទួលបានការគាំទ្រយ៉ាងមុតមាំពីសប្បុរសជនអង្គការជាតិ-អន្តរជាតិ ក្នុងការអនុវត្តសកម្មភាពមនុស្សធម៌ក្នុងក្របខ័ណ្ឌជាយុទ្ធសាស្រ្ត២០១១-២០២០ របស់ កាកបាទក្រហមកម្ពុជារហូតសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងការបំពេញបេសកកម្ម ជាប្រវត្តិសាស្រ្តរបស់ខ្លួនជូនជាតិនិងប្រទេសជាតិយើង។

លោកជំទាវ ពុំ ចន្ទីនី បានអំពាវនាវដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី និងសប្បុរសជនទាំងអស់ បន្តនូវប្រពៃណីមនុស្សធម៌គឺវប្បធម៌ចែករំលែក ចូលរួមគាំទ្រទាំងស្មារតីបច្ចេកទេសសម្ភារថវិកាដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដើម្បីឱ្យកម្លាំងប្រតិបត្តិករ របស់សាខាកាកបាទក្រហមកម្ពុជាក្នុងរដ្ឋបាលដែនដីខេត្ត នេះ មានសក្ដានុពលភាពជួយសម្រាលទុក្ខលំបាកដល់គ្រួសារងាយរងគ្រោះកាន់តែមានប្រសិទ្ធភាពថែមទៀត និងជាកម្លាំងឈានមុខជួយសម្រាលបន្ទុករបស់ថ្នាក់កណ្ដាលជារៀងដរាប។
សូមបញ្ជាក់ថា នៅក្នុងពិធីសម្ពោធអគាស្នាក់ការថ្មីនេះសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំនាពេលនោះ គឺទទួលបានការជួយឧបត្ថម្ភពីឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងសប្បុរសជននានានូវថវិកាចំនួន១០២៤០ដុល្លារអាម៉េរិក និង៤០៧៤០០០០រៀល៕

ដោយ ស៊ុម វណ្ណា