ឯកឧត្តម អូស្មាន ហាស្សាន់ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ វិហារឥស្លាម ១ខ្នងនៅក្រុងពោធិ៍សាត់

AKP ពោធិ៍សាត់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩  -ឯកឧត្តម​ អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស  បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិហារឥស្លាម ១ខ្នងស្ថិតក្នុងភូមិឥស្លាម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីថ្ងៃព្រហស្បតិ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ មានប្រសាសន៍ថា បងប្អូននៅភូមិឥស្លាម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្ត ពោធិ៍សាត់ ដែលទទួលបានសមិទ្ធិផលថ្មីនេះ ក៏ព្រោះតែ ប្រទេសយើងបានកែប្រែមុខមាត់ថ្មី ក្រោយពីសង្គ្រាមដ៏រ៉ាំរ៉ៃជាច្រើនឆ្នាំ នេះគឺជាតម្លៃនៃសន្តិភាព ដែលជាកិច្ចខិតខំប្រឹងប្រែងនិងការលះបង់របស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដែលធ្វើឱ្យប្រទេសយើងមានកំណើនសេដ្ឋកិច្ចជាង ៧ភាគរយ និយាយដោយឡែកជាក់ស្តែងឆ្នាំនេះមានអ្នកទៅធ្វើហាជ្ជីដល់ទៅ ១.១៣៧នាក់ នេះគឺជាតួលេខដ៏ច្រើនលើសលប់មួយបើប្រៀបធៀបនឹងសម័យមុន។

ឯកឧត្ដមបន្តថា ជាភ័ព្វសំណាងណាស់សម្រាប់សាសនិកឥស្លាមនៅកម្ពុជា ដែលទទួលបាននូវការយកចិត្តទុកដាក់ និងផ្តល់សិទ្ធិគ្រប់យ៉ាងពីរាជរដ្ឋាភិបាល ក្នុងការគោរពប្រតិបត្តិ ក៏ដូចជាការចូលរួមចំណែក ក្នុងកាអភិវឌ្ឍប្រទេសយ៉ាងស្មើមុខស្មើមាត់នៅក្នុងសង្គមជាតិទាំងមូល រហូតទទួលបានការកោតសរសើរពីអង្គការ OIC ដែលជាអង្គការធំទីពីរនៅលើពិភពលោក បន្ទាប់ពី UN។ លើសពីនេះទៅទៀតលោកអគ្គលេខាធិការបស់ OIC ក៏បានអំពាវនាវឱ្យប្រទេសដទៃទៀតយកគំរូតាមប្រទេសកម្ពុជាផងដែរ។ នេះគឺជាតម្លៃនៃសន្តិភាពដែលយើងត្រូវតែរួមគ្នាថែរក្សារឱ្យបាន។

ឯកឧត្ដមបន្តទៀតថា ទន្ទឹមនឹងការអនុវត្ត និងការប្រតិបត្តិតាមច្បាប់សាសនា ក៏សូមបងប្អូនចូលរួមគោរពច្បាប់រដ្ឋឱ្យបានផងដែរ។ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងធំធេង ចំពោះពុកម៉ែបងប្អូនទាំងអស់ដែលនៅតែជឿជាក់ និងរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ជាក់ស្តែងអាណត្តិនេះបងប្អូនសាសនិកឥស្លាមយើងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជារហូតដល់ទៅជិត ៩៤ភាគរយ។

សូមបញ្ជាក់ថា វិហារនេះមានឈ្មោះថា អាល់មូពារឹក ចាប់ផ្តើមសាងសង់នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់ជាបណ្ដោះអាសន្ននៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ២០១៩ ដោយសម្រេចការសាងសង់បាន ៩៥ភាគរយ ហើយគណៈកម្មការសាងសង់និងប្រកាសស្វែងរកថវិកាពីសប្បុរសជនដើម្បីសាងសង់ប៉មខាងលើបន្ថែមឱ្យរួចរាល់ជាស្ថាពរនៅពេលខាងមុខដ៏ខ្លី។ វិហារនេះសាងសង់អស់ថវិកាចំនួន ៩៧.៨៩៦ដុល្លារអាម៉េរិក ក្នុងនោះថវិកាបានមកពីសប្បុរសជនប្រទេសម៉ាឡេស៊ីចំនួន ៦០.០០០ដុល្លារអាម៉េរិក ថវិកាជាបដិភាគ របស់បងប្អូនសាសនិកឥស្លាមក្នុងស្រុកចំនួន ៣៧.៨៩៦ដុល្លារអាម៉េរិក៕

ដោយសួស សំរិត