រដ្ឋមន្ដ្រីក្រសួងធនធានទឹក ស្នើឱ្យប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន ចូលរួមផ្សព្វផ្សាយការពិតអំពីបញ្ហាទឹកជំនន់

AKP ភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ — រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយមបានស្នើដល់ប្រជាពលរដ្ឋចូលរួម​ផ្សព្វផ្សាយការ​ពិតពី​បញ្ហាទឹកជំនន់ ជាពិសេសសំណូមពរទៅដល់អ្នកសារព័ត៌មាន ត្រូវផ្សព្វផ្សាយអំពីអ្វី​ដែល​ជា​បច្ចុប្បន្នភាព កុំយករូបភាពចាស់ៗមកផ្សព្វផ្សាយបំភ្លៃការពិត ដែលធ្វើឱ្យសាធារណជន​មាន​ការយល់ច្រឡំ រួចទាញចូលរឿងនយោបាយទៅវិញ។ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីបច្ចុប្បន្នភាពគ្រោះទឹកជំនន់ និងការកាត់បន្ថយ ថ្ងៃ​ឈប់សម្រាក កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្ដម លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយមបានមានប្រសាសន៍ថា “សំណូមពរ​របស់ខ្ញុំ គឺផ្សព្វផ្សាយអ្វីដែលជាបច្ចុប្បន្នភាព ព្រោះជាក់ស្តែងមានរួចមកហើយ អ្នកខ្លះទៅយក​រូបចាស់ពីណាមកយកមកផ្សាយ ឧទាហរណ៍ថា តំបន់រាំងស្ងួត ទៅថតស្រូវតាំងពីអង្កាល់​ណាមកនោះ យកមកផ្សាយ តែជាក់ស្តែងវាអត់មាន ខ្ញុំតាមដានណាស់”។ ឯកឧត្ដមបាន​សំណូមពរសុំឱ្យធ្វើជាបច្ចុប្បន្នភាពតែម្តង ជាក់ស្តែងតែម្តង ដោយយើងមានការ​សប្បាយរីក​រាយ សហការទទួលយក ដើម្បីមានវិធានការដោះស្រាយ។ ទន្ទឹមនេះ ពាក់ព័ន្ធនឹងការ​ផ្សព្វផ្សាយនេះផងដែរ ឬការធ្វើអត្ថាធិប្បាយ ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានសំណូមពរកុំយកបញ្ហា បច្ចេកទេសនេះ ទៅបំភ្លៃ ឬទៅវាយប្រហារ ឬទៅធ្វើអាជីវកម្ម ទៅជារឿងនយោបាយទៅវិញ ដូចជាមិនមានលក្ខណៈល្អប្រសើរទេ សុំនិយាយរឿងឱ្យចំៗតែម្តង ហើយរឿងជំនាញគឺជំនាញ មិនពាក់ព័ន្ធនឹងរឿងនយោបាយទេ។ ឯកឧត្ដមបានពន្យល់ថា ទឹកជំនន់គឺជាការលិចលង់ ហើយទឹកជំនន់នៅកម្ពុជា មាន២ប្រភេទ ត្រូវតែទទួលស្គាលទាំងអស់ ទី១- កើតឡើងដោយ​ភ្លៀងនៅតំបន់ផ្ទាល់តែម្ដង ដូចជាជាក់ស្ដែងនាពេលថ្មីៗនេះ នៅក្រុងព្រះសីហនុ, ខេត្ដកំពត, កោះកុង, រតនគិរី ជាដើម។ ទី២- ទឹកជំនន់គឺដែលកើតឡើងដោយទឹកទន្លេមេគង្គ ឥឡូវនេះ​ទឹក​ទន្លេមេគង្គអត់ទាន់ឡើងទេ ដូច្នេះទឹកទន្លេមេគង្គឡើងមិនបាន​កម្រិតពាក់កណ្ដាល​ផង។
ឯកឧត្ដមរដ្ឋមន្រ្ដីបានរម្លឹកផងដែរថា សភាពការណ៍នៅក្រុងព្រះសីហនុ គិតមកដល់​បច្ចុប្បន្ននេះក្រុងព្រះសីហនុ បានទទួលនូវបរិមាណទឹកភ្លៀងប្រមាណ២.៧៦៤ មិល្លីម៉ែត្រ ហើយ​ខេត្តកោះកុងវិញ គឺទទួលបានទឹកភ្លៀងប្រមាណ២.៩៤៩មិល្លីម៉ែត្រ។ ឯកឧត្ដមបានអះ​អាងថា បញ្ហាទឹកជំនន់ទាំងនេះកើតឡើងដោយបាតុភូតធម្មជាតិ ដូច្នេះ ពលរដ្ឋមួយចំនូន​ត្រូវពិចារណា ហើយប្រើប្រាស់ពាក្យថា រស់នៅរំពឹងមេឃ កសិកម្មនៅរំពឹងមេឃ តើរហូតមក​ដល់ថ្ងៃនេះ ប្រទេសណាដែលមិនរំពឹងមេឃគឺរំពឹងមេឃទាំងអស់គ្នា។
ជាមួយគ្នានេះ ឯកឧត្ដមបង្ហាញក្ដីសង្ឃឹមថា ទឹកទន្លេមេគង្គនឹងនៅតែបន្ដឡើង និងរំពឹង​ទុកថា មានកម្ពស់៩ម៉ែត្រ ហើយកម្ពស់៩ម៉ែត្រនេះ មិនទាន់ដល់កម្រិត​ប្រកាសអាសន្ន​ឡើយ។ តែទោះបីយ៉ាងនេះក្ដី បើទឹកទន្លេមេគង្គមានកម្ពស់៩ម៉ែត្រ មិនប្រកាសអាសន្នក៏ដោយ ក៏មន្ដ្រី​ជំនាញ ​ភាគីពាក់ព័ន្ធទាំងអស់បានត្រៀមលក្ខណៈរួមជាសម្រេច។

ឯកឧត្ដម លឹម គានហោ បានថ្លែងបញ្ជាក់ទៀតថា ក្នុងពិភពលោកទាំងមូល​មានទឹក​សាបត្រឹមតែ២.៥ភាគរយទេ ក្រៅពីនោះ គឺជាទឹកប្រៃទាំងអស់។ ដូច្នេះកម្ពុជាអាចចាត់ទុកថា មានសំណាងដែលកម្ពុជាមានប្រភពទឹកសាបច្រើនណាស់ ខុសពីបណ្ដាប្រទេសផ្សេងៗ ដែល​សម្បូរទៅដោយទឹកសមុទ្រ។
ឯកឧត្ដម កែវ វី ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹង​ដែរថា ស្ថានភាពជំនន់នៅពេលនេះ បានធូរស្រាលហើយ ហើយសម្រាប់បញ្ហា​ផ្សេងៗទៀត​បានរៀបចំរួចរាល់ហើយ។ ឯកឧត្ដមបានគូសបញ្ជាក់ថា ជំនន់ទឹកភ្លៀង កាលពីពេលថ្មីៗនេះ គឺចាប់ផ្តើមវិលមកសភាពធម្មតាហើយ ក្នុងនោះ ចំពោះពលរដ្ឋបានវិលត្រលប់ទៅកាន់ គេហដ្ឋានរបស់ខ្លួនវិញហើយដែរ។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យ​ដឹងថា យ៉ាងហោចណាស់មានខេត្តចំនួន៨ បានទទួលរងគ្រោះដោយទឹកជំនន់ ក្នុងនោះ​ក៏បានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋរហូតដល់ជិត៨.០០០គ្រួសារ និងបានបណ្តាលឱ្យ​មនុស្សចំនួន៤នាក់បានស្លាប់ផងដែរ៕

ដោយ ប៊ុនរិទ្ធ