បទយកការណ៍៖ ជនពិការភ្នែកនាពេលបច្ចុប្បន្ន ខុសពីជនពិការភ្នែកកាលពីអតីតកាល

AKP ភ្នំពេញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ —  ក្រោមការលើកទឹកចិត្ត គាំទ្រ និងបើកទូលាយ ជាពិសេសការស្វាគមន៍នូវបច្ចេកវិទ្យាថ្មីៗដោយរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាសឹងតែគ្រប់រូបបានទទួលចំណែកនៃផលប្រយោជន៍ពីការរីកចម្រើននៃវិស័យបច្ចេកវិទ្យាទាំងនោះ ដោយរួមទាំងជនពិការនានា និងសូម្បីតែជនពិការភ្នែក ។

នៅក្នុងចំណោមជនពិការទាំងអស់នៅក្នុងប្រទេស យុវជនពិការភ្នែកមួយរូបដែលមានឈ្មោះថា ស៊ុន បុរី​  គឺជាសក្ខីភាពមួយដ៏ប្រត្យក្សសម្រាប់ជាអំណះអំណាងអំពីផលផ្លែផ្កា នៃនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះវិស័យបចេ្ចកវិទ្យានេះ ។​

យុវជនពិការភ្នែក ស៊ុន បុរី ដែលមានស្រុកកំណើតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ហើយបានរស់នៅក្នុងពិការភាពបែបនេះតាំងពីកំណើត បានអះអាងថា ទោះបីជារូបគេពិការភ្នែក ប៉ុន្តែរូបគេគឺជាជនពិការមួយរូប ដែលបានតស៊ូសិក្សារហូតបានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ ក្នុងវិទ្យាល័យហ៊ុនសែនភ្នំពេញថ្មី និងកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រភាសាអង់គ្លេស ឆ្នាំទី៤ នៅសកវិទ្យាល័យបញ្ញាជាតិ ។

យុវជនពិការភ្នែករូបនេះបានបញ្ជាក់ថា ” ទោះបីជាខ្ញុំពិការភ្នែក ប៉ុន្តែសម័យនេះ ខ្ញុំអាចធ្វើអ្វីៗបានដូចជាគេឯងដទៃទៀតដែរ ” ។​ បុរី បានអះអាងថា ក្រៅពីការសិក្សានៅពេលនេះ លោកក៏កំពុងតែហ្វឹកហាត់ការងារ និងដកពិសោធន៍ នៅភោជនីយដ្ឋានមួយថែមទៀតផង ។

ក្រៅពីការសិក្សា និងការងារ បើទោះបីជាខ្លួនគឺជាជនពិការក៏ពិតមែន ប៉ុន្តែយុវជនរូបនេះ មិនដាច់ឆ្ងាយពីសង្គម មនុស្ស និងការរីកចម្រើននៃវិស័យបច្ចេកវិទ្យាឡើយ ដោយរូបគេអាចលេង និងចូលរួមនៅក្នុងបណ្តាញព័ត៌មានសង្គមផ្សេងៗ ដូចជាហ្វេសប៊ុក យូធូប ដូចជាមនុស្សទូទៅ​នានាបានដែរ ។

យុវជនពិការភ្នែក ស៊ុន បុរី បាននិយាយថា «បណ្តាញទំនាក់ទំនងសង្គម ពិតជាមានសារៈសំខាន់ណាស់ បើទោះបីជាខ្ញុំមើលមិនឃើញ តែបច្ចេកវិទ្យានៅសម័យនេះ អាចជួយឱ្យខ្ញុំលេងក្នុងបណ្តាញទាំងនោះ  ដូចជាមនុស្សធម្មតាបាន ។»

បុរី​ បានចែករំលែកថា សម្រាប់លោកផ្ទាល់ក្នុងនាមជាជនពិការភ្នែក តែទទួលបានផលប្រយោជន៍ឥតគណនាបាន ដូចជាបច្ចុប្បន្ននេះ តាមរយៈកមុ្មវិធីបច្ចេកវិទ្យាផ្សេងៗ ដូចជា Screen Reader (ជាសម្លេង) អាចឱ្យជនពិការភ្នែកនានាអានអក្សរបានដូចមនុស្សធម្មតា។ កម្មវិធីនេះបញ្ចូលក្នុងប្រព័ន្ធ Android តែដោយឡែកសម្រាប់អ្នកដែលប្រើប្រាស់ប្រព័ន្ធ ISO វិញគឺ Voice Over មានលក្ខណៈជា Talkback ឬ Voice Assistant ។ បុរី បានបន្ថែមថា « រាល់បញ្ហាកើតមាននៅលើកញ្ចក់ទូរស័ព្ទដៃនោះ ប្រព័ន្ធប្រតិបត្តិការទាំងនោះ នឹងអានឱ្យមនុស្សពិការភ្នែកស្តាប់បានរាល់ពេលដែលកើតមានឡើង ជាឧទាហរណ៍ផ្ទាល់ខ្លួន បណ្តាញទំនាក់ទំនងសង្គម​ ខ្ញុំអាចប្រើបានដូចមនុស្សធម្មតា ដែលមានភ្នែកមើលឃើញ ។ »

មុនពេលដែលប្រព័ន្ធបច្ចេកវិទ្យាទំនើបចុងក្រោយកើតមានក្នុងសកលលោកនេះ ជនពិការភ្នែកមានបញ្ហាលំបាកជាច្រើនក្នុងការរស់នៅ ការប្រកបការងារ ការធ្វើដំណើរ ការប្រាស្រ័យទាក់ទងនឹងមនុស្សជុំវិញខ្លួន ការទទួលបានព័ត៌មានផ្សេងៗ ជាដើម ។

យុវជនពិការភ្នែក ស៊ុន បុរី បានបន្តឱ្យដឹងថា​ «មុនពេលដែលមានបច្ចេកវិទ្យាទំនើបទាំងអស់នោះ គឺមានភាពលំបាកខ្លាំងណាស់សម្រាប់ជនពិការភ្នែកដូចជាពួកយើងខ្ញុំ ដោយសារតែនៅពេលដែលមនុស្សធម្មតា ប្រើប្រាស់ទូរស័ព្ទ ប្រើប្រាស់បណ្តាញសង្គម ដូចជា Facebook មនុស្សធម្មតាអាចចុចស៊ែរ (Share)នូវអ្វីៗដែលមាននៅលើបណ្តាញសង្គម ខ្ញុំក៏ចង់ធ្វើដូចគេដែរ តែមិនដឹងថាធ្វើដូចម្តេច ។ »

កម្មវិធីដែលភ្ជាប់មកជាមួយប្រព័ន្ធបច្ចេកវិទ្យាទំនើបទាំងនោះ បច្ចុប្បន្នមិនត្រឹមតែបំពាក់នៅលើទូរស័ព្ទដៃវៃឆ្លាតមួយមុខនោះទេ តែគេក៏អាចយកមកបំពាក់នៅលើកំព្យូទ័រលើតុ កុំព្យូរទ័រយួរដៃ ដែលអាចឱ្យមនុស្សពិការភ្នែកនានាធ្វើការងារបានដូចមនុស្សធម្មតាទូទៅ ។ កម្មវិធីដែលអាចបំពាក់បាននោះមានឈ្មោះជាអក្សរកាត់ NVDA (Non Visual Desktop Access) នៅពេលមានបញ្ហាកើតឡើងនៅលើកញ្ចក់កំព្យូទ័រ កម្មវិធីទាំងនោះនឹងអានឱ្យជនពិការភ្នែកស្តាប់ ។

បើទោះបីជាប្រព័ន្ធបច្ចេកវិទ្យាទំនើបទាំងនោះបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាព តែប្រតិបត្តិមួយចំនួននៅជួបបញ្ហាចោទសម្រាប់ពួកគាត់។ លោក ស៊ុន បុរី បានបញ្ជាក់ថា​ «មិនមានភាពងាយស្រួលទាំងអស់នោះទេ ធម្មតានៅលើ Map មានខុសខ្លះ និងត្រូវខ្លះ សឹងតែរាល់ដង នៅពេលដែលខ្ញុំធ្វើដំណើរ ជាឧទាហរណ៍ជាក់ស្តែងសម្រាប់ខ្ញុំ ពេលដែលខ្ញុំធ្វើដំណើរ ខ្ញុំបានប្រាប់ទៅអ្នកបើកបរ អំពីផ្លូវនេះ តែគាត់បែរជាជូនខ្ញុំទៅខុសគោលដៅ ដោយប្រើ Map នៅលើកម្មវិធី ។ »

ទោះជាយ៉ាងណា ប្រព័ន្ធបច្ចេកវិទ្យាទំនើបៗទាំងនោះបានជួយដល់ជនពិការភ្នែកអាចធ្វើការបានដូចជាមនុស្សធម្មតា ក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ លោក ស៊ុន បុរី បន្តថា​ «កម្មវិធីទាំងនោះ ជួយយើងឱ្យធ្វើអ្វីៗគ្រប់យ៉ាង បានដូចជាមនុស្សធម្មតា យើងអាចស្វែងរកផ្លូវ រកផ្ទះដោយខ្លួនឯងបាន ដូចមនុស្សទូទៅធ្វើដូចគ្នា ។»

សរុបទៅ ដោយសារតែមានការគាំទ្រ និងបើកទូលាយនូវបច្ចេកវិទ្យាទាំងអស់នេះ​ពីរាជរដ្ឋាភិបាលកម្ពុជា បានជួយឱ្យយុវជនរូបនេះគិតថា ខ្លួនសឹងតែមិនមែនជាជនពិការ ។​​

ផ្អែកតាមការអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា ឆ្នាំ២០១៤ បានបង្ហាញថា ប្រេវ៉ាឡង់នៃអត្រាពិការភាព គឺ៤% នៃប្រជាជនកម្ពុជាសរុប ហើយចំនួនអ្នកមានពិការភាព មានប្រមាណ៥២៤.០០០នាក់ ។ កម្ពុជាទទួលបានជោគជ័យ ក្នុងការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការ របស់អង្គការសហប្រជាជាតិ ទសវត្សរ៍ជនពិការប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ២០១៣-២០២២ យុទ្ធសាស្រ្តអ៊ីនឈាន់ និងសេចក្តីថ្លែងការណ៍ទីក្រុងប៉េកាំងដែលបានអនុម័តកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅសម្រាប់ពន្លឿនការអនុវត្តយុទ្ធសាស្រ្តអ៊ីនឈាន់ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់របស់ជនមានពិការភាពឲ្យកាន់តែល្អប្រសើរ មានប្រសិទ្ធភាព ៕

ដោយ ផល សុផានិត