ក្រុម U18 កម្ពុជាឈ្នះម្ចាស់ផ្ទះ U18 វៀតណាម ២-១ AFF U-18 Championship 2019

AKP ភ្នំពេញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ — ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាយុវជនអាយុក្រោម១៨ឆ្នាំ (U18)បានយកឈ្នះក្រុមម្ចាស់ ផ្ទះជម្រើសជាតិវៀតណាមអាយុក្រោម១៨ឆ្នាំ ដោយលទ្ធផលបច្ចេកទេស ២-១ នៅក្នុងជំនួប សន្សំពិន្ទុចុងក្រោយដូចគ្នា ក្នុងពូលB នៃព្រឹត្តិការណ៍ពានរង្វាន់ AFF U18 Championship 2019 កាលពីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។  

នៅក្នុងការប្រកួតដ៏ជក់ចិត្តរវាងក្រុមទាំងពីរកម្ពុជា-វៀតណាម រក្សាបានលទ្ធផលស្មើគ្នា ០ទល់០ ហើយចូលដល់វគ្គទី២ ក្រុមយុវជនកម្ពុជាបានបើកការនាំមុខលើក្រុមម្ចាស់ផ្ទះ ១គ្រាប់ ដែលធ្វើសម្រេចដោយកីឡាករ សៀង ចន្ធា នៅនាទី៥០ ហើយនៅនាទី៩០បូក២ ម្ចាស់ផ្ទះ​វៀតណាមតាមបានស្មើ ១ទល់១។ ប៉ុន្តែក្រុមកម្ពុជាបាន យកឈ្នះវិញ ដោយលទ្ធផល ២​ទល់១ បន្ទាប់ពីកីឡាករ សៀង ចន្ធា បោះឱ្យកីឡាករបម្រុងលេខ២០ នៅនាទី ៩០បូក៥។ ជ័យ​ជម្នះ​របស់កម្ពុជាលើវៀតណាមបានបញ្ចប់ក្តីសង្ឃឹមទាំងស្រុងរបស់ក្រុមម្ចាស់ផ្ទះមួយនេះ ក្នុង ការ​ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈក្រុមលេខ២ ម៉ាឡេស៊ី ចាញ់ថៃ ០ទល់១ ក្នុងប្រកួត​ចុងក្រោយ ដូចគ្នា។ ចំណាត់ថ្នាក់ក្នុងពូល B នេះរួមមាន៖ អូស្ត្រាលី លេខ១ មាន១២ពិន្ទុ, ម៉ាឡេស៊ី លេខ២ មាន​៩ពិន្ទុ, វៀត ណាម លេខ៣ មាន៧ពិន្ទុ, កម្ពុជាលេខ៤ មាន៦ពិន្ទុ, ថៃ លេខ៥ មាន៥ពិន្ទុ និង​សិង្ហបុរី បាតតារាង មាន៤ពិន្ទុ។

ទោះបីជាក្រុមយុវជនកម្ពុជាបានប្រកួតធ្លាក់ចេញត្រឹមវគ្គសន្សំពិន្ទុក្នុងពូលក្តី ប៉ុន្តែត្រូវ​បាន​គេមើលឃើញ ថាគុណភាពបច្ចេកទេសរបស់ក្រុមជំទង់គោព្រៃមួយនេះធ្វើបានល្អប្រសើរ ដោយកសាងនូវប្រវត្តិសាស្ត្រថ្មីមួយ។ ក្នុងចំណោម៥ប្រកួតក្រុមU18កម្ពុជា បានយកឈ្នះ ២ប្រកួត ដោយឈ្នះថៃ ៤-៣ និងឈ្នះម្ចាស់ផ្ទះ វៀតណាម ២-១ និងចាញ់៣ប្រកួតជា​មួយ​អូស្ត្រាលី ម៉ាឡេស៊ី និងសិង្ហបុរី។ ចំពោះ២ក្រុម ក្នុងពូលBនេះ ដែលបានឡើងទៅ វគ្គពាក់​កណ្តាលផ្តាច់ព្រ័ត្ររួមមាន៖ មានក្រុមអូស្រ្តាលី និងម៉ាឡេស៊ី ខណៈ២ក្រុមក្នុងពូលA មានក្រុម​ឥណ្ឌូណេស៊ី និងក្រុមមីយ៉ាន់ម៉ា។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ពានរង្វាន់ AFF U18 Championship 2019 នៅប្រទេសវៀត ណាមមាន១២ ក្រុមចូលរួមប្រជែងជើងឯក ដោយពូលA និងពូលB មាន៦ក្រុមស្មើគ្នា ហើយ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ ដោយ ឥណ្ឌូណេស៊ី ប៉ះ ម៉ាឡេស៊ី ខណៈអូស្ត្រាលី ប៉ះមីយ៉ាន់ម៉ា ដើម្បីប្រជែងកៅអីនៅវគ្គផ្តាច់​ព្រ័ត្រ៕

ដោយ ហេង ណាលីន