ឯកឧត្តម ស៊ុន ចាន់ថុល សន្យាថា នឹង​ជួយអភិវឌ្ឍន៍ក្រុងសៀមរាប​ ទាំង​ផ្លូវ និងប្រព័ន្ធបង្ហូរទឹកស្អុយ​ឱ្យបានល្អប្រសើរ

AKP សៀមរាប ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ — ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​សាធារណការ និងដឹកជញ្ជូន បាន​ថ្លែង​នៅពិធីបើការដ្ឋាន​ជួសជុសផ្លូវចំនួន២ខ្សែនៅក្នុងក្រុងសៀមរាប​ នា​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ២០១៩នេះថា ខេត្តសៀមរាបជាតំបន់គោលដៅទេសចរណ៍ដ៏សំខាន់របស់កម្ពុជា ដែលត្រូវធ្វើការអភិវឌ្ឍឱ្យបាន​ល្អទាំង​ផ្លូវ  ទាំងប្រព័ន្ធបង្ហូរទឹកស្អុយ និងទឹក​ភ្លៀង។

​នៅ​ថ្ងៃនេះ ក្រសួងបាន​បើ​ការ​ដ្ឋាន​ជួសជុសផ្លូវចំនួន២ខ្សែនៅក្នុងក្រុងសៀមរាប ដែល​ក្នុងនោះមានខ្សែទី១ មាន​ប្រវែង៤៦០០ម៉ែត្រ ចេញពីផ្លូវក្រវាត់ក្រុងកែងជន្លង់តាមបណ្តោយ ផ្លូវជាស៊ីមស្ថិត នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ទៅដល់ផ្លូវ២៦៥s ស្ថិតនៅក្នុងឃុំ កណ្តែក ស្រុកប្រាសាទបាគង ដោយពង្រីកផ្លូវនេះឱ្យបានទទឹង១៥ម៉ែត្រ។ ខ្សែទី២គឺការជួស ជុលផ្លូវក្រវាត់ក្រុង ប្រវែង២២៣០ម៉ែត្រ ចាប់ពីស្តុបចុងកៅស៊ូមកដល់ផ្លូវជាស៊ីមកែងជន្លង់។

នៅក្នុងពិធីនេះឯកឧត្តម ស៊ុន ចាន់ថុល បានសន្យាថា នឹង​ជួយអភិវឌ្ឍន៍ក្រុងសៀមរាប​ទាំង​ផ្លូវ ទាំងប្រព័ន្ធបង្ហូរទឹកស្អុយ និងទឹក​ភ្លៀង​ឱ្យបានល្អប្រសើរ ប៉ុន្តែការអភិវឌ្ឍទាំង​ត្រូវធ្វើទៅតាមដំណាក់ៗ។ ឯក​ឧត្តម​រដ្ឋ​មន្រ្តី​បានបញ្ជាក់ផងដែរថា ក្រៅពីផ្លូវដែលក្រសួងបាន​ជួសជុលឡើងវិញនេះ អាជ្ញាធរខេត្តសៀមរាប ក៏មាន​គម្រោងចំនួន១០ផ្សេងទៀតដើម្បីជួស ជុលផ្លូវនៅក្នុងក្រុងសៀមរាប​នេះឱ្យបាន​ស្អាតផងដែរ។

ឯក​ឧត្តម ទៀ សីហា អភិបាល​ខេត្តសៀមរាប​ បាន​មាន​ប្រសាសន៍ថា ការបើកការ ដ្ឋានជួសជុលផ្លូវទាំងពីរខ្សែនេះ គឺជា​សមិទ្ធផលថ្មី​មួយ​ទៀត​របស់​ខេត្ត ជូនបងប្អូន​ប្រជាពលរដ្ឋ​ខេត្ត​​សៀមរាប​​ទាំង​មូល លើការ​អភិ​វ​ឌ្ឍ​ក្នុង​វិស័យ​ហេដ្ឋា​រចនាសម្ព័ន្ធ នានាក្នុងខេត្ត ដែលផ្លូវនេះ នឹង​​បានចូល​រួមចំណែក​យ៉ាង​សំខា​ន់ ក្នុងកាត់បន្ថយការ​លំបាក​របស់​ប្រជាពលរដ្ឋ មិនត្រឹមតែជួយ​សម្រួល​ដល់ការ​កក​ស្ទះ​ចរាចរណ៍ ការធ្វើដំណើរ និងការដឹកជញ្ជូន​ផ្សេងៗ​ ប៉ុណ្ណោះ​ទេ ថែមទាំងបាន​​​ដើរ​តួយ៉ាង​សំខាន់​​ក្នុងកិច្ចការងារ​សន្តិសុខ សណ្តាប់​​ធ្នាប់​​​សាធារណៈ និងសុខុមាលភាពសង្គម​ទៀត​​ផ​ង​ដែរ កត្តានេះនឹង​​​រួម​ចំណែក​​លើក​កម្ពស់​ជីវភាព​​​រស់នៅ និងកាត់​បន្ថយ​​ភា​ព​​ក្រីក្រ​របស់​ប្រជា​ពល​រដ្ឋ​ ដែលរស់នៅ​ក្នុង ក្រុងសៀមរាប បានមួយ​កម្រិ​ត​​ថែមទៀត៕

ដោយ ឃុត សៅ