រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំបង្ហាញប្លង់តូបគំរូថ្មីដល់អាជីករ លក់ដូនៅឆ្នេរអូរឈើទាល

AKP ព្រះសីហនុ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ -ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានជួបប្រជុំជាលើកទី២ ជាមួយបងប្អូនអាជីវករលក់ដូរនៅឆ្នេរអូរឈើទាលចំនួន ៤៤តូប ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ ដើម្បីដាក់បង្ហាញប្លង់សាងសង់តូបគំរូថ្មី របស់គណៈកម្មការឆ្នេរកម្ពុជា នារសៀលថ្ងៃព្រហស្បតិ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ។

តាមការបង្ហាញរបស់មន្ត្រីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ បានបញ្ជាក់ថា តាមប្លង់សាងសង់តូបគំរូថ្មីនៅឆ្នេរអូរឈើទាលមាន ២ប្រភេទ  គឺ តូបទោល និងតូបភ្លោះ ដែលគណៈកម្មការបានចុះវាស់កំណត់និយាមកា បោះតម្រុយព្រំ ដោយមានទំហំតូបគំរូឯកភាពគ្នាតាមបទដ្ឋានបច្ចេកទេស  ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍សំណេះសំណាលជា មួយអាជីវករលក់ដូរនៅឆ្នេរអូរឈើទាលថា តាមការឯកភាពរបស់គណៈកម្មការឆ្នេរបានរៀបចំគំរូប្លង់តូបឯកភាព ដើម្បីឱ្យបងប្អូនយកទៅសាងសង់តាមគំរូថ្មីមានរចនាបទ សោភណភាពក្នុងការទាក់ទាញភ្ញៀវ។ ដូច្នេះពេលបញ្ចប់កិច្ចប្រជុំនេះ បងប្អូនអាចរកជាងសាងសង់ដោយខ្លួនឯងបាន ហើយមន្ត្រីជំនាញរបស់យើងនៅរង់ចាំជួយសម្របសម្រួល ដើម្បីឱ្យការសាងសង់ប្រព្រឹត្តទៅដោយរលូន និងឯកភាពគ្នា ។

ឯកឧត្តមបានបន្តថា ការសាងសង់តូបនៅពេលនេះមានលក្ខណៈសមស្រប ព្រោះជា   រដូវភ្លៀងមិនសូវមានភ្ញៀវទេសចរ ហើយនូវរដូវប្រាំងខាងមុខភ្ញៀវទេសចរនឹងមកលេងកម្សាន្តនៅខេត្តព្រះសីហនុច្រើន។ ដូច្នេះបងប្អូនត្រូវជំរុញការសាងសង់ឱ្យបានលឿនដើម្បីត្រៀមរៀប ចំទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលរដ្ឋបាលខេត្ត និងយកតំបន់ឆ្នេរអូរឈើទាលនេះ ជាកន្លែងបុណ្យឆ្លងឆ្នាំសកល ទន្ទឹមនិងដំណើរការសាងសង់តូប ត្រូវចូលរួមផលប៉ះពាល់អនា ម័យបរិស្ថាន ។ ថ្វីត្បិតតែយើងបានតូបគំរូល្អ យើងក៏ត្រូវរៀបចំប្រព័ន្ធទឹកកខ្វក់បន្តទៀត ដើម្បីឱ្យតំបន់ឆ្នេរអូរឈើទាលរបស់យើង ក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញជាងគេក្នុងចំណោមតំបន់ឆ្នេរផ្សេងៗទៀតនៅក្នុងក្រុងព្រះសីហនុ ៕

ដោយ ងូ សុមុនី