ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ផ្ដល់ប៉មចម្រោះទឹកស្អាតទី២៣ ជូនដល់វិទ្យាល័យសម្តេច​សង្ឃរាជ បួ គ្រី ក្នុងស្រុកអង្គស្នួល ខេត្ដកណ្ដាល

AKP កណ្តាល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ — ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា បានដំឡើងប៉មចម្រោះទឹកស្អាតថ្មីមួយកន្លែងទៀត ផ្ដល់​ជូន​វិទ្យាល័យសម្តេចសង្ឃរាជ បួ គ្រី ស្ថិតនៅឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលអាចផ្តល់នូវទឹកស្អាតសម្រាប់ឆាន់ និងទទួលទាន ដល់ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស ប្រមាណ ២.៤០០ អង្គ និងនាក់។ក្នុងពិធីសម្ពោធ ប៉មចម្រោះទឹកស្អាតទី២៣ នៅក្នុងបរិវេណវិទ្យាល័យសម្ដេចសង្ឃរាជ បួ គ្រី កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល លោក ដេវីដ វ៉ីងហ្គល់វើដ នាយកប្រតិបត្តិ នៃក្រុមហ៊ុនភេសជ្ជៈកម្ពុជាកូកា-កូឡា​បានគូស​បញ្ជាក់​ថា គម្រោងប៉មចម្រោះទឹកស្អាតនេះ នឹងមិនបញ្ចប់ត្រឹមនេះទេ ក្រុមហ៊ុននឹង​បន្តគាំទ្រអង្គការ Planet Water ក្នុងការធ្វើទំហែទាំរយៈពេល៥ឆ្នាំ ក្រោយការដំឡើងនេះ ដែលនឹងផ្តោតទៅលើ​ការត្រួតពិនិត្យ តាមដានគុណភាពទឹក ព្រមទាំងការអនុវត្តកម្មវិធីអប់រំអំពីសុខភាពអនាម័យ និងការអប់រំបណ្តុះបណ្តាលប្រជាសហគមន៍អំពីការថែរក្សា គាំពារប៉មចម្រោះទឹកនេះ។លោកបានបន្ដថា ក្រុមហ៊ុន កូកា-កូឡា មានមោទនភាពដែលបានចូលរួម ចំណែកក្នុង ការបង្កើតគម្រោងដ៏មានសារៈសំខាន់មួយនេះ ដែលបានកំពុងតែនាំយកទឹកស្អាត មកកាន់ សាលារៀន និងសហគមន៍ជាច្រើននៅទូទាំងពិភពលោក។ លោកបានបន្តទៀតថា ក្រុមហ៊ុន​ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់កិច្ចសហការគាំទ្រយ៉ាងពេញទំហឹងរបស់​ក្រុម​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានធ្វើការយ៉ាងជិតស្និទ្ធរៀបចំគម្រោងនេះ លេចជារូបរាងឡើង។
ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា បានថ្លែងអំណរគុណដល់ក្រុមហ៊ុនកូកា-កូឡា ដែលបានដំឡើងប៉មចម្រោះ​ទឹកស្អាតនេះឡើងជូន និងប្រគេនដល់ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សវិទ្យា​ល័យ​សម្តេច​សង្ឃរាជបួគ្រី សម្រាប់ប្រើប្រាស់ ដែលបង្ហាញពីការទទួលខុសត្រូវផ្នែកសង្គម​របស់ក្រុមហ៊ុន។ ឯកឧត្តមបានលើកឡើងថា រាជរដ្ឋាភិបាលចាត់ទុកការផ្គត់ផ្គង់ទឹកស្អាតជា​អាទិភាពមួយក្នុង ចំណោមអាទិភាពទាំងបួនរបស់រាជរដ្ឋាភិបាល ហើយឯកឧត្តមវាយតម្លៃ​ខ្ពស់​ចំពោះការចូល​រួម​ចំណែករបស់ក្រុមហ៊ុនក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិ​បាលកម្ពុជា។

ឯកឧត្តមក៏បានណែនាំដល់សិស្សានុសិស្សទាំងអស់មេត្តាជួយថែរក្សាប៉មចម្រោះទឹកស្អាតនេះទាំងអស់គ្នា និងខិតខំប្រឹងប្រែងរៀនសូត្រដើម្បីឆ្លើយតបទៅនឹងការជួយ​ឧបត្ថម្ភ​របស់​ក្រុមហ៊ុន និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំវិទ្យាល័យ និងរាជរដ្ឋាភិបាល។សូមជម្រាបថា នេះគឺជាប៉មចម្រោះទឹកស្អាតទី២៣ ដែលបានដំឡើងដោយក្រុមហ៊ុន កូកា-កូឡា ជាមួយនឹងស្ថាប័នដៃគូនៅទូទាំងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០១៦ ក្រោមកិច្ច​សហការជាមួយអង្គការ Planet Water ដែលមានការដំឡើងប៉មចម្រោះទឹកស្អាត នៅតាម​បណ្ដាសហគមន៍នានានៃប្រទេសកម្ពុជា ដែលកំពុងតែប្រឈមនឹងការខ្វះទឹកស្អាតសម្រាប់​ទទួលទាន។ ជាមួយគ្នានេះ ក្រុមហ៊ុនកូកា-កូឡា នឹងបន្ដដំឡើងប៉មចម្រោះទឹកស្អាត​ជាច្រើន​ទៀតដែលនឹងមានវត្តមាននៅក្នុងឆ្នាំបន្តបន្ទាប់ៗទៀតក្នុងគោលដៅ​ជួយតំបន់ទីដាច់​ស្រយាល​ ដែលកំពុងជួបបញ្ហាកង្វះទឹកស្អាតប្រើប្រាស់។ ចំពោះប៉មចម្រោះទឹកស្អាតចំនួន២២ ដែលក្រុម​ហ៊ុនបានដំឡើងតាំងពីឆ្នាំ២០១៦ បានផ្តល់ទឹកស្អាតចំនួន៤៥លានលីត្រ សម្រាប់ប្រជាជន​ប្រើប្រាស់ប្រមាណជាង៤០.០០០នាក់ នៃ២៣សហគមន៍នៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕

ដោយ រិទ្ធី