អ្នកនាំពាក្យរាជរដ្ឋាភិបាលឆ្លើយតបទៅនឹងមតិរិះគន់ដែលថាសម្តេចតេជោមិនចុះទៅផ្ទាល់ទីតាំងដែលរងគ្រោះដោយទឹកជំនន់

AKP ភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ — ក្នុងសន្នីសីទរសារព័ត៌មាននៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ នាទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្រ្តី បានធ្វើការពន្យល់បកស្រាយ ជុំវិញមតិរិះគន់របស់អ្នកលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកដែលលើកឡើងថា សម្តេចតេជោនាយករដ្ឋមន្រ្តីមិនចុះទៅផ្ទាល់ទីតាំងដែលកំពុងរងគ្រោះដោយសារគ្រោះទឹកជំនន់ដែលបានកើតឡើង។ ត្រង់ចំណុចនេះ ឯកឧត្តម ផៃ ស៊ីផាន បានពន្យល់ថា ស្ថានភាព​ទឹកជំនន់បច្ចុប្បន្ន មិនទាន់តម្រូវឱ្យសម្តេច ត្រូវចុះមូលដ្ឋានផ្ទាល់នោះឡើយ។ ប៉ុន្តែសម្តេចតែង​តែតាមដានជាប្រចាំតាមរយៈការចេញបទបញ្ជា និងចាត់វិធានការគ្រប់បែបយ៉ាង ទាំងតាម​ហ្វេសប៊ុក និងការបញ្ជាផ្ទាល់។ ពាក់ព័ន្ធនឹងបញ្ហាគ្រោះទឹកជំនន់នេះ ប្រមុខដឹកនាំកម្ពុជា នៅលើគេហទំព័រផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្រ្ដីតែងតែធ្វើការអំពានាវឱ្យស្ថាប័នពាក់ ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ចនៅតំបន់ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់នេះ បង្កើន​ការ​ចុះជួយប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារគ្រោះទឹកជំនន់នេះ។

សូមជម្រាបជូនថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ជំនន់ទឹកភ្លៀងបានវាយប្រហារនៅ​តាមបណ្តា​ខេត្តមួយចំនួន នៅកម្ពុជា បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅទូទាំងប្រទេស។ ជំនន់​ទឹកភ្លៀង នៅខេត្តព្រះសីហនុ បានបណ្តាលឲ្យមនុស្សចំនួន០៣នាក់ បានស្លាប់​ខណៈ​ទ្រព្យសម្បត្តិរបស់របរប្រើប្រាស់របស់ប្រជាពលរដ្ឋជាច្រើនរងការខូចខាត។ ដោយ​ឡែក ជំនន់ទឹកភ្លៀងនៅខេត្តរតនគីរីវិញ បានវាយប្រហារយ៉ាងគំហុកទៅស្រុកលំផាត់ បណ្តាលឱ្យ ភូមិឋានមួយចំនួនរងការលិចលង់ ដោយបានផ្តាច់ជីវិតកុមារីម្នាក់។ តាមបណ្តាខេត្តមួយ ចំនួនទៀត ក៏ត្រូវបានអាជ្ញាធរមូលដ្ឋានជូនដំណឹងឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ផងដែរ៕

ដោយ ចាន់ សុធីវង្ស