រដ្ឋមន្រ្ដីក្រសួងទេសចរណ៍៖ កម្ពុជា មានមជ្ឈមណ្ឌលវាយតម្លៃ ចុងភៅមួយគួរឱ្យជឿជាក់ ស្របតាមយន្តការជាតិ និងអាស៊ាន

AKP ភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ — ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា កម្ពុជា មានមជ្ឈមណ្ឌល វាយតម្លៃសមត្ថភាពអ្នកជំនាញ​ទេស​ចរណ៍ផ្នែកផលិតកម្មម្ហូបអាហារ ដែលជាសញ្ញាបង្ហាញថា ពីពេលនេះតទៅ កម្ពុជាមានមជ្ឈមណ្ឌលវាយតម្លៃចុងភៅមួយដែលគួរឱ្យជឿជាក់ ស្របតាម​យន្តការជាតិ និងអាស៊ាន។ ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ក្នុងពិធីសម្ពោធដាក់​ឱ្យប្រើប្រាស់ «មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពអ្នកជំនាញ​ទេស​ចរណ៍ ថាលាស (Thalias) ផ្នែកផលិតកម្មម្ហូបអាហារ» នៅភោជនីយដ្ឋានតូប៉ាហ្ស កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ដោយមានការចូលរួមពីតំណាងអង្គការជាតិ-អន្តរជាតិ សាលាបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈទេសចរណ៍ គ្រូបង្គោលជាតិ អ្នកវាយតម្លៃបង្គោលជាតិ អ្នកជំនាញម្ហូបអាហារ​។ ឯកឧត្តម ថោង ខុន បានគូសបញ្ជាក់ថា គំនិតផ្តួចផ្តើមក្នុងការគាំទ្របង្កើត​មជ្ឈ​មណ្ឌល​វាយតម្លៃសមត្ថភាពនេះ ស្របតាមផែនការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យ​ទេសចរណ៍ ឆ្នាំ២០១៧-២០២៥ ដោយមានការចូលរួមគាំទ្រដោយក្រុមហ៊ុនថាលាសគ្រុប (Thalias Group) អង្គការអាល្លឺម៉ង់ Assist ដែលអាចផ្តល់ឱកាសដល់អ្នកជំនាញផ្នែក​ផលិតកម្មម្ហូបអាហារ (ចុងភៅ) ជាពិសេសចុងភៅដែលមានបទពិសោធន៍ល្អៗ តែពុំទាន់មាន​វិញ្ញាបនបត្រ​ទទួល​ស្គាល់ផ្លូវការ ឱ្យទទួលបានការវាយតម្លៃសមត្ថភាព និងទទួលបានវិញ្ញាបន​បត្រ​ទទួលស្គាល់​កម្រិតវិញ្ញាបនបត្រ ស្របតាមយន្តការជាតិ និងអាស៊ាន។ ឯកឧត្តមរដ្ឋ​មន្ត្រីបន្ដថា មជ្ឈ​មណ្ឌល​​វាយតម្លៃនេះយកទីតាំងអនុវត្តន៍នៅភោជនីយដ្ឋានតូប៉ាហ្ស ដែល​ជាភោជនីដ្ឋាន​លំដាប់ខ្ពស់ និងមានមេចុងភៅពូកែៗ អាចធ្វើជាអ្នកវាយតម្លៃ និងគ្រូបណ្ដុះ​បណ្ដាលបាន។

ជាមួយគ្នានេះ ការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យទេសចរណ៍ តាមរយៈអភិក្រមនៃការ​បណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍ គឺជាគោលដៅយុទ្ធសាស្រ្ត អាទិភាពមួយរបស់ក្រសួងទេសចរណ៍ ក្នុងការលើកកម្ពស់គុណភាពសេវាកម្ម ទេសចរណ៍ នៅកម្ពុជា នឹងបានឆ្លើយតបផងដែរទៅនឹងផែនការយុទ្ធសាស្ត្រអាស៊ានផងដែរ។ ឯកឧត្តម បានបន្ថែមថា ការទទួលស្គាល់មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពនេះ គឺស្របតាមផែនការយុទ្ធ​សាស្ត្រអភិវឌ្ឍន៍ធនធានមនុស្ស ឆ្នាំ២០១៧-២០២៥ ដែលមានចក្ខុវិស័យជំរុញការ​បណ្តុះ​បណ្តាល និងវាយតម្លៃអ្នកជំនាញទេសចរណ៍ ក្នុងនោះត្រឹម ឆ្នាំ២០២០ (៥០ភាគរយ) ឆ្នាំ២០២៥ (១០០ភាគរយ) និងនៅឆ្នាំ២០៣០ (សម្រេច SDG4) «ការសិក្សា​ពេញមួយជីវិត Life Long Learning» និង SDG8 «ការងារសមស្រប» ស្របតាមក្របខ័ណ្ឌ គុណវុឌ្ឍិជាតិ និង​អាស៊ាន និងស្របតាមយន្តការវាយតម្លៃ ទទួលស្គាល់គុណវុឌ្ឍិអ្នកជំនាញទេសចរណ៍ជាតិ និង​អាស៊ាន ដែលជាចលករជំរុញ សមត្ថភាពយុវជនកម្ពុជា លើចំណេះដឹងជំនាញ និង​ឥរិយាបថ​ខ្ពស់ស្របតាមស្តង់ដាអាស៊ាន។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជំរុញដល់ភាគីពាក់ព័ន្ធ ស្ថាប័នបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ បុគ្គលិកបម្រើការងារ ជាពិសេសជំនាញចុងភៅឱ្យ​ផ្សព្វផ្សាយ និងចូលរួមវាយតម្លៃសមត្ថភាព របស់ខ្លួនបន្ថែមទៀត ឱ្យកាន់តែទូលំទូលាយ។ទន្ទឹមនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានអញ្ជើញគ្រប់ភាគីពាក់ព័ន្ធ ពិសេសភោជនីយដ្ឋាន​តូប៉ាហ្ស ក្រុមចុងភៅនានា ចូលរួមក្នុងសន្និសីទអន្តរជាតិលើកទី១ ស្ដីពីទេសចរណ៍ម្ហូបអាហារ (The First International Conference on Cambodia Gastronomy and Food Tourism) ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាភ្នំពេញផងដែរ៕

​ដោយ ម៉ៅ ចរិយា